បងប្អូនមួយចំនួនប្រហែលជាមានអារម្មណ៍ថាខ្លួនឯងខំសន្សំសំចៃដែរ មិនចំណាយច្រើន ហើយកាហ្វេក៏មិនផឹកផងប៉ុន្ដែនៅតែមិនឃើញសល់លុយសោះ។ តាមពិតទៅជុំវិញការដែលខំសន្សំសំចៃ មិនសូវចាយតែមិនសល់លុយអាចដោយសារចំណូលតិចហើយតម្រូវការច្រើន។
ដើម្បីធ្វើឲ្យជីវិភាពអ្នកកាន់តែប្រសើរឡើងខណៈ អ្នកខំសន្សំសំចៃ តែមិនសល់លុយ ថ្ងៃនេះ Business Cambodia សូមផ្ដល់ជាយោបល់ខ្លះៗដែលបងប្អូនអាចពិចារណាធ្វើដើម្បីឲ្យសល់លុយច្រើនជាងមុនសម្រាប់បង្អូនដែលជាអ្នកធ្វើការឲ្យគេ។
១. អភិវឌ្ឍន៍ខ្លួននៅកន្លែងធ្វើការ
គេងតែងតែនិយាយថា” ចំណូលរបស់អ្នកបញ្ជាក់ពីសមត្ថភាពដែលអ្នកមាន” ដូច្នេះអ្នកអាចក្រឡេកមកមើលខ្លួនឯងដោយផ្ដើមចេញពីកន្លែងធ្វើការ។ ត្រង់នេះនៅកន្លែងធ្វើការ អ្នកគួរខំប្រឹងប្រែងធ្វើការនិងអភិវឌ្ឍន៍នខ្លួនជាប់ជានិច្ច។ ការខិតខំប្រឹងប្រែងធ្វើការនិងអភិវឌ្ឍន៍នៅកន្លែងធ្វើការ អ្នកនឹងមានឱកាសកើនឡើងប្រាក់ចំណូលតាមរយៈលទ្ធផលការងារដូចជាប្រាក់លើកទឹកចិត្តបន្ថែម ជាពិសេសកាលណាអ្នកមានលទ្ធផលការងារល្អជួយក្រុមហ៊ុនគេរីកចម្រើន អ្នកអាចនឹងទទួលបានតំណែងថ្មីប្រាក់ខែច្រើនជាងមុន ចំណូលកើនជាងមុន។
២. ជ្រើសរើសក្រុមហ៊ុនធ្វើការ
ធ្វើការនៅក្នុងក្រុមហ៊ុនតូចឬធំមិនសំខាន់នោះទេ តែអ្វីដែលសំខាន់ថាតើក្រុមហ៊ុននោះអាចផ្ដល់ឱកាសឲ្យយើងមានឱកាសរីកចម្រើនឬអត់ទើបជារឿងសំខាន់។ ពេលខ្លះអ្នកធ្វើការរាប់ឆ្នាំតែចំណូលអ្នកមិនកើនឡើងអាចដោយសារអ្នកធ្វើការតែមុខតំណែងដដែលៗ។ បើនៅក្រុមហ៊ុនដែលអ្នកធ្វើការមិនបានផ្ដល់ឱកាសរីកចម្រើនចាប់យកឱកាសការងារនិងមុខតំណែងថ្មីៗជាលទ្ធផលគឺចំណូលរបស់អ្នកមិនរីកធំបានឡើយ។ អ៊ីចឹងធ្វើការ អ្នកត្រូវមើលថាតើក្រុមហ៊ុនដែលអ្នកកំពុងធ្វើការនោះអាចផ្ដល់ឱកាសឲ្យអ្នកអភិវឌ្ឍន៍ខ្លួនរីកចម្រើនឬអត់តែបើអត់ទេ អ្នកកុំនៅយូរពេក។
៣. ចាប់ឱកាសការងារថ្មី
ទាក់ទងនឹងការចាប់ឱកាសការងារថ្មីនេះ អ្នកអាចពិចារណាបានបន្ទាប់ពីអ្នកបានខិតខំប្រឹងប្រែងធ្វើការបានលទ្ធផលល្អតែថៅកែមើលមិនឃើញពីលទ្ធផលការងាររបស់អ្នក ហើយមិនផ្ដល់ឱកាសឲ្យអ្នកអភិវឌ្ឍន៍ខ្លួនរីកចម្រើនឈោងឆាប់តំណែងថ្មីគ្រាន់បង្កើនប្រាក់ចំណូល។ ដូច្នេះអ្នកអាចពិចារណាចាកចេញដើម្បីទៅចាប់ឱកាសការងារថ្មីបាន។ ត្រូវចាំថាបើអ្នកជាមនុស្សពូកែ មានសមត្ថភាពនោះមិនខ្វះតែការងារ ហើយការចាប់ឱកាសការងារថ្មីប្រាក់ខែច្រើនជាងមុនធ្វើឲ្យអ្នកកាន់តែសល់លុយច្រើន។
៤. បង្កើនចំណេះជំនាញ
ត្រូវចាំថាចំណេះធ្វើឲ្យអ្នកចំណេញលុយកាន់តែច្រើន ដូច្នេះវិនិយោគលើចំណេះដឹងឲ្យបានច្រើនបើចង់កើនចំណូល។ ការវិនិយោគលើចំណេះដឹងគឺសំដៅដល់ការដុសខាត់ចំណេះឬជំនាញដែលអ្នកមានក្នុងខ្លួនស្រាប់ដើម្បីអ្នកកាន់តែពូកែ ហើយកាលណាយើងកាន់តែពូកខែចំណូលរបស់យើងក៏កើនតាមហ្នឹង។ ឧទាហរណ៍ នៅក្នុងសង្គមការងារ អ្នកចេះភាសាអង់គ្លេសតែចេះតិចតួច។ ត្រង់នេអ្នកអាចមានឱកាសត្រូវបានគេដំឡើងតំណែងប៉ុន្ដែដោយសារអ្នកមិនសូវចេះភាសាអង់គ្លេស អ្នកអាចបាត់បងឱកាសនេះក៏ថាបាន។
ក្រៅពង្រឹកលើជំនាញដែលមានស្រាប់ អ្នកអាចឆ្លៀតរៀនបន្ថែមជំនាញថ្មីៗ ព្រោះបើពឹងតែលើប្រាក់ខែចំណូលអ្នកមិនងាយបានច្រើនទេ។ បច្ចុប្បន្នគឺលុយនៅលើមេឃ អ៊ីចឹងបើអ្នកមានជំនាញ អ្នកអាចរកលុយតាមអនឡាញបាន។ ឧទាហរណ៍ បើអ្នកចូលចិត្តបញ្ជារទិញទំនិញពីចិនបានតម្លៃធូរ អ្នកអាចច្នៃការចូលចិត្តនេះបង្កើតជាប្រាក់ចំណូលបាន។ ត្រង់នេះ អ្នកអាចបញ្ជាទិញទំនិញពីចិន ហើយបង្កើតហាងលក់អនឡាញតាមបណ្ដាញសង្គមនោះអ្នកអាចនឹងរកផ្លូវបង្កើតចំណូលថ្មី មុខរបរថ្មីសម្រាប់ខ្លួនឯងបាន។
សរុបមកអ្វីដែលបានរៀបរាប់ខាងលើគឺជាគំនិតខ្លះៗ សម្រាប់បងប្អូនដែលសន្សំសំចៃតែមិនសល់លុយ អាចគិតពិចារណាធ្វើនោះចំណូលអ្នកនឹងកើនជាងមុន ហើយគួបផ្សំនឹងអ្នកចេះសន្សំសំចៃទៀតនោះ អ្នកនឹងសល់លុយកាន់តែច្រើន៕