ផ្តើមចេញពីកូនស្រីកណ្តាល ក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន ៨នាក់ នៅឯខេត្តសៀមរាប។ អ្នកនាង ឃិន សុគន្ធា មា្ចស់ហាងផ្កា ឈូកមាស មានប្រវត្តិធ្លាប់ទៅរៀនមួយថ្ងៃចាយលុយត្រឹម ១០០រៀលប៉ុណ្ណោះ ចាយមិនគ្រប់ហូបមិនគ្រាន់ ប្រឹងធ្វើការច្រើនម៉ោងស្ទើតែគ្មានពេលរៀនសូត្រ ត្បិតកាលណោះគ្រួសារមានជីវភាពលំបាកជាពន់ពេក។ ប៉ុន្តែដោយចិត្តហានក្លាមិនចុះចាញ់វាសនា អ្នកនាងប្រឹងវិត្តន៍ខ្លួនរហូតក្លាយជាម្ចាស់ហាងផ្កាដ៏ល្បីនៅទឹកដីកំណើត។
ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាង ឃិន សុគន្ធា ដែលមានប្រវត្តិកម្សត់កម្រក្រីក្រលំបាក ធ្លាប់ទៅរៀនមួយថ្ងៃចាយលុយ១០០រៀល បានចែករំលែកនូវគន្លឹះធំ៣ អាចឲ្យអ្នកនាងមានជីវិតរីកចម្រើនដូចនាពេលបច្ចុប្បន្ននេះ៖
១/. អត់ធ្មត់៖ ជីវិតកុមារី ឃិន សុគន្ធា មិនសូវល្អប្រសើរនោះទេ ព្រោះត្រូវធ្វើការច្រើន និងទទួលបានលុយចាយត្រឹមតែ ១០០រៀលប៉ុណ្ណោះក្នុងការសិក្សាសម្រាប់រយៈពេលមួយថ្ងៃ។ មា្ចស់ហាងផ្កា ឈូកមាស បានថ្លែងថា ដោយសារការលំបាកនេះហើយបានដុះខាត់អ្នកនាងឲ្យមានចិត្តអំណត់អត់ធន់ ប្រឹងប្រែងធ្វើការ និងប្រឹងសម្របខ្លួនជាមួយស្ថានភាពនេះ រហូតធ្វើឲ្យក្មេងស្រីម្នាក់ធ្លាប់តែទន់ខ្សោយកសាងខ្លួនក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ អាចមើលថែនិងគ្រប់គ្រង់ខ្លួនឯងបានយ៉ាងល្អ។
២/. រកច្រកចេញ៖ ដោយគិតថាមិនអាចបន្តទ្រាំទ្រជាមួយជីវិតខ្វះមុខខ្វះក្រោយ ណាមួយមិនបានសិក្សារៀនសូត្រពេញលេញទៀតនោះ ក្មេងស្រីវ័យជំទន់ ឃិន សុគន្ធា ក៏បានពិភាក្សាជាមួយបងប្រុសរឹះរកមធ្យោបាយធ្វើយ៉ាងណាអាចរកប្រាក់បន្ថែមដើម្បីគាំទ្រការសិក្សាក៏ដូចជាការរស់នៅរបស់ខ្លួន។ ទាំងពីរនាក់បងប្អូនសន្សំលុយបានតិចតួចក៏បានយកទៅទិញនំចំណីមកលក់បន្តនៅក្នុងថ្នាក់រៀន លក់នេះលក់នោះជាបន្តបន្ទាប់រហូតដល់បេះផ្កែអំពិលនៅផ្ទះច្រកថង់យកទៅលក់ទៀត និងហាមមិត្តភក្តិមិនឲ្យគេមកលេងផ្ទះព្រោះខ្លាចគេឃើញហើយគេឈប់ជួយទិញ។ អ្នកនាង ឃីន សុគន្ធា បានលើកឡើងថា៖ «យើងប្រឹងរកនេះរកនោះមិនឈប់ឈរ ការងារអ្វីក៏ធ្វើដែលឲ្យតែសុច្ចរិក ប្រឹងទាំងយប់ទាំងថ្ងៃមិនសំចៃកម្លាំង ញើសហូរជោគខ្លួនក៏មិនត្អូញត្អែរ មិនខ្វល់ថាខ្លួននៅក្មេងខ្ចីអ្វីនោះទេ ខំសន្សំសំចៃតាំងពីមួយកាក់មួយសេនឡើង ធ្វើយ៉ាងណាឲ្យជីវភាពប្រសើរជាងមុន និងត្រូវដើរទៅមុខជានិច្ច»។
៣/. ពង្រឹងទើបពង្រីក៖ ពេលវេលាចេះតែរសាតផាតទៅពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតជាច្រើនឆ្នាំ យុវតី ឃិន សុគន្ធា ចម្រើនវ័យធំពេញក្រមុំ ឯការប្រកបរបររកស៊ីក៏ចេះតែរីកច្រើនជាលំដាប់។ ដោយមើលឃើញពីសន្ទុះ និងការពេញនិយមភ្លូកទឹកភ្លូកដីទៅលើការប្រើប្រាស់គ្រឿងក្រឡៃលម្អកាយរបស់យុវវ័យ និងវត្ថុអនុស្សាវរីយ៍ នាគ្រានោះក្មេងស្រីទើបពេញវ័យរូបនេះបានឡើងមកភ្នំពេញតែឯកឯងដើម្បីទិញគ្រឿងលម្អទាំងនោះមកលក់បន្តនៅទឹកដីកំណើតរបស់ខ្លួន។ ការរកស៊ីចេញតែវិវត្តន៍ពីមួយដំណាក់កាលទៅមួយដំណាក់កាល អស់ពីការលក់គ្រឿងក្រឡៃ មកបើកចាប់ហួយ រហូតអាចបោះជំហានមកបើកហាងផ្កា ដែលជាក្តីស្រមៃនិងចំណង់ចំណូលចិត្តរបស់ខ្លួនតាំងពីតូច មានឈ្មោះបោះសម្លេងដែលគ្រប់គ្នាស្គាល់ថា ហាងផ្កា ឈូកមាស នេះឯង។
ដូច្នេះហើយ ដំណើរជីវិតពិតមិនទៀង និងអាចប្រែប្រួលនៅគ្រប់ខណៈ ដូចពាក្យមួយឃ្លាបានលើកឡើងថា៖ «វាសនាមនុស្សមើលពុំឃើញ មនុស្សកុំមើលងាយមនុស្ស»។ មិនថាអ្នកកើតមកក្នុងគ្រួសារក្រីក្រ ជីវិតលំបាកលំបិន ប្រឹងមួយថ្ងៃរស់មួយថ្ងៃ ឬបរាជ័យធ្លាប់ដល់ក្រោមសូន្យនោះទេ បើអ្នកមិនចុះចាញ់ ប្រឹងក្រោកឈរប្រឆាំងនឹងវាសនាហ៊ានតវ៉ាជាមួយព្រហ្មលិខិត ជិវិតអ្នកនឹងអាចផ្លាស់ប្តូរទៅតាមអ្វីដែលចង់បានជាក់ជាមិនខាន។
យ៉ាងណាមិញ ឈូកមាស បានចាប់ផ្តើមតាំងពីឆ្នាំ២០០៥ ពីដំបូងឡើយហាងនេះផ្គត់ផ្គង់តែផ្កាឈូកទៅតាមសណ្ឋាគារ និងតាមតូបអាជីវកនៅព្រះអង្គចេកព្រះអង្គចម លុះឆ្នាំ២០០៨ ដោយសារតម្រូវការប្រើប្រាស់ផ្កាស្រស់ របស់អតិថិជនកើនឡើង ហាងឈូកមាសក៏ចាប់ផ្តើមនាំចូលផ្កាស្រស់គ្រប់ប្រភេទ និងមានសេវាកម្មផ្សេងៗដូចជា រៀបចំបាច់ផ្កា កន្រ្តកផ្កា កន្រ្តកផ្លែឈើជាដើម។ នៅឆ្នាំ២០១៣ ដោយមើលឃើញសក្តានុពលដ៏ធំទូលាយនៃតម្រូវការ ហាងផ្កាឈូកមាសបានបន្ថែមនូវសេវាកម្មរៀបចំតុបតែងក្រណាត់ និងផ្កាស្រស់ គ្រប់កម្មវិធី រហូតមកដល់បច្ចុប្បន្ននេះ។
ពាក់ព័ន្ធជាមួយសេវាកម្មហាងផ្កា ឈូកមាស ផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយអតិថិជនអាចធ្វើការកម្ម៉ង់តាមរយៈ Facebook & Facebook Page ដែលមានច្រើនម៉ូដ និង ជម្រើសតាមតម្រូវការរបស់អតិថិជន ហើយក៏មានសេវាកម្មដឹកជញ្ជូនដោយមិនគិតថ្លៃ គ្រប់ទីកន្លែងក្នុងក្រុងសៀមរាប។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ឬចង់សាកសួរព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខទំនាក់ទំនង ០១២/០១០ ៣៣០ ៣៧៧ ០១២/០៩៣ ៣៧៥ ២៨២៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24