អង្គុយតែនៅមុខកាំមេរ៉ាក៏មានលុយចូលកុង នេះជារបរថ្មីមួយដែលប្រជាជនកូរ៉េភាគច្រើនកំពុងនាំគ្នាធ្វើយ៉ាងច្រើន ព្រោះវាជាវិធីរកលុយដែលងាយស្រួលបំផុតនាពេលបច្ចុប្បន្ននេះ។ជាក់ស្តែងដូចតារា YouTube កូរ៉េ Hamzy ជាដើម ចំណាយពេលតែទៅផ្សារទិញម្ហូបមកធ្វើញ៉ាំនៅមុខកាំមេរ៉ាក៏អាចរកចំណូលបានមួយថ្ងៃៗរាប់ពាន់ដុល្លារដែរ។
យោងតាមការចេញផ្សាយរបស់ Net Worth Spot បានឱ្យដឹងថា Hamzy ជាតារា YouTube ដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកូរ៉េ នាងបានបង្ហាញខ្លួននៅលើ YouTube តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដែលជានិច្ចជាកាលនាងតែងតែផុសវីដេអូទាក់ទងនឹងការញ៉ាំអាហារលើយូធូប ហើយតាមរយៈការផុសនេះធ្វើឱ្យនាងអាចរកចំណូលបានគ្រាក់ៗរាល់ថ្ងៃពីអ្នកទស្សនាវីដេអូរបស់់នាង។
តាមប្រភពដដែលខាងលើបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ Channel YouTube របស់ Hamzy មានអ្នកតាមដានរហូតដល់ទៅ ១០.១លាននាក់។ហើយជារៀងរាល់ថ្ងៃមានអ្នកចុចចូលមើលវីដេអូ Mukbang របស់នាងប្រមាណជា ២.៣៨លាននាក់ក្នុងមួយថ្ងៃ ក្នុងមួយឆ្នាំ ៧១.៣៤ លាននាក់ចុចចូលមើល។ក្នុងនោះបើតាមគោលករណ៍រកលុយពីយូធូបក្នុង ១ពាន់អ្នកចូលមើល អាចទទួលបានលុយចន្លោះពី ៣ដុល្លារ ទៅ ៧ដុល្លារ ហេតុដូច្នេះតាមការគុណចំនួនអ្នកចូលមើលរបស់ Hamzy នាងអាចរកចំណូលបានចន្លោះពី ៤ពាន់ដុល្លារឡើងទៅក្នុងមួយថ្ងៃ។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពផ្សេងទៀតរបស់ប្រទេសកូរ៉េ Hamzy ត្រូវបានគេដឹងថាជាតារា YouTube លំដាប់ទី២ដែលរកចំណូលបានច្រើនគេពីវីដេអូញ៉ាំអាហារ។ចំណែកឯមូលហេតុដែលធ្វើឱ្យវីដេអូរបស់តារា YouTube រូបនេះមានអ្នកចុចចូលមើលច្រើន ដោយសារតែគ្រប់គ្នាចូលចិត្តសកម្មភាពធ្វើអាហាររបស់នាង ដោយនាងបានបង្ហាញពីរបៀបធ្វើអាហារកូរ៉េជាច្រើនប្រភេទ ហេតុនេះហើយទើបធ្វើឱ្យអ្នកមើលពេញចិត្តនិងចង់ចូលមើល៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង