មិនងាយខាត! លោក ឈាវ ហុង បង្ហើបគន្លឹះធ្វើកសិកម្មចម្រុះអាចរកចំណូលបាន៥ម៉ឺន$ ក្នុង១ឆ្នាំ
Srey NuthDECEMBER 20 2023348 views

បើនិយាយពីផ្ទៃដីនៅប្រទេសកម្ពុជាយើងមានច្រើនដែលទុកទំនេរចោល ជាពិសេសដីនៅតាមបណ្តាលខេត្ត ព្រោះក្រៅពីការដាំដុះស្រូវទៅតាមរដូវកាលនីមួយៗរួចប្រជាកសិករក៏មិនបានច្នៃដីនោះទៅធ្វើអ្វីបន្តដែរ ហើយក៏មានដីចំការខ្លះត្រូវបានគេទុកឱ្យដុះស្មៅចោលដោយមិនបានឆ្កឹះចំណូលពីដីទាំងនោះដែរ។ ប៉ុន្តែប្រក្រឡេកមកមើលកសិកររូបនេះវិញច្នៃដី៩ ហិកតា អាចដាំបន្ថែចម្រុះ ចិញ្ចឹមត្រីនិងមាន់ រកចំណូល៤០០ទៅ៤២០ លានរៀលនៅក្នុងមួយឆ្នាំ ផ្គត់ផ្គង់ទូទាំងខេត្តសៀមរាប។

 

280152089 518414766679104 5846637481247993354 N

 

ថ្លៃប្រាប់Business Cambodia លោក ឈាវ ហុង ជាម្ចាស់កសិដ្ឋាន​ HONGECO FARM បានឲ្យដឹងថា​ នៅក្នុងទំហំដី៩ ហិកតា ខ្ញុំបែងចែកដី ៣ ដំណាក់កាល ដោយ៣ហិកតាខ្ញុំដាំ ពួជស្រូវផ្ការរំដួល ៦ ហិកតាគឺជាទីតាំងដាំបន្លែ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី។ លោកបានបន្តថា ការធ្វើកសិកម្មចម្រុះគឺជារឿង មួយដែលល្អចំពោះ ប្រជាកសិករ ព្រោះកសិករមិនបាច់ចំណាយលើវត្ថុធាតុដើម បើកាលណា ដាំដំណាំតែមួយមុខ គឺយើងត្រូវចំណាយលើការទិញជី។

 

ដោយឡែកចំពោះកសិដ្ឋានរបស់លោកវិញ មិនចាំបាច់ចំណាយច្រើនទៅលើការប្រើប្រាស់ជី ដោយលោកអាចយកកាកសំណល់ពី ការចិញ្ចឹមមាន់ ក៏ដូចជាទឹកចិញ្ចឹមត្រីទៅផ្គត់ផ្គង់ បន្លែរបស់លោក ការដែលធ្វើបែបនេះគឺអាចកាត់បន្ថយចំណាយបានមួយចំណែក។

 

លោកពូវ័យ ៦៣ ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះគាត់មានផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន៦ដែលអាចផ្គត់ផ្គង់បន្លែជាប្រចាំទៅកាន់ភោជនីយដ្ឋានចំនួន ៦នៅទីរួមខេត្តសៀមរាប និងផ្គត់ផ្គង់បន្លែបានមួយចំនួនផ្សេងទៀតនៅផ្សារក្នុងតំបន់ផងដែរ។ ចំពោះដំណាំចម្រុះ និងសត្វ លោក ឈាវ ហុង បានលើកឡើងថា មិនចេះខ្វះទីផ្សារ និងមិនពិបាកលក់ឡើយ មានប៉ុន្មានក៏មិនចេះសល់ដែរ។

 

ទន្ទឹមនឹងភាពជោគជ័យ ក្នុងវិស័យកសិកម្មបែបនេះ លោក ពូ ឈាវ ហុង បានបង្ហើបនៅគន្លឹះចំនួន ៥ ចំណុចដើម្បីជោគជ័យលើរបរកសិកម្ម៖

 

១. ការតាំងចិត្ត និងមហិចតា ៖ បើយើងតាំងចិត្តធ្វើកសិកម្ម ឬដាំដំណាំហើយត្រូវលូកឱ្យដល់ ខំឱ្យខ្លាំងកុំចុះចាញ់ពេលបរាជ័យ (ទុកបរាជ័យជាបទពិសោធន៍) តាំងចិត្តត្រូវធ្វើឱ្យជោគជ័យ ធ្វើឱ្យខ្លាំង ។

 

២. រៀនដាំឱ្យចេះ ៖ យើងត្រូវចេះក្នុងការដាំដុះ ត្រូវរៀនបច្ចេកទេសឱ្យចេះស្ទាត់ ឱ្យច្បាស់លាស់ កុំធ្វើលេងៗ (ហើយបច្ចេកទេសយើងរៀននៅពេលដែលយើងធ្វើ និងរៀនពីអ្នកដែលមានជំនាញផ្សេងៗ) ។

 

៣. យើងត្រូវដឹងពីអាយុកាលរបស់ដំណំានីមួយៗឱ្យបានច្បាស់ ដើម្បីងាយស្រួលតម្រូវតាមទីផ្សារ ត្រូវតាមពេលវេលា មិនយឺតពេក មិនលឿនពេក ដែលជាហេតុធ្វើឱ្យដំណាំចុះថោក ។

 

៤. តម្រូវការនៅលើទីផ្សារ ៖ ត្រង់ចំណុចនេះលោកពូលើកឡើងថា បើចង់ឱ្យដំណាំខ្លួនមានតម្លៃថ្លៃ យើងត្រូវចេះមើលពីទីផ្សារ ដូចជារដូវនេះគេត្រូវការស្ពៃចង្កឹះ បើយើងដាំត្រសក់ច្បាស់ជាមិនសូវមានទីផ្សារទេ ហើយតម្លៃក៏ថោកទៅទៀត ។ ដូច្នេះការដំាដំណាំទៅតាមទីផ្សារគឺជារឿងដែលសំខាន់ ។

 

៥. ចំណុចនេះគឺជាចំណុចសំខាន់ជាងគេ គឺការចេះរៀបចំផែនការ ៖ លោកពូបានលើកឧទាហរណ៍ថា ប្រសិនបើ ១ខែទៀតគេត្រូវការស្ពៃចង្កឹះ ដូចនេះយើងត្រូវដាំវាឱ្យបាន ១ខែមុនពេលនោះមកដល់ ដូច្នេះដំណាំរបស់យើងមិនចេះខ្វះទីផ្សារហើយ តម្លៃក៏ថ្លៃទៀត ។

 

ចំពោះបងប្អូនដែលចាប់អារម្មណ៍ឬ ចង់ទិញបន្លែធម្មជាតិគ្មានជាតិគីមី បងប្អូនអាចទាក់ទងទៅ Facebook page ចំការបន្លែសុវត្ថិភាព HONG ECO FARM ឬលេខទូរស័ព៌​ ០៩៩​ ៧៧៤ ១៤៩។ ឬបងប្អូនអាចទៅមើលទីតាំងផ្ទាល់ដែលស្ថិតនៅក្នុង ភូមិសំរោងជើង ឃុំសំរោង ស្រុកសូន្រនិគម  ខេត្តសៀមរាប៕

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia