ថ្មីៗនេះសែរាជវង្សមួយអង្គគឺ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយបានបញ្ចេញទេពកោសល្យសិល្បៈនិងការសម្តែងនៅក្នុងព្រឹត្តិការណ៍ “សាទរកម្ពុជា” ។
ជាតួអង្គឯកនៅហូលីវូដសហរដ្ឋអាមេរិក ក្នុងខ្សែភាពយន្តដែលមានចំណងជើងថា «1660 Vine» ផលិតនៅឆ្នាំ២០២២ អ្នកអង្គម្ចាស់ដែលមានព្រះជន្ម២៦ព្រះវស្សារូបនេះ ទ្រង់បានបញ្ចប់ការសិក្សាដោយជោគជ័យ នាឆ្នាំ២០១៧ ពីសាលាភាពយន្ត American Academy of Dramatic Arts នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ។
យ៉ាងណាមិញទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាលាអន្តរជាតិភ្នំពេញ (ISPP) មុនពេលទ្រង់បានផ្លាស់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក និងបានបន្តរៀននៅកូឡាឡាំពួរ និង ទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ផងដែរ។
ខ្សែភាពយន្ត«1660 Vine» ផលិតដោយផលិតកម្ម PhilmCo Media ដែលចាប់ផ្តើមបើកកាមេរ៉ា ថតនៅខែមិថុនា២០២២។ ភាពយន្តនេះបានរៀបរាប់អំពីដំណើរជីវិតរបស់យុវវ័យមួយក្រុមព្យាយាម ស្វែងរកឥទ្ធិពលនិងសម្រេចក្តីស្រមៃរបស់ពួកគេលើវិថីសិល្បៈ តាមរយៈភាពល្បីល្បាញលើបណ្តេញសង្គម។
មិនត្រឹមតែមានឆាយាល័ក្ខណ៍ ស្រស់សង្ហាមាំមួន និងសិល្បៈសម្តែងប៉ុណ្ណោះទេប៉ុន្តែ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ក៏មានសមត្ថភាពប្រគុំឧបករណ៍តន្រ្តីបានយ៉ាងពិសេសផងដែរ។
សូមបញ្ជាក់ថា អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី គឺត្រូវជាព្រះរាជនត្តោ នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ និងជាព្រះបុត្រា នៃ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ឯកឧត្ដម កែវ ពុទ្ធរស្មី។
ទ្រង់បានទទួលគោរមងារពី កែវ រស្មីខែមុន្នី មកជា អ្នកអង្គម្ចាស់នរោត្ដម រស្មីខែមុន្នី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ដែលត្រូវជាព្រះបិតុលារបស់ទ្រង់៕
សូមទស្សនាឈុតខ្លីនៃខ្សែភាពយន្ត «1660 Vine»