ចិត្តវិទ្យា៖ ពេលអ្នកនៅឆ្ងាយ ទូរស័ព្ទរយៈពេល៧២ម៉ោង រឿងទាំង៣យ៉ាងនេះ កើតឡើងមិនគួរឱ្យជឿ
Ping Chou EngJULY 11 20251.3 K views

ទូរស័ព្ទនិងឧបករណ៍បច្ចេកវិទ្យា បានក្លាយទៅជារបស់ ដែលមិនអាចខ្វះបានក្នុងជីវិតសម័យទំនើបនេះ។ អ្នកខ្លះប្រើដើម្បីរកស៊ី ដើម្បីរៀន និងដើម្បីកម្សាន្តជាដើម ប៉ុន្តែដោយហេតុផលខ្លះ មនុស្សបានប្រើប្រាស់ទូរស័ព្ទសឹង២៤ម៉ោងក្នុង១ថ្ងៃ ដើម្បីគោលបំណងខុសៗគ្នា ឥតឈប់ឈរ រហូតក្លាយជាទម្លាប់បំផ្លាញខ្លួនដោយប្រយោល។

ទោះបីជាទូរស័ព្ទនិងឧបករណ៍បច្ចេកវិទ្យាផ្សេងៗមានប្រយោជន៍ច្រើនយ៉ាងក្តីប៉ុន្តែវាក៏មាន ផលប៉ះពាល់សក្តានុពលលើសុខុមាលភាព និងមុខងារខួរក្បាលរបស់យើងផងដែរ។

បើផ្អែកតាមការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Heidelberg និងសាកលវិទ្យាល័យ Cologne ក្នុងប្រទេសអាឡឺម៉ង់ បានឱ្យដឹងថាបើមនុស្សដែលអាចដកឃ្លានៅឆ្ងាយពីទូរស័ព្ទបានរយៈពេល៧២ម៉ោង ឬស្មើនឹងរយៈពេល៣ថ្ងៃនោះ សមត្ថភាពខួរក្បាលរបស់ពួកគេនឹងខ្លាំងជាងធម្មតា លើរឿង៣យ៉ាងដូចខាងក្រោមនេះ៖

. ផ្តាច់ការញៀនបានក្នុងប្រទេសអាឡឺម៉ង់គេបានស្រាវជ្រាវពាក់ព័ន្ធនឹងមនុស្សវ័យជំទង់២៥នាក់ដែលមានអាយុពី១៨ទៅ៣០ឆ្នាំ។ អ្នកចូលរួមការស្រាវជ្រាវត្រូវបាន កំណត់លើការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេរយៈពេល៧២ម៉ោង ដោយអនុញ្ញាតឱ្យប្រើតែពេលមានទំនាក់ទំនងនិងការងារសំខាន់ៗតែប៉ុណ្ណោះ។

អ្នកចូលរួមត្រូវបានគេធ្វើការស្កេន MRI និងការធ្វើតេស្តផ្លូវចិត្ត ដើម្បីសង្កេតមើលពីរបៀបដែលការកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដែលនឹងប៉ះពាល់ដល់គំរូខួរក្បាលរបស់ពួកគេ។ លទ្ធផល​បាន​បង្ហាញ​ថាខួរក្បាលបាន ​ផ្លាស់ប្តូរ​សកម្មភាព ​លើគំរូ​ប្រព័ន្ធ​បញ្ជូន​សរសៃប្រសាទ​ ដែលវាបានរលុបអរម៉ូនចំណង់​​ញៀនរ​បស់​មនុស្សទៅលើទូរស័ព្ទបាន។ 

. គេងលក់ស្កប់ស្កល់៖ តើអ្នកធ្លាប់យល់សុបិនច្រើនទេក្នុងមួយយប់ៗ?​ ការកាត់បន្ថយឬដកឃ្លាពីអេក្រង់ ជាពិសេសមុនពេលចូលគេង អាចធ្វើអោយគុណភាពនៃការគេងប្រសើរឡើងវិញ កាត់បន្ថយការប៉ះពាល់នឹងពន្លឺពណ៌ខៀវ ដែលធ្វើឱ្យមានការរំញោចផ្លូវចិត្តនិងខួរក្បាល មកពីការប្រើប្រាស់ទូរស័ព្ទជាប្រចាំ ជាហេតុធ្វើឱ្យអ្នកយល់សុបិនច្រើន គេងមិនបានស្កប់ស្កល់នោះ។

. មានការផ្តោតអារម្មណ៍ងំ និងអាចបត់បែនគំនិតលឿនជាងធម្មតា៖ ការស្រាវជ្រាវបង្ហាញថា ការសម្រាកពីការប្រើប្រាស់ស្មាតហ្វូនអាចបង្កើនការផ្តោតអារម្មណ៍ និងភាពបត់បែនលើសកម្មភាពនានាបានលឿនជាងធម្មតារបស់មនុស្ស ដែលកន្លងមករងគ្រោះដោយសារការរំខានឥតឈប់ឈរ និងការទាមទារលើការយកចិត្តទុកដាក់ដែលស្មាតហ្វូនមានឥទ្ធិពលទៅលើពួកគេ។ 

ពិតណាស់ការបន្សាបឥទ្ធិពលរបស់ទូរស័ព្ទរយៈពេល៧២ម៉ោង មិនមែនគ្រាន់តែការប្រកួតជាមួយខ្លួនឯងនោះទេ តែវាក៏ជាប៊ូតុងកំណត់ឡើងវិញសម្រាប់មុខងារខួរក្បាលរបស់អ្នក ដើម្បីលុបនិងគេចចេញពីអ្វីដែលយើងមិនចង់ឃើញ ចង់ដឹងចង់លឺផងដែរ​ ខណៈការសម្រាកពីទូរសព្ទពិតជា អាចបង្កើនការផ្តោតអារម្មណ៍ ភាពច្នៃប្រឌិត និងសុខុមាលភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត៕

ដូច្នេះតើអ្នកនឹងអាចផ្តាច់កុំលេងឬប្រើនទូរស័ព្ទស្មាតហ្វូនបានរយៈពេល៧២ម៉ោងដែរឬទេ?

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia