ក្នុងវ័យត្រឹមតែ១៥ឆ្នាំ Ayush Singh បានក្លាយជាអ្នកជំនាញវិទ្យាសាស្ត្រផ្នែកទិន្នន័យ ដែលធ្វើឱ្យលោកអាចរកចំណូលបានរហូតដល់ទៅខ្ទង់១ម៉ឺនដុល្លារពីការងារដែលលោកធ្វើ។ ខាងក្រោមនេះ គឺជាមេរៀនដ៏មានតម្លៃចំនួន ៣ ដែលជួយឱ្យលោកក្លាយជាសេដ្ឋីនៅក្នុងវ័យ១៥ឆ្នាំ៖
១/. សួរសំណួរមកខ្លួនឯងថា តើខ្ញុំអាចសម្រេចវាបានទេ?
នេះជាស្នៀតបង្វឹកខួរក្បាលឱ្យហ៊ានធ្វើអ្វីដែលមនុស្សភាគច្រើនគិតថាមិនអាចទៅរួច។ ជាក់ស្ដែងសម្រាប់លោកធ្លាប់ចង់ក្លាយជាអ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ ទាំងដែលការងារនោះមិនស័ក្តិសមសម្រាប់មនុស្សវ័យក្មេងនោះទេ វាសម្រាប់តែមនុស្សដែលមានវ័យជំទង់ រៀនសូត្របានខ្ពស់ដល់អនុបណ្ឌិត បណ្ឌិតជាដើម។ ប៉ុន្តែក្រោយពេលដែលសួរសំណួរមកខ្លួនឯងហើយ លោកជឿថាលោកអាចធ្វើវាបាន អាចសម្រេចវាបាន វាក៏ធ្វើឱ្យជីវិតលោកផ្លាស់ប្ដូរ និងរីកចម្រើនលឿន រកចំណូលបានរាប់ម៉ឺនដុល្លារទាំងវ័យក្មេង។
២/. តើអ្នកបានរៀបចំផែនការដ៏ត្រឹមត្រូវមួយសម្រាប់វាដែរឬទេ?
ប្រសិនបើអ្នកដឹងថាខ្លួនចង់បានអ្វី ចង់សម្រេចអ្វីហើយ អ្នកក៏គួរតែមានផែនការដ៏ត្រឹមត្រូវ ដើម្បីអាចសម្រេចវាផងដែរ។ ប្រសិនបើអ្នកមានតែគោលដៅ តែមិនមានផែនការ នោះគោលដៅអ្នកគឺពិបាកសម្រេចបំផុត។ ការរៀបចំផែនការបានត្រឹមត្រូវ មានន័យថាអ្នកអាចជោគជ័យ៥០%ហើយ។
៣/. ចេះឱ្យអាទិភាពការងារ ឆ្លុះបញ្ជាំង និងកែប្រែផែនការ
ការមានផែនការតែមួយមុខ មិនប្រាកដថាវាអាចសម្រេចគោលដៅតែម្ដងនោះទេ ព្រោះផែនការខ្លះវាទាមទារឱ្យអ្នកត្រូវធ្វើការកែតម្រូវមួយចំនួនផងដែរ។ អាស្រ័យហេតុនេះហើយ លោកបានលើកទឹកចិត្តឱ្យអ្នកត្រូវចេះរៀបចំអាទិភាពការងារណាដែលសំខាន់ បន្ទាន់ ហើយចេះឆ្លុះបញ្ចាំងការងារ និងកែប្រែផែនការឡើងវិញផង បើសិនជាចាំបាច់។
ជារួមមកវិញ ថ្វីត្បិតតែលោកមានវ័យក្មេងពិតមែន ប៉ុន្តែលោកជាមនុស្សដែលមានគំនិតចាស់ទុំ ខិតខំប្រឹងប្រែងធ្វើការ និងខំប្រឹងរៀនសូត្រអ្វីថ្មីៗជាប្រចាំផងដែរ។ ជាក់ស្ដែងលោកបានក្រោកពីគេងនៅម៉ោង ៥ ព្រឹក ហើយចំណាយពេលពី ១០ ទៅ ១៦ម៉ោងក្នុងការសិក្សា និងចំណាយពេលមួយចំនួនយកសៀវភៅមកអាន ដើម្បីរៀនអ្វីថ្មីៗជាប្រចាំ៕