ក្រុមហ៊ុននៅកូរ៉េខាងត្បូងចំនួន៥ នឹងត្រូវបង់ទឹកប្រាក់ទំហំជាង១ពាន់លានដុល្លារ ជាសំណងសម្រាប់ ឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air នៅកូរ៉េខាងត្បូង ក្នុងអាកាសយានដ្ឋាន Muan កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ធ្វើឱ្យអ្នកដំណើរ១៧៩នាក់បាត់បង់ជីវិត។
តាមប្រភពពីអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធក្នុងឧបទ្ទវហេតុយន្តហោះ Jeju Air មានប្រហែល ១.៣ពាន់លានដុល្លារ ដោយក្នុងនោះ១ពាន់លានដុល្លារគឺសម្រាប់ការធានារ៉ាប់រងលើការខូចខាតនានា និង៣៦លានដុល្លារទៀតសម្រាប់សងលើការខូចខាតយន្តហោះ។
ទំនួលខុសត្រូវលើសំណងធានារ៉ាប់រងនេះ នឹងត្រូវបង់ដោយភាគីក្រុមហ៊ុនធានារ៉ាប់រងចំនួន៥មានដូចជា ក្រុមហ៊ុន Samsung Fire & Marine Insurance, KB Insurance, DB Insurance, Meritz Fire & Marine Insurance និង Hana Insurance ដោយក្រុមហ៊ុនទាំងប្រាំនេះហើយ គឺជាក្រុមហ៊ុនដែលបានធានាលើយន្តហោះរបស់ Jeju Air ។
ក្នុងនោះភាគីក្រុមហ៊ុនធានារ៉ាប់រងបានបញ្ជាក់ថា គេផ្តល់សំណងដល់គ្រួសារជនរងគ្រោះភ្លាមៗ នៅពេលដែលអត្តសញ្ញាណរបស់អ្នកស្លាប់ត្រូវបានបញ្ជាក់ ហើយអ្នករងរបួសក៏នឹងត្រូវបង់ថ្លៃព្យាបាលភ្លាមៗផងដែរ។
យ៉ាងណាមិញចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៥ និងជាក្រុមហ៊ុនជើងហោះហើរ ធំជាងគេលំដាប់ទី៣នៅកូរ៉េខាងត្បូង នេះជាការហោះហើរដំបូងបំផុតហើយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលមានតម្លៃធ្វើដំណើរទាប បានជួបឧបទ្ទវហេតុ។
ខណៈបច្ចុប្បន្ននេះតម្លៃភាគហ៊ុនរបស់ Jeju Air ធ្លាក់ចុះដល់ទៅ១៥,៧% ដែលវាជាកម្រិតទាបបំផុត មិនធ្លាប់មាន ចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍នេះ បានចុះបញ្ជីភាគហ៊ុនកាលពីឆ្នាំ២០១៥៕
អត្ថបទដោយ៖ ពីង ជូអេង