ដំណឹងល្អ! រដ្ឋប្រកាសបន្ដលើកលែងពន្ធដល់ដំណាច់ឆ្នាំ២០២៥ សម្រាប់អចលនទ្រព្យនៅសង្កាត់ និងក្រុងទាំងនេះ
Bunthoeun KoemFEBRUARY 12 2024704 views

រាជរដ្ឋាភិបាលបន្ដអនុគ្រោះ និងលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៤ និងបន្ដលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ និងក្រុងមួយចំនួនរហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើយោងតាមព្រឹត្ដិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០២៤។

 

ប្រភពដដែលបន្ដថា ដោយមានការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី៦ និងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដសុពលភាពអនុវត្ដការអនុគ្រោះ និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ព្រមទាំងបន្ដលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់ និងក្រុងមួយចំនួន ដូចខាងក្រោម៖

 

១. ពន្ធលើអចលនទ្រព្យ

 

បន្ដលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤ ចំពោះសង្កាត់ចំនួន ៤ ក្នុងក្រុងតាខ្មៅរួមមាន៖ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ សង្កាតត់រការខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង នៃខេត្ដកណ្ដាល និងក្រុងឧត្ដុង្គម៉ែជ័យ នៃខេត្ដកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្ដកណ្ដាល និងក្រុងបូកគោ នៃខេត្ដកំពត។

 

២. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

 

ការអនុគ្រោះនិងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) និងមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ត្រូវអនុវត្ដដូចខាងក្រោម៖

 

  • បន្ដសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ស្របតាមខ្លឹមសារលិខិតលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី) ចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាន់កាប់អចលនទ្រព្យមិនបានចុះបញ្ជី។ គោលការណ៍សំខាន់ៗនេះ អនុវត្ដចំពោះអចលនទ្រព្យដែលមានសាវតារផ្ទេរបន្ដដៃគ្នាច្រើនដងមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មាន៖
    • អនុញ្ញាតឲ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ
    • អនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ៦០០ លានរៀល ចំពោះអចលនទ្រព្យដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី។
  • បន្ដអនុគ្រោះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឲ្យបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច ហើយបានផ្ទេរទាំងស្រុង ឬពុះឡូតិ៍ ឬបំបែកក្បាលដី បន្ដដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលធ្វើឡើងមុនឆ្នាំ២០១៧។
  •  

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់បន្ថែមថា ការអនុគ្រោះខាងលើមិនមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ និងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ៕

 

Canva Photo Editor 85 1klg Apm.2e16d0ba.fill 960x540

424574449 921920215968323 4461882425860179168 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia