អាយុ៧២ឆ្នាំ ចូលកាន់តំណែង! នេះជាប្រវត្តិ ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ី ដែលចូលកាន់តំណែងថ្ងៃនេះ
Ping Chou EngOCTOBER 20 202446 views

នៅថ្ងៃទី២០ ខែតុលានេះ លោក Prabowo Subianto បានធ្វើពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃប្រទេសឥណ្ឌូនេស៉ីជាផ្លូវការ​ ក្រោមការសាទរពីប្រមុខរដ្ឋនិងប្រតិភូបរទេសជាច្រើន។

 

ទន្ទឹមនឹងនេះដែរ ងាកមកស្គាល់អំពីប្រវត្តិរបស់លោក ដែលបានចូលកាន់តំណែងជា ប្រធានាធិបតីទី៨របស់ប្រទេសឥណ្ឌូនេស៊ីក្នុងអាយុ៧២ឆ្នាំ ក្រោយលោក ធ្លាប់ចាញ់ឆ្នោតពីរលើករួចមកហើយ ក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

 

 

Jokowi and Prabowo   1831274 0

(រូបថតរាប់ពីខាងឆ្វេង៖ លោកប្រធានធិបតី Prabowo Subianto និងនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ីលោក Joko Widodo)

 

 

លោក Prabowo Subianto បានកើតនៅ រដ្ឋធានីហ្សាការតា ក្នុងថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១។ លោកជាកូនទី៣ ក្នុងចំណោមកូន៤នាក់ក្នុងត្រកូលស្តុកស្តម្ភនិងមានឥទ្ធិពលបំផុតមួយក្នុងប្រទេស។

 

ដោយបានចំណាយពេលភាគច្រើននៃកុមារភាពរបស់ខ្លួននៅឯបរទេស ជាហេតុធ្វើឲ្យលោក Prabowo អាចនិយាយបាន៤ភាសា ដូចជាភាសាបារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់បានយ៉ាងស្ទាត់ជំនាញ។

 

នៅវ័យកម្លោះលោកក៏បានចូលបម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) មួយរយៈពេលខ្លី ក្រោយបញ្ចប់ការសិក្សាពីសាលាយោធា Armed Forces Academy (AKABRI) ក្នុងឆ្នាំ១៩៧៤ និងបានបង្កើតគ្រួសារដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Siti Hediati Hariyadi ក្នុងឆ្នាំ១៩៨៣។

 

ក្នុងឆ្នាំ១៩៩៨ លោកបានកាន់តំណែងជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី និងជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូណេស៊ី ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។

 

លោកធ្លាប់រស់នៅនិងនិរទេសខ្លួនក្នុងប្រទេសហ្ស៊កដានី ហើយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន Nusantara Energy ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមានឈ្មោះថា Nusantara Group រកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្មនិងនេសាទ។

 

គិតត្រឹមដើមឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតី ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រមាណ១៦០លានដុល្លារ នេះបើយោងតាមទិន្នន័យផ្សាយចេញរបស់ ទីភ្នាក់ងារសារព័ត៌មាន SMH។

 

គួរជម្រាបផងដែរថា Prabowo Subianto បានក្លាយជាប្រធានាធិបតីទី៨របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីការឈ្នះវ៉ាផ្តាច់គូប្រជែង​ លើការបោះឆ្នោតជុំទី១កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ និងបានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ៕

 

Images (3)

463592142 543619945137178 4281903046301234644 N

 

 

អត្ថបទដោយ៖ ​ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia