កញ្ញា Michela Allocca គឺជាអ្នកប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនម្នាក់ដែលបច្ចុប្បន្នសល់ទ្រព្យជាប់ខ្លួនជាង៧០ម៉ឺនដុល្លារ។ ស្រ្តីវ័យ៣០ឆ្នាំរូបនេះអាចសល់លុយច្រើនទាំងវ័យក្មេងដោយសារតែគាត់មានទម្លាប់ចាយមួយចំនួនដែលធ្វើឲ្យគាត់អាចសន្សំនិងវិនិយោគបានច្រើន។
ខាងក្រោមនេះគឺជាទម្លាប់ចាយលុយចំនួន៤ដែលកញ្ញា Michela Allocca បានចៀសវាងកាលពីវ័យខ្ទង់២០ឆ្នាំដែលធ្វើឲ្យនាងសល់ទ្រព្យជាង៧០ម៉ឺនដុល្លារនៅវ័យ៣០ឆ្នាំ។
១. មិនដើរលេងច្រើន
Michela Allocca ថានៅវ័យ២០ឆ្នាំមនុស្សជាច្រើនចំណាយលុយដើរលេងកម្សាន្តច្រើនដោយសារគេឃើញមនុស្សជុំវិញខ្លួនដើរលេងសប្បាយដោយមិនបានគិតទេថាការដើរលេងកម្សាន្តនេះពួកគាត់ចំណាយលុយច្រើនដោយមិនដឹងខ្លួន។
Allocca ថាខ្លួនឯងផ្ទាល់មិនសូវដើរលេងច្រើនហើយផ្ដោតលើការដើរក្នុងស្រុក ជាពិសេសផ្ដោតលើការយកលុយនិងពេលវេលាចំណាយលើការអភិវឌ្ឍនសមត្ថភាពចំណេះដឹងនិងវិនិយោគដែលធ្វើឲ្យលុយរបស់នាងកាន់តែកើនឡើង។
២. មិនរស់នៅម្នាក់ឯងរហូតដល់អាយុ២៧ឆ្នាំ
កាលនៅវ័យខ្ទង់២០ឆ្នាំ Allocca មិនដែលរស់នៅម្នាក់ឯងនោះទេ ហើយនេះគឺជាវិធីដែលធ្វើឲ្យនាងអាចសន្សំលុយបានច្រើន។ នាងតែងតែរស់នៅជាមួយមិត្តភក្ដិនិងឪពុកម្ដាយដើម្បីសន្សំសំចៃព្រោះបើនៅរស់នៅម្នាក់ឯងត្រូវចំណាយលើថ្លៃស្នាក់នៅជាច្រើន។ នាងរស់នៅជាមួយឪពុកម្ដាយនិងមិត្តភក្ដិរហូតដល់អាយុ២៧ឆ្នាំទើបរស់នៅម្នាក់ឯង។ ការធ្វើ់បែបនេះធ្វើឲ្យនាងអាចសន្សំបានច្រើន ហើយមានឱកាសវិនិយោគបានច្រើនផងដែរ។
៣. មិនចំណាយច្រើនលើសំលៀកបំពាក់
មនុស្សស្រីជាច្រើនតែងតែចំណាយលុយច្រើនទៅលើសំលៀកបំពាក់ថ្លៃប៉ុន្ដែសម្រាប់ Allocca នាងមិនចំណាយលុយច្រើនលើសលបលើសំលៀកបំពាក់ឡើយ។ ជាទម្លាប់នាងតែងទិញខោអាវឈុតដូចគ្នាគ្រាន់តែពណ៌ខុសគ្នា។ ពេលនាងត្រូវការទិញសំលៀកបំពាក់ នាងតែងតែទិញនៅផ្សារដែលមានខោអាវធូថ្លៃ។ ទម្លាប់បែបនេះធ្វើឲ្យនាងសន្សំលុយបានច្រើន។
៤. អ្វីដែលអាចធ្វើបានធ្វើខ្លួនឯង
Allocca តែងតែចៀសវាងចំណាយលុយលើរបស់ដែលនាងអាចធ្វើដោយខ្លួនឯងបាន។ ជាក់ស្ដែងនាងតែងតែធ្វើម្ហូបខ្លួនឯងដើម្បីបានអាហារអនាម័យល្អនិងអាចសន្សំសំចៃ។ មិនប៉ុណ្ណោះទៅធ្វើការនាងមិនចំណាយលុយលើការធ្វើដំណើរដូចជាជិះរថភ្លើងឡើយ ពោលគឺនាងធ្វើដំណើរដោយដើរពីផ្ទះទៅកន្លែងធ្វើការចំណាយ២០ទៅ៣០នាទី៕