នេះជាដំណឹងដ៏រីករាយមួយ សម្រាប់អ្នកចូលចិត្តញ៉ាំផ្លែឈើស្រស់ៗដែលបេះពីដើមផ្ទាល់ ខណៈនាពេលនេះមានចំការផ្លែឈើមួយកន្លែងដែលស្ថិតនៅខេត្តកំពង់ចាម បានប្រកាសបើកជាលក្ខណៈប៊ូហ្វេ ដោយចាយត្រឹមតែ១ម៉ឺនរៀលក្នុងម្នាក់អាចញ៉ាំដោយសេរីបាន។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ថន ចាន់ធឿន ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ចំការ ចំការតាថន បានឱ្យដឹងថា ចំការរបស់លោកនឹងបើកទទួលឱ្យភ្ញៀវចូលទស្សនា និងញ៉ាំប៊ូហ្វេផ្លែឈើចាប់ពីថ្ងៃនេះតទៅ ដោយក្នុងម្នាក់ត្រូវចំណាយអស់ ១ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែអាចញ៉ាំផ្លែសាវម៉ាវបានដោយសេរីហើយសម្រាប់អ្នកដែលចូលលេងចង់ទិញយកទៅផ្ទះក៏មានតម្លៃពិសេសជូនថែមទៀតផង ខណៈក្មេងៗតូចៗពុំមានការគិតថវិកាឡើយ។
ចំពោះលក្ខខណ្ឌក្នុងការហូបប៊ូសហ្វេសាវម៉ៅនេះវិញ លោកបានលើកទ្បើងថា គឺលោកមិនកំណត់ម៉ោងសម្រាប់អ្នកមកញ៉ាំនៅចម្ការផ្ទាល់នោះទេ ពោលគឺគាត់អាចញ៉ាំពីព្រឹករហូតដល់ល្ងាចបាន។ សម្រាប់ចំណុចពិសេសរបស់សាវម៉ៅរបស់លោកវិញ គឺជាប្រភេទសាច់ស្រួយដែលវាមានរសជាតិផ្អែមឆ្ងាញ់ខ្លាំងណាស់។
គួរជម្រាបផងដែរថា ចំការសាវម៉ៅរបស់គឺមានអាយុកាលជាង ៣០ឆ្នាំហើយដែលមានទីតាំងស្ថិតនៅ ភូមិតាប៉ុម ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាមហើយបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 011666094 ឬហ្វេសប៊ុកផ្លូវការផ្ទាល់មានឈ្មោះថា ៖ ចំការតាថន៕