ប្រមាណជាង១០ឆ្នាំមុន បងប្អូនភាគច្រើនប្រហែលជានៅចាំបានច្បាស់ ពីយីហោម៉ូតូ Honda dream ដែលបានឈានជើងចូលមកក្រឡុកទីផ្សារប្រទេសកម្ពុជាខ្លាំងមែនទែន ដែលកាលពីជំនាន់នោះ ផ្ទះណាដែលមានម៉ូតូមួយនេះចាត់ទុកថាឡូយ និងមានធនធានហើយ ដោយសារតែវាទាន់សម័យ ថ្លៃថ្នូ ចំណែកឯតម្លៃវិញក៏ថ្លៃខ្លាំងដែរ ។ ចុះបងប្អូនទាំងអស់គ្នាមានដឹងទេ ថាយីហោម៉ូតូចាស់វស្សារបស់ជប៉ុនមួយនេះ មានក្បួនធ្វើទីផ្សារអ្វីខ្លះបានជាមនុស្សហ៊ានចាយលុយរាប់ពាន់ដុល្លារទិញជិះ ដោយគ្មានអារម្មណ៍ថាស្ទាក់ស្ទើរឡើយ ។ ខាងក្រោមនេះជាក្បួនធ្វើទីផ្សារ យីហោម៉ូតូជប៉ុនដែលនាំចូលផ្ទាច់មុខរបស់ថៃ ដើម្បីចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា ៖
១ យុទ្ធសាស្រ្តដាក់តម្លៃខ្ពស់តែអ្នកទិញពេញចិត្ត ៖ បងប្អូនទាំងអស់គ្នាប្រហែលជានៅចាំមិនភ្លេចឡើយ កាលពីឆ្នាំ២០១៨ ពេលនោះដីឡើងថ្លៃមែនទែន ឬមួយគេហៅថាដីហើម មានមនុស្សជាច្រើនត្រូវប៉ាន់ដីមិនតិចទេ ហើយកំឡុងពេលនោះ អ្នកដែលមានលុយនាំគ្នាទិញម៉ូតូ Honda dream ជាពិសេសនោះស៊េរី ឆ្នាំ២០១៨ តែម្តង ដែលពេលនោះ Honda ព្យាយាមកំណត់តម្លៃម៉ូតូរបស់ខ្លួនបានល្អខ្លាំងមែនទែន នេះក៏ដោយសារតែក្រុមហ៊ុនដឹងពីទីផ្សារច្បាស់ មានន័យថាមនុស្សមាន លុយ ដូច្នេះគេមិនខ្លាចក្នុងការទិញម៉ូតូដែលមានតម្លៃជាង២ពាន់ដុល្លារជិះឡើយ ដោយអមជាមួយភាពទាន់សម័យ ថ្លៃថ្នូ បង្ហាញពីជីវភាពជាដើម ។
២ យុទ្ធសាស្រ្តលក់សាច់រឿងរំភើប ៖ បងប្អូនទាំងអស់គ្នាប្រហែលជានៅចាំមិនទាន់ភ្លេចឡើយ កាលពីសេរីម៉ូតូអាសង់ ឬ Honda Dream ចេញឆ្នាំ២០១០ កាលនោះនៅចាំបានថា Honda ពិតជាពូកែធ្វើទីផ្សារខ្លាំងមែនទែន Honda បានបង្កើតជាសាច់រឿង មនោសញ្ចេតនា ស្នេហា លាយឡំទៅដោយការរំភើប ភាពឈឺចាប់ ជាឈុតឆាកសម្តែងចេញមក ធ្វើអោយអ្នកទស្សនាតាមដានពីមួយវគ្គទៅមួយវគ្គទៀត យ៉ាងយកចិត្តទុកដាក់ តែតាមការពិតនៅពីក្រោយនៃសាច់រឿងនោះ គឺជាការផ្សព្វផ្សាយផលិតផលសេរីម៉ូតូថ្មីរបស់ Honda ទៅវិញទេ នេះជាក្បួនធ្វើទីផ្សារដែល Honda ចំណេញភ្ញៀវច្រើនមែនទែន ពីការផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ។
៣. ការផ្សព្វផ្សាយគឺជាចំណុចស្លាប់រស់ ៖ ក្រុមហ៊ុនធំៗគេរីកកាន់តែធំចាយលុយផ្សព្វផ្សាយកាន់តែច្រើន ក្រុមហ៊ុនខ្លះចាយ លុយធ្វើទីផ្សារមួយឆ្នាំៗរាប់លានដុល្លារ ងាកមកកាន់ Honda វិញកាលពីជំនាន់នោះ ក៏ចាយលុយធ្វើទីផ្សារមិនតិចនោះទេ ជាពិសេសនោះគឺផ្សព្វផ្សាយតាមរយៈ ទូរទស្សន៍ ដោយសារតែពេលនោះវាជាបណ្តាញផ្សព្វផ្សាយដ៏មានឥទ្ធិពល ដែលអាចនាំផលិតផលទៅដល់ដៃអតិថិជនគោលដៅ បានច្រើននៅទូទាំងប្រទេស ដូច្នេះ Honda មិនខ្លាចក្នុងការចាយលុយជាមួយ នឹងមធ្យោបាយផ្សព្វផ្សាយមួយនេះឡើយ ។
៤ លក់ផលិតផលលក់ទាំងគុណតម្លៃ៖ យីហោឬផលិតផលក្រុមហ៊ុនមួយចំនួន ប្រហែលជាភ្លេចខ្លួនត្រង់ចំណុចមួយនេះច្រើន ទើបបានជាផលិតផលមួយចំនួនប្រើបានតែមួយឆាវៗ រួចហើយក៏ស្ងាត់ទៅវិញ ងាកមកមើលយីហោម៉ូតូ Honda ប្រហែលពេលនេះមានបងប្អូនមួយចំនួននៅតែជិះសេរីឆ្នាំ ២០១៦ ឬ២០១៨ នៅឡើយទេ ពោលគឺវាមិនត្រឹមតែឡូយ ទាន់សម័យ តែវាក៏ជាម៉ូតូមួយប្រភេទដែលជាប់ធន ស៊ីសាំងតិច ជិះបានឆ្ងាយ ទើបបានជាHonda ក្លាយជាប្រេនយីហោមួយនៅក្នុងបេះដូងអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ។
អត្ថបទដោយ : នៅ ហៀង Tell : 096513320