នៅពេលដែលមនុស្សគ្មានគោលដៅគឺប្រៀបដូចជានាវាចរលើសមុទ្រទាំងតែលតោលរកកោះត្រើយមិនឃើញ។ ដោយឡែកមនុស្សដែលមានគោលដៅធំពេក ហើយគ្មានផែនការច្បាស់លាស់វាកាន់តែហត់នឿយ ដូច្នេះហើយដើម្បីឱ្យមានភាពស្មើគ្នា គួររតែផ្តោតលើគោលដៅតូចៗ ប៉ុន្តែអាចបានលទ្ធផលផ្លាស់ប្តូរជីវិតយើងស្ទើរតែទាំងស្រុង។
លោក Iman Gadzhi ក្លាយជាសេដ្ឋីក្មេងល្ហក់មានលុយរាប់លានចាប់តាំងពីលោកនៅវ័យជំទង់ម្ល៉េះ ព្រោះលោកអាចប្រើស្នៀតបង្វឹកខួរក្បាល១ តាំងពីនៅក្មេង គឺទស្សនវិជ្ជា១ ដែលលោកជឿថា អ្វីដែលលោកបានផ្តល់ឱ្យ ធ្វើវារាល់ថ្ងៃទៅលើរឿងជុំវិញខ្លួននោះ គឺលោកជឿជាក់ថាវានឹងទទួលលទ្ធផល ត្រឡប់មកវិញ ហើយឱ្យប្រាកដក្នុងចិត្តថាសកម្មភាពទាំងនោះអាចនាំ ជីវិតទៅរកភាពរីកចម្រើន។
យុវកម្លោះជនជាតិអាមេរិករូបនេះ បានចាប់ផ្តើមធ្វើយូធូបដំបូងចាប់តាំងពីគាត់មានអាយុ១៧ឆ្នាំម្ល៉េះ ត្រឹម១ឆ្នាំ ហើយលោកអាចរកប្រាក់ចំណូលប្រចាំខែជាង ១៥០០០$ ក្នុង១ខែ តាមរយៈការធ្វើយូធូប ធ្វើពាណិជ្ជកម្មនិងលក់វគ្គសិក្សា ។ មិនដល់ជាង២ឆ្នាំផង គាត់អាចរកចំណូលបាន១០ម៉ឺន$ ក្នុង១ខែ រហូតបច្ចុប្បន្នលោកអាចសល់ទ្រព្យសម្បត្តិ ២លានដុល្លារ ត្រឹមវ័យ២២ឆ្នាំ និងមានក្រុមហ៊ុន Software ដ៏ធំមួយទៀតផង។
យ៉ាងណាមិញលោកក៏ធ្លាប់បានលើកឡើងថា “មនុស្សជាច្រើនគិតថាពួកគេមិនអាចក្លាយទៅជាមហាសេដ្ឋីនោះទេ ព្រោះពួកគេខ្វះចំណេះដឹង ពិបាកយល់ និងកម្លាំងចិត្ត ការជួយជ្រោមជ្រែង ទើបពួកគេមិនអាចក្លាយខ្លួនទៅជាអ្នកមានបាន ប៉ុន្តែពួកគេភ្លេចថាពួកគេខ្វះតែម្យ៉ាងប៉ុណ្ណោះគឺការផ្តោត ដើម្បីរៀនពីភាពខ្វះខាតអស់ទាំងនោះ”៕
អត្ថបទដោយ៖ ពីង ជូអេង