Google​ ជូនដំណឹងដល់អ្នកប្រើប្រាស់ ឱ្យប្រញាប់ធ្វើរឿងនេះ បើមិនចង់ឱ្យគេចូលលួច ប្រើទិន្នន័យដោយមិនដឹងខ្លួន
Ping Chou EngJUNE 16 2025712 views

យោងតាម Forbes នៅថ្ងៃទី១៤ខែមិថុនា បានចុះផ្សាយថា ក្រុមហ៊ុន Google បានជូនដំណឹងដល់អ្នកប្រើប្រាស់ប្រមាណជាង២ពាន់លាននាក់ ឱ្យប្រញាប់ផ្លាស់ប្តូរលេខកូដសម្ងាត់លើ​គណនីអ៊ីមែល បើមិនចង់ឱ្យគេចូលលួចប្រើប្រាស់ទិន្នន័យ។

ខណៈបច្ចុប្បន្នគឺមានការវាយប្រហាជាច្រើនពី Hacker ដែលប្រើបច្ចេកវិទ្យាខ្លាំងនិងមានល្បិចខ្ពស់ អាចបោកបញ្ជោតអ្នកប្រើបានយ៉ាងងាយ ដោយក្នុងនោះគោលដៅរបស់វាវាយប្រហារមាន ៦១% គឺទៅលើអ្នកប្រើប្រាស់នៅអាមេរិក។

បើតាមអនុប្រធានផ្នែកឯកជនភាពនិងសុវត្ថិភាពរបស់ Google លោក Evan Kotsovinos បានចេញការព្រមានអំពីហានិភ័យនៃការលួចចូលទិន្នន័យ ជាមួយនឹងការបោកប្រាស់ដ៏ស្មុគ្រស្មាញ។

ដោយក្រុមទុច្ចរិតលើអ៊ីនធឺណេតទាំងនោះតែងត្រាប់តាមទំនាក់ទំនងផ្លូវការ ធ្វើសេចក្តីជូនដំណឹងក្លាយក្លែងអំពីការស្ដារគណនីហាក់ដូចជាចេញពីក្រុមហ៊ុន Google ផ្ទាល់ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យបង្ហាញព័ត៌មានសំខាន់ៗដល់ពួកគេ។ 

ដូច្នេះ Google សូមលើកទឹកចិត្តយ៉ាងមុតមាំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរពាក្យសម្ងាត់ចាស់ ដែលមានលក្ខណៈងាយស្រួលពេក លើគណនី Gmail ឱ្យលឿនបំផុតតាមដែលអាចធ្វើបាននិងមិនត្រូវពន្យារពេល។ លើសពីនេះទៅទៀត នៅពេលអ្នកដាក់លេខសម្ងាត់ថ្មីទៅក្នុងគណនី Gmail ហើយនោះ ​Google ក៏បានលើកទឹកចិត្តឱ្យអ្នកប្រើការចាក់សោរមុខឬស្កេនក្រយ៉ៅដៃ ជាព័ត៌មានសំខាន់សម្រាប់ចូលគណនី។

ពិតណាស់ជាទូទៅ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត តែងណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់ផ្លាស់ប្តូរពាក្យសម្ងាត់រៀងរាល់៣ខែម្តង ឬញឹកញាប់​ជាងនេះតាមដែលអាចធ្វើបាន ទៅលើបណ្តាញសង្គមទាំងអស់។ ការធ្វើបែបនេះគឺដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ រក្សាសុវត្ថិភាពបានប្រសើរជាងធម្មតា ដោយមិនត្រូវពឹងផ្អែកលើលេខកូដចាស់ឬយល់ថា លេខកូដនោះពិសេសប្រើយូរហើយមិនឃើញមានបញ្ហាអ្វីនោះទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia