កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចពិភាក្សាក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកប្រធានសមាគមធនាគារកម្ពុជា លោកប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ។
តាមការបញ្ជាក់ពីលោកជំទាវ ជា សេរី កិច្ចប្រជុំនេះមានគោលបំណង សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាង។ បានន័យថា ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឲ្យធនាគារវិញក្នុងលក្ខខ័ណធូរស្រាលជាងមុន។
លោកជំទាវអគ្គទេសាភិបាលបន្ដថា កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ៕