កាលពីថ្មីៗនេះ ធនាគារ ABA បានប្រកាសថា សម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេស សូមបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួន ពីល្បិចលួចទិន្នន័យតាមចរន្តអគ្គិសនី (Juice Jacking)។ ដូច្នេះ សូមចៀសវាង ឬកុំសាកថ្មទូរស័ព្ទ តាមខ្សែសាកប្រភេទ USB ដែលគេដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ — មិនថាខ្សែសាកនោះ ស្ថិតនៅតាមព្រលានយន្តហោះ នៅសណ្ឋាគារ ឬទីសាធារណៈឡើយ។
ចំពោះមូលហេតុដែលនាំឱ្យ គេអាចលួចទិន្នន័យរបស់អ្នកបាន ដោយសារតែការសាកប្រភេទ USB តាមសាធារៈនោះ ព្រោះក្រុមជនល្មើសបច្ចេកវិទ្យា អាចភ្ជាប់ឧបករណ៍របស់ពួកគេជាមួយ USB ទាំងនោះ ឬធ្វើការក្លែងបន្លំ USB ដើម្បីចាំលួចទិន្នន័យរបស់អ្នក ឬចម្លងមេរោគចូលទៅក្នុងទូរស័ព្ទរបស់អ្នក ពេលអ្នកភ្ជាប់ទូរស័ព្ទទៅនឹងឧបករណ៍សាកថ្មទាំងនោះ – សកម្មភាពល្មើសបែបនេះ ត្រូវបានគេស្គាល់ថាជា ល្បិចលួចទិន្នន័យតាមចរន្តអគ្គិសនី (Juice Jacking)។
ជាមួយគ្នានោះដែរ វិធីការពារពីល្បិចលួចទិន្នន័យតាមចរន្តអគ្គិសនី (Juice Jacking)៖
១. ប្រើថ្មសាកចល័តផ្ទាល់ខ្លួន (Power bank) ឬ
២. ប្រើខ្សែ USB ដែលមានសមត្ថភាពបិទមុខងារចម្លងទិន្នន័យ ឬប្រើខ្សែដែលសម្រាប់តែថ្មមួយគត់ (មិនអនុញ្ញាតឲ្យផ្ទេរទិន្នន័យបាន)។
ដូច្នេះហើយ សូមបងប្អូនអាចទុកការចែករំលែកខាងលើនេះទុកជាចំណេះដឹង ដើម្បីការពារខ្លួនកុំឱ្យមានករណីឆបោកតាមប្រព័ន្ធអនឡាញផងដែរ៕