លោក Keisuke Honda បុរសដែលយកបេះដូងបរិសុទ្ធមកជួយអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជារហូតធ្វើឲ្យកម្ពុជាឆ្លងផុតដល់វគ្គបួនក្រុមចុងក្រោយជាប្រវត្តិសាស្ត្រក្នុងការប្រកួតកីឡា SeaGame ឆ្នាំ២០២១ និង ដឹកនាំក្រុមក្នុងការប្រកួត SeaGame ឆ្នាំ២០២២នេះ ដែលកំពុងប្រារព្ធឡើងនៅប្រទេសវៀតណាមផងដែរ។
បុរសវ័យ៣៥ឆ្នាំ Honda មានដើមកំណើតកើតនៅទីក្រុង Osaka ប្រទេសជប៉ុន។ គ្រួសាររបស់លោកត្រូវបានគេស្គាល់ថា ជាគ្រួសារកីឡាតែម្ដង ដោយលោកមានបងប្រុសជាកីឡាករបាល់ទាត់ ពូជាកីឡាករទូកកាណូ និងបងជីជូនមួយជាអ្នកកីឡាកាស។ ចំណែកឯរូបលោកបានឈានជើងចូលកីឡាបាល់ទាត់ដំបូង ដោយចូលរួមជាមួយក្រុមយុវជន Gamba Osaka។ សិក្សាផង លេងបាល់ទាត់ផង រហូតចប់ថ្នាក់វិទ្យាល័យ ទើប Honda សម្រេចចិត្តចាប់អាជីពជាកីឡាករបាល់ទាត់តែម្ដងនៅឆ្នាំ២០០៤ ជាមួយក្រុម Nagoya Grampus ដែលគ្រានោះលេងនៅលីគកំពូលជប៉ុន។
ដោយសារតែមានសមត្ថភាពខ្ពស់ Honda បានអភិវឌ្ឍខ្លួនយ៉ាងលឿន ដោយលេងនៅក្លឹប Nagoya Grampus តែ៣រដូវកាលប៉ុណ្ណោះ ក៏ចុះកុងត្រាទៅលេងនៅក្លឹប VVV-Venlo របស់ហូឡង់ទៅហើយ។ ការចាកចេញទៅលេងនៅក្រៅប្រទេសលើកដំបូងគ្រានោះ រូបលោកនៅតែជោគជ័យខ្លាំង រហូតដល់ក្លឹបនៅរុស្ស៊ី CSKA Moscow ទិញយកបន្ដនៅឆ្នាំ២០០៩។ លេងនៅរុស្ស៊ីបាន៥ឆ្នាំ Honda ក៏ចាប់ផ្ដើមផ្លាស់ទៅលេងនៅអ៊ីតាលីទៀត ដោយចូលរួមជាមួយ AC Milan ។ នៅឆ្នាំ២០១៧ លោក Honda ក៏សម្រេចចិត្តទៅលេងនៅក្លឹប Pachuca ទៀតនៅម៉ិកស៊ិកូ ដោយលេងតែ១រដូវកាលប៉ណ្ណោះ។
ក្នុងខែសីហា ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធើ្វការប្រកាសជាផ្លូវការពីការតែងតាំងអតីតកីឡាករក្រុមជម្រើសជាតិជប៉ុន Keisuke Honda ជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិកម្ពុជា។ ការឡើងនេះ គឺ Honda នឹងត្រូវចូលកាន់តំណែងជំនួសគ្រូបង្វឹកគឺលោក ប្រាក់ សុវណ្ណារ៉ា ដែលបានដឹកនាំក្រុមដែលមានរហ្ស័សនាមថា គោរព្រៃ នាពេលកន្លងទៅ។ ក្នុងនាមជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិកម្ពុជាលោកមិនទទួលប្រាក់ខែឡើយ ដោយលោកបានលើកឡើងថា៖ «លោកពិតជាស្រលាញ់ស្នាមញញឹមរបស់ប្រជាជនខ្មែរណាស់»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366