ធ្លាប់ជាអតីតបុគ្គលិកធ្វើការ៨ម៉ោងក្នុងមួយថ្ងៃដូចគេដែរ ប៉ុន្តែជាអកុសលនាគ្រាមួយអ្នកនាង Jannese Torres-Rodriguez បានបាត់បង់ការងារដោយមិនបានព្រាងទុកជាមុន។ ប៉ុន្តែអ្វីដែលជាសំណាងល្អរបស់អ្នកនាង គឺគាត់បានឆ្លៀតចាប់ផ្ដើមការងារក្រៅម៉ោងតាំងពីឆ្នាំ ២០១៣ ដោយឆ្លៀតយកពេលទំនេររបស់គាត់មកបង្កើតប្លុកទាក់ទងនឹងម្ហូបអាហារឈ្មោះថា Delish D'Lites ដែលមានអ្នកចូលតាមដានជាប្រចាំខែ ៣០ម៉ឺននាក់។ ក្រៅពីនោះ អ្នកនាងក៏មានបង្កើតជា podcast សំឡេងផងដែរ។ ការចាប់ផ្ដើមរបស់អ្នកនាង បានធ្វើឱ្យគាត់អាចរកចំនូលអកម្មជាមធ្យម ១ម៉ឺនដុល្លារក្នុងមួយខែ ហើយលោកស្រីនឹងក្លាយជាសេដ្ឋិនីទ្រព្យលានដុល្លារដំបូងគេបង្អស់ក្នុងគ្រួសារផងដែរ។
អ្វីដែលពិសេស អ្នកនាងក៏បានចែករំលែកនូវអាថ៌កំបាំងទាំង ៤ ដែលជួយឱ្យអ្នកនាងអាចរកចំណូលខ្ទង់ម៉ឺនដុល្លារក្នុង១ខែផងដែរ៖
១. តើអ្វីដែលអ្នកពូកែ?
ប្រសិនបើអ្នកចង់រកចំណូលបន្ថែមពីអាជីពបច្ចុប្បន្ន អ្នកត្រូវក្រឡេកមើលចំណេះ ជំនាញ ឬក៏សមត្ថភាព ចំណង់ចំណូលចិត្តរបស់ខ្លួនឯងថា តើអ្នកពូកែខាងអ្វី? បន្ទាប់ពីរកឃើញហើយ អ្នកអាចច្នៃអ្វីដែលអ្នកចេះទៅជាប្រាក់ចំណូលបាន។ ជាក់ស្ដែងដោយសារតែអ្នកនាងចូលចិត្ត និងពូកែខាងធ្វើម្ហូប ទើបជាហេតុនាំឱ្យអ្នកនាងសម្រេចចិត្តបង្កើត Blog ដែលនិយាយអំពីម្ហូបឡើង។
២. តើអ្នកត្រូវការពេលវេលា និងប្រាក់ប៉ុណ្ណាដើម្បីវិនិយោគលើវា?
តិចឬច្រើន អ្នកប្រាកដជាមិនអាចជៀសផុតពីការចំណាយនូវពេលវេលា និងប្រាក់មួយចំនួននោះទេប្រសិនបើអ្នកចង់ចាប់ផ្ដើមរកប្រាក់ចំណូលបន្ថែម។ ដូច្នេះអ្នកត្រូវគិតលម្អិតទៅលើចំណុចទាំង ២ ហើយចាប់ផ្ដើមពីអ្វីដែលអ្នកអាចធ្វើបាន និងធនធានដែលអ្នកកំពុងមាន។
៣. តើអ្នកមានគោលដៅហិរញ្ញវត្ថុទំហំប៉ុណ្ណា?
ជំហានទី៣នេះ អ្នកត្រូវកំណត់ឱ្យច្បាស់ថាអ្នកមានគោលដៅហិរញ្ញវត្ថុទំហំប៉ុណ្ណា ដើម្បីឱ្យអ្នកអាចមានភាពងាយស្រួលក្នុងការជ្រើសរើសការងារ និងកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់អ្នកប៉ុន្មាន ដើម្បីអាចសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកបានកាន់តែឆាប់កាន់តែល្អ។
៤. តើឧបករណ៍សំខាន់ៗអ្វីខ្លះ ដែលអ្នកត្រូវប្រើដើម្បីអាចសម្រេចជោគជ័យ?
នៅពេលដែលអ្នកចាប់ផ្ដើមស្វែងរកចំណូលប្រភពក្រៅ វាស្រដៀងនឹងការចេញរកស៊ីដែរ ពោលគឺអ្នកត្រូវកំណត់ឱ្យបានច្បាស់ថា តើអ្នកត្រូវការឧបករណ៍សំខាន់ៗអ្វីខ្លះដើម្បីលក់ផលិតផល ឬសេវាកម្ម ឬផ្សព្វផ្សាយឱ្យទៅដល់អតិថិជនគោលដៅរបស់អ្នក៕
តាមដានគំនិតល្អៗ ប្រចាំថ្ងៃជាច្រើននៅក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ https://t.me/LongVathanak777