អាយុច្រើនតែមិនទាន់សល់អ្វីជាប់ខ្លួនជាដុំគំភួន បានក្លាយទៅជាបញ្ហាដ៏រសើបមួយ និងជាឬសគល់នៃស្ត្រេសធំបំផុត សម្រាប់មនុស្សសម័យថ្មី។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកត្រូវឈប់ធ្វើជាបន្ទាន់ ប្រសិនបើចង់សល់ទ្រព្យ និងរស់នៅរីករាយ មិនភ័យមុខភ័យក្រោយ៖
១/. ឈប់ធ្វើការគ្មានគោលដៅ៖ មនុស្សគ្មានគោលដៅច្បាស់លាស់កាន់ការងារអ្វីក៏ពិបាកនឹងរីកចម្រើនដែរ ព្រោះខ្វះឆន្ទៈ ខ្វះចំណង់ពីខាងក្នុង។ អ្នកណាៗក៏ធ្វើការដើម្បីទទួលបានប្រាក់ខែ តែទន្ទឹមនឹងនោះអ្នកមិនគួរចំណាយពេលរវល់ត្រុកៗរាល់ថ្ងៃ ប៉ុន្តែគ្មានបានអ្វីក្រៅពីប្រាក់ខែឡើយ។ ក្រៅពីប្រាក់ខែ ការងារដែលអ្នកធ្វើគួរតែផ្សារភ្ជាប់ជាមួយនឹងក្ដីស្រមៃ គោលដៅអនាគតដែលអ្នកប្រាថ្នា បើមិនដូច្នោះទេជីវិតការងាររាល់ថ្ងៃរបស់អ្នកនឹងក្លាយជាការចំណាយពេលវេលាអត់ប្រយោជន៍មិនខាន។
២/. ឈប់បង់រំលស់ខុស៖ សេវាបង់រំលស់ត្រូវបានគេបង្កើតឡើងដើម្បីជួយសម្រាលបន្ទុក ក្នុងការសម្រេចបំណងសំខាន់អ្វីមួយ ដូចជាការទិញរបស់ប្រើប្រាស់ចាំបាច់ដើម្បីយកទៅធ្វើជាមធ្យោបាយបង្កបង្កើនចំណូលបន្ថែម។ បើអ្នកប្រើប្រាស់ការបង់រំលស់ខុសផ្លូវ មានន័យថាអ្នកកំពុងតែយកបំណុលមករឹតកខ្លួនឯងហើយ។
៣/. ឈប់ចាយខុស និងគ្មានកញ្ចប់សន្សំ៖ យកចិត្តទុកដាក់លើការចំណាយ ស្មើនឹងយកចិត្តទុកដាក់លើជីវិត ត្បិតចាយត្រូវកើនទ្រព្យ ចាយខុសកើនបំណុល។ ក្នុងនោះ តាមរបាយការណ៍បានបង្ហាញថា ក្រុមមនុស្ស Gen Z ៥៦% មិនមានកញ្ចប់ប្រាក់សន្សំសម្រាប់ពេលមានអាសន្នឡើយ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាលុយកាក់ អ្នកត្រូវធ្វើខ្លួនឱ្យខុសពីមនុស្សទាំង ៥៦%នោះ ពោលគឺត្រូវចាប់ផ្ដើមសន្សំលុយចាប់ពីពេលនេះ។ មិនបាច់សន្សំច្រើនក៏បាន បើមាន ១០០ដុល្លារ ដកទុកតែ១០ដុល្លារ ទៅបានហើយ។ មាន១០ ដកទុក ១ដុល្លារ ធ្វើបែបនេះជាប្រចាំរហូតដល់ក្លាយជាទម្លាប់។ ហើយលុយសន្សំនោះទៀតសោត កុំចេះតែដកយកប្រើប្រាស់ផ្ដេសផ្ដាស ត្រូវទុកត្រៀមសម្រាប់ការចំណាយចាំបាច់ណាមួយ ដើម្បីចៀសផុតពីការបង្កើតបំណុល។
យ៉ាងណាមិញ ជីវិតរុងរឿង ឬរ៉ោករ៉ាកគឺអាស្រ័យទៅលើទង្វើដែលអ្នកបានសាង។ បើសកម្មភាពអតីតកាល មិនជួយឲ្យអ្នកសល់ទ្រព្យជាប់ខ្លួនទេ ចូរផ្លាស់ប្តូរសកម្មភាពថ្មី ជាពិសេសគឺកាត់ចោលរឿងធំៗ៣ ខាងលើឲ្យបាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook