ក្រុមហ៊ុនវិនិយោគដ៏ធំរបស់សហរដ្ឋអាមេរិកមានអាយុកាល១៥៣ Goldman Sachs ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ គ្រប់គ្រងការវិនិយោគល់និងផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គលបានសម្លឹងឃើញកម្ពុជាជាគោលដៅក្នុងការពង្រីកឱកាសវិនិយោគបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ដំណឹងវិនិយោគនេះត្រូវបានលើកឡើងដោយលោក Jared Cohen ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុនវិនិយោគទុន Goldman Sachs Group, Inc. នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អំឡុងដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីសរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីភាគីទាំងពីរបានជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ជាការឆ្លើយតប សម្តេចមហាបរវធិបតី ហ៊ុនម៉ាណែត បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាក្នុងការសិក្សានិងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជានិងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង។
ជាចុងក្រោយលោក Jared Cohen ក៏បានថ្លែងអំណរគុណជូនចំពោះ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ហើយលោកព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ៕
អត្ថបទដោយ៖ ពីង ជូអេង