ក្រុមហ៊ុនHonda គ្រោងកាត់បន្ថយការផលិត ផលិតផលរបស់ខ្លួន៤០ ភាគរយក្នុងរោងចក្រនៅប្រទេសជប៉ុននាដើមខែកញ្ញា ខាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២។
ប្រភពដដែលបានឱ្យដឹងថាចំពោះបញ្ហាដែលបានបណ្ដាលឱ្យមានការកាត់បន្ថយការផលិតក៏ព្រោះតែក្រុមហ៊ុនជួបបញ្ហាកង្វះខាតគ្រឿងបន្លាស់ និងបញ្ហាទៅលើការដឹកជញ្ជូនជាដើម។ ក្នុងនោះដែរ ក្រុមហ៊ុនក៏បានបញ្ជាក់ថា មូលហេតុចម្បងដែលបណ្ដាលឱ្យកើតមានបញ្ហាទាំងនេះក៏ដោយសារតែការអូសបន្លាយនៃជំងឺកូវីដ ១៩ ។ ការកាត់បន្ថយការផលិតនេះអាចនឹងប៉ះពាល់ដល់ការផលិតរថយន្តចំនួន៣ ម៉ូដែលដែលមានដូចជា Honda Vezel, Honda StepWGN និង Honda Civic ជាដើម។
ទាក់ទងនឹងបញ្ហានេះក្រុមហ៊ុន Honda បានបញ្ជាក់បន្ថែមថា ខ្លួនរំពឹងថានឹងផលិតរថយន្តប្រហែល ៨៥០.០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងខែកញ្ញា ហើយនឹងស្វែងរកការបង្កើនផលិតកម្មរហូតដល់ខែវិច្ឆិកា ប៉ុន្តែរឿងទាំងនេះអាចទៅរួចបានគឺអាស្រ័យលើការផ្គត់ផ្គង់ក៏ដូចជាបុគ្គលិកផងដែរ។
គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន Honda Motor Co., Ltd. គឺជាក្រុមហ៊ុនសាជីវកម្មសាធារណៈចម្រុះជាតិសាសន៍របស់ប្រទេសជប៉ុន ដែលផលិតរថយន្ត ម៉ូតូ និងឧបករណ៍ថាមពល ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ