បច្ចុប្បន្នមានគម្រោងមិនតិចនោះទេដែលស្ថិតនៅក្នុងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ក្នុងនោះយើងឃើញថា មានគម្រោងធំ ២ ដែលប្រជាពលរដ្ឋគ្រប់គ្នា ពិសេសពលរដ្ឋដែលធ្វើដំណើរនៅតំបន់នោះទន្ទឹងចង់បាននោះគឺ ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ឬស្ពានមិត្ដភាពកម្ពុជា-កូរ៉េ និងកំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីកំពតទៅវាលរេញ។
យ៉ាងតាមការបញ្ជាក់ពីរាជារដ្ឋាភិបាល គម្រោងទាំង ២ នេះត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ហើយត្រៀមនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
១. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ
គម្រោងស្ពានដ៏សំខាន់មួយនេះ ត្រូវសិក្សាសម្រាប់ការសាងសង់រួចរាល់ហើយ ហើយក៏បានកំណត់ទីតាំងសម្រាប់ការសាងសង់ថែមទៀតផង។ ដោយគម្រោងនេះនឹងត្រូវចាប់ផ្ដើមពីតំបន់ផ្សាររាត្រីឆ្លងកាត់ទន្លេសាប តភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅតំបន់អរិយក្សត្រ។
ជាមួយគ្នានេះដែរ កាលពីចុងឆ្នាំ២០២២ ប្រទេសកូរ៉េក៏ទើបនឹងចុះហត្ថលេខាលើប្រាក់កម្ចីសរុបជិត ២៥០ លានដុល្លារសម្រាប់ការសាងសង់ស្ពានមួយនេះផងដែរ។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានដ៏សំខាន់មួយនេះនឹងបើកការដ្ឋានសាងសង់នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ។
សូមជម្រាបថា គម្រោងស្ពានមិត្ដកម្ពុជា-កូរ៉េនេះ ជាប្រភេទស្ពាននឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។
២. កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ
កំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ មានប្រវែងសរុប ៥៤ គីឡូម៉ែត្រក្នុងនោះកំណាត់ផ្លូវប្រវែង ២០ គីឡូម៉ែត្រគឺតែងតែទទួលរងនូវការខូចខាតជាប្រចាំ នាំឲ្យពិបាកក្នុងការធ្វើដំណើរ។ បញ្ហាខូចខាតនេះកើតឡើងដោយសារតែសណ្ឋានដីនៅផ្លូវនេះផ្នែកខាងក្រោមគឺមានដីស្អុយឬដីភក់ ដូច្នេះតម្រូវឲ្យមានការសាងសង់បុកគ្រឹះចុះទៅក្រោមជាង ១០ ម៉ែត្រទើបការសាងសង់ផ្លូវនេះមានភាពរឹងមាំបាន។
តាមការសិក្សាកន្លងមក កំណាត់ផ្លូវ២០គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំនេះត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ
យ៉ាងតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវនេះនឹងត្រៀមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ ដោយការសាងសង់នេះនឹងអនុវត្ដទៅតាមស្ដង់ដារបច្ចេកទេស ដើម្បីរក្សានូវភាពរឹងមាំបានយូរ៕