Hyundai គឺជាក្រុមហ៊ុនលក់រថយន្តដ៏ល្បីមួយរបស់កូរ៉េខាងត្បូង ដែលមានអាយុកាលជិត ៦០ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់លក់រថយន្តក្នុងប្រទេសចំនួនជិត២០០ប្រទេស ជាមួយនឹងអាគាតាំងបង្ហាញសរុបជាង ៥០០០កន្លែងនៅជុំវិញពិភពលោក។ ដោយក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនអាចរកប្រាក់ចំណូលបានប្រហែល ១២១,៧ ពាន់លានដុល្លារ។ តើអ្វីទៅដែលធ្វើឱ្យម៉ាក់លំដាប់ពិភពលោកនេះ ឈរជើងបានយូរ និងលក់ដាច់ខ្លាំងបែបនេះ?
ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហើបនៅក្បួនធ្វើទីផ្សារមួយក្បាច់ ក្នុងចំណោមក្បួនធំៗជាច្រើនរបស់ម៉ាកយីហោមួយនេះ ដែលធ្វើឱ្យមានការផ្ទុះចំណាប់អារម្មណ៍ខ្លាំងទៅកាន់មនុស្សជំុវិញពិភពលោក ដែលស្នៀតមួយនោះគឺ ការផ្សាយពាណិជ្ជកម្ម ពីលក្ខណៈអស្ចារ្យ ដែលមនុស្សនឹកស្មានមិនដល់។
ជាការពិតណាស់ ជារៀងរាល់ពេលចេញម៉ូដែលថ្មីម្តងៗ Hyundai តែងគិតយ៉ាងម៉ត់ចត់អំពីការផ្សព្វផ្សាយដើម្បីឱ្យរថយន្តរបស់ខ្លួនមានអ្នកស្គាល់ និងចងចាំច្រើន។ ជាក់ស្តែងកាលពីពេលកន្លងនេះ ក្រុមហ៊ុន Hyundai បានធ្វើ ផ្សព្វផ្សាយពាណិជ្ជកម្មដោយប្រើប្រាស់ខ្មោចជាគោលដៅយុទ្ធនាការទីផ្សារខ្លួន ដែលមានចំណងជើងថា"Hyundai i20 Ghost Ad" ។
ការផ្សាយពាណិជ្ជកម្មបានបង្ហាញនូវសកម្មភាពបុរសម្នាក់កំពុងបើកបររថយន្តហ៊ីយ៉ាន់ដាយថ្មីឆ្លងកាត់ផ្លូវងងឹតមួយ រំពេចនោះខ្មោចបានបង្ហាញខ្លួននៅមុខរថយន្តរបស់គាត់ភ្លាម ដែលធ្វើឱ្យបុរសនោះភ័យសន្លប់ បាត់ស្មារតី។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ក្នុងការផ្សាយពាណិជ្ជកម្មនេះ ទោះបីជាខ្មោចព្យាយាមបន្លាចអ្នកបើកបរក៏ដោយ ទីបំផុតមុខងារស្វ័យប្រវត្តិរបស់រថយន្ត Hyundai i20 អាចដំណើរការបានដោយខ្លួនឯងយ៉ាងមានសុវត្ថិភាព ទោះបីជាគ្មានអ្នកបើកបរក៏ដោយ។
គួរជម្រាបផងដែរថា ការផ្សាយពី "Hyundai i20 Ghost feature" នេះមិនមែនជាលក្ខណៈស្របច្បាប់របស់រថយន្ត Hyundai i20 នោះទេ។ ប៉ុន្តែវាជាយុទ្ធនាការទីផ្សារប្រកបដោយភាពច្នៃប្រឌិតដោយក្រុមហ៊ុន Hyundai សម្រាប់ម៉ូដែល i20 របស់ខ្លួនដើម្បីឱ្យអតិថិជន ងាយស្រួលក្នុងការចងចាំម៉ាកយីហោរបស់ខ្លួន ខណៈវីឌីអូនេះមានអ្នកស៊ែ និងខំមិន យ៉ាងច្រើននៅលើបណ្តាញសង្គម៕