របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា តម្លៃរបស់មាសកំពុងបន្តធ្លាក់ចុះជាខ្លាំង ប្រសិនបើរាប់ចាប់ពីខែមេសាមកដល់ពេលនេះ ត្រឹមតែរយៈពេល៥ខែសោះ មាសធ្លាក់ថ្លៃអស់ដល់ទៅ ជិត ៤០០ដុល្លារទៅហើយ។
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ មាសមានតម្លៃត្រឹមតែ ១,៦៦៥ ដុល្លារក្នុងមួយអោន (មួយតម្លឹង ២,០០៦ដុល្លារ) ខណៈកាលពីថ្ងៃទី១៦ ខែមេសា វាមានតម្លៃ ១,៩៧៣ដុល្លារក្នុងមួយអោន (មួយតម្លឹង ២,៣៧៧ដុល្លារ)។ នេះបញ្ជាក់ឱ្យឃើញថា រយៈពេលត្រឹមតែ៥ខែសោះ មាសធ្លាក់ថ្លៃអស់ដល់ទៅ ៣៧១ដុល្លារទៅហើយ។
នៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន CNBC អ្នកជំនាញបានលើកឡើងថា មូលហេតុដែលធ្វើឱ្យមាសធ្លាក់ថ្លៃគឺព្រោះតែ អាមេរិកដំឡើងអត្រាការប្រាក់ និងប្រាក់ដុល្លារឡើងថ្លៃ។ លោក Daniel Ghali អ្នកយុទ្ធសាស្រ្តទីផ្សារ នៅក្រុមហ៊ុន TD Securities បាននិយាយថា “ប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតែប្រើវិធានការទប់ទល់អតិផរណា ដោយការដំឡើងអត្រាការប្រាក់ និងមិនព្រមថយចុះមកវិញទាំងដឹងថាកំពុងមានវិបត្តិសេដ្ឋកិច្ចបែបនេះ វានឹងធ្វើឱ្យមាសកាន់តែធ្លាក់ថ្លៃខ្លាំងមិនខានឡើយ”។
គួរបញ្ជាក់ផងដែរថា មាសត្រូវបានគេចាត់ទុកថាជាទ្រព្យសុវត្ថិភាព ដែលអាចប្រើក្នុងអំឡុងពេលសេដ្ឋកិច្ចជួបភាពមិនប្រាកដប្រជា ដូចជាពេលមានសង្រ្គាម ជួបវិបត្តិសេដ្ឋកិច្ច ឬអតិផរណាកើនឡើងខ្ពស់។ បើទោះបីជាពេលនេះបញ្ហាអតិផរណាកំពុងកើនខ្ពស់ខ្លាំងក៏ពិតមែន ប៉ុន្តែវាមិនអាចធ្វើឱ្យមាសឡើងថ្លៃនោះទេ ព្រោះតែអត្រាការប្រាក់ខ្ពស់បានទាញចំណាប់អារម្មណ៍មនុស្សចេញពីការវិនិយោគទៅហើយ។
សូមរំលឹកថា ពេលដែលអត្រាការប្រាក់មានតម្លៃខ្ពស់ មនុស្សនឹងជ្រើសរើសការយកលុយទៅដាក់ធនាគារ ជាជាងការខ្ចីលុយធនាគារយកទៅវិនិយោគ ព្រោះគេមិនអាចទទួលយកការបាត់បង់ផលចំណេញបានឡើយ។ ជាក់ស្ដែងអត្រាការប្រាក់កើនឡើង បើខ្ចីលុយធនាគារគេក៏ត្រូវបង់ការប្រាក់កាន់តែច្រើនថែមទៀត ដូច្នេះចង់មិនចង់គឺមានតែសំងំផ្អាកគិតរឿងវិនិយោគខ្លះសិន៕
អត្ថបទដោយ៖ សូ សុខលី