ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើសេចក្តីជូនដំណឹង អំពីការចាកចេញទៅលេងឱ្យក្លឹប ប្រទេសអ្នកមានកាតា របស់ កីឡាករ សៀង ចន្ធា លោកគ្រូហុងដា អតីតអ្នកចាត់ការទូទៅនៃក្រុមគោព្រៃកម្ពុជា បានបោះពាក្យសម្តីខ្លីតែមានអត្ថន័យនៅលើបណ្តេញសង្គមផ្លូវការរបស់អ្នកលេងជើងឯកកម្ពុជា សៀង ចន្ធា នៅថ្ងៃទី២១កក្កដា ឆ្នាំ២០២៣នេះ។
នៅក្នុងរូបភាពមួយសន្លឹកដែលកីឡាករវ័យក្មេង សៀង ចន្ធា ថតជាមួយអាវលេខ៩ របស់សហព័ន្ធកីឡាបាល់ទាត់ ដែលមានហត្ថលេខារបស់ លោក Keisuke Honda ផងនោះ អតីតគ្រូបង្វឹករូបនេះបានបញ្ចេញមតិថា “This is it” ដែលមានន័យជាភាសាខ្មែរស្រដៀងគ្នាថា “គឺមួយនេះហើយ”។
យ៉ាងណាមិញកាលពីពេលកន្លងទៅបន្ទាប់ពីបញ្ចប់បេសកម្មនៅកម្ពុជា អស់រយៈពេល៥ឆ្នាំ លោកហុងដា ក៏បានប្រគល់ស្បែកជើង១គូ ដែលលោកធ្លាប់ពាក់ប្រយុទ្ធរត់លេង នៅលើវាលស្មៅរបស់ FIFA ផងនោះឱ្យមកកាន់កីឡាករកម្ពុជាពេញដោយសមត្ថភាព សៀង ចន្ធា ផងដែរមុនពេលការចាកចេញពីតំណែងជាអ្នកគ្រប់គ្រងរបស់ខ្លួននៃក្រុមគោព្រៃកម្ពុជា។
យ៉ាងណាមិញបើតាមប្រភពដដែលបានបង្ហាញឱ្យថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា យ៉ាងដូច្នេះថាក្នុងពេលប្រកបអាជីពនៅប្រទេសកាតា ត្រូវពង្រឹងគុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជានាពានរង្វាន់ផ្សេងៗនៅពេលខាងមុខ។
គួរជម្រាបផងដែរថានេះកីឡាករសៀង ចន្ធា គឺជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទីដែលបានចាប់ផ្ដើមអាជីពរបស់ខ្លួននៅទីនោះតាំងពីឆ្នាំ២០១៤ ហើយនេះគឺជាលើកទី១ហើយនៅក្នុងប្រវត្តិសាស្រ្តកីឡាកម្ពុជា ដែលមានកីឡាករខ្មែរទៅលេងឱ្យក្លឹប នៅប្រទេសកាតា ដែលជាប្រទេសលំដាប់កំពូលលើវិស័យបាល់ទាត់៕
អត្ថបទដោយ៖ ពីង ជូអេង