កាលពីអំឡុងឆ្នាំ២០២២និង២០២៣ការប្រាក់សន្សំនៅធនាគារបានហក់ឡើងខ្ពស់ក្នុងប្រវត្តិសាស្រ្តពោលគឺធនាគារខ្លះហ៊ានឲ្យការប្រាក់សន្សំដល់ទៅ៩%ហើយខ្លះអាចដល់១០%ក្នុងមួយឆ្នាំឯនោះ។ យ៉ាងណាមិញយើងសង្កេតឃើញថានៅឆ្នាំ២០២៤នេះការប្រាក់សន្សំនៅធនាគារមួយចំនួនគឺត្រូវបានធនាគារទម្លាក់ឲ្យទាបជាងមុន។
ជុំវិញការប្រាក់សន្សំនៅធនាគារនៅកម្ពុជាទាបជាងមុន លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានមានប្រសាសន៍ប្រាប់ Business Cambodia ថាចំពោះអត្រាការប្រាក់សន្សំនៅធនាគារទាបជាងមុននេះមិនមែនតែនៅកម្ពុជានោះទេ តែនៅទីផ្សារបរទេសក៏ធ្លាក់ចុះដែរ។ ជាក់ស្ដែងនៅសហរដ្ឋអាមេរិកធនាគារកណ្ដាយរបស់អាមេរិកបានសម្រេចទម្លាក់ការប្រាក់ដុល្លារចំនួន០.៥%។
លោកបណ្ឌិតបានបន្តទៀតថាមូលហេតុដែលធនាគារក្នុងស្រុកចាប់ផ្ដើមទម្លាក់ការប្រាក់សន្សំគឺដោយសារតែបច្ចុប្បន្នប្រាក់សន្សំនៅធនាគារគឺច្រើនលើសលប់ដូច្នេះហើយទើបធនាគារធំៗសម្រេចទម្លាក់អត្រការប្រាក់សន្សំនេះ។
លោកបណ្ឌិតក៏បានបញ្ចាក់បន្ថែមផងដែរថាការទម្លាក់ការប្រាក់សន្សំគឺជាវិធានការមួយដែលធ្វើឲ្យសមស្របទៅនឹងតម្រូវការឥណទានពោលគឺតម្រូវការឥណទានមានការធ្លាក់ចុះដូច្នេះធនាគារក៏ចាប់ផ្ដើមទម្លាក់ការប្រាក់សន្សំ។
គួរបញ្ជាក់ផងដែរនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមនុស្សជាច្រើនបានយកលុយទៅដាក់សន្សំនៅធនាគារជាជាងយកទៅរកស៊ីឬវិនិយោគនេះក៏ព្រោះតែវិបត្តិសេដ្ឋកិច្ចដែលមនុស្សខ្លាចហានិភ័យពេលសម្រាប់ការរកស៊ីនិងវិនិយោគ។ ដូច្នេះមនុស្សមួយចំនួនក៏សម្រេចចិត្តដាក់លុយនៅធនាគារព្រោះគិតថាមានសុវត្ថិភាពហើយទទួលបានការប្រាក់ខ្លះមកវិញផងដែរ៕