គិតត្រឹមតំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ
នៅពេលសាងសង់រួច ស្ពានថ្មីនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕