ជិះទៅណាក៏ឃើញ!! ស្ថានីយ៍ប្រេងឥន្ធនៈយីហោ TELA និង Sokimex ដុះស្ទើរគ្រប់កន្លុកកន្លៀតរះព្រៀតពេញស្រុកខ្មែរ ក្រោយឈរជើងរកស៊ីរឹងមាំ ក្រឡុកទីផ្សារប្រេងសាំងអស់រយៈពេលរាប់សិបឆ្នាំ ដាំកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីមហាជនគ្រប់ស្រទាប់មជ្ឈដ្ឋាន។ ចុះតើនរណាជាមេធំកាច់ចង្កូតនាវាជំនួញធំៗទាំង៣នេះ?
១/. ក្រុមហ៊ុន កម្ពុជា តេលា គ្រប់គ្រងដោយលោកឧកញ៉ា ឈុន អូន
ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ ដែលមានឈ្មោះថា កាឌីម៉ិច (Kadimex) ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុននេះបានសម្រេចប្តូរឈ្មោះទៅជាក្រុមហ៊ុន កម្ពុជា តេលា (Kampuchea Tela Co., Ltd) វិញក្នុងឆ្នាំ១៩៩៥ ដោយផ្តោតសំខាន់លើអាជីវកម្មស្នូលរបស់ខ្លួន គឺការចែកចាយប្រេងឥន្ធនៈដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងគំហុក។ ក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនមានស្ថានីយស្តុកប្រេងដំបូងរបស់ខ្លួនលើទឹកដីរាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមានទីតាំងជាយុទ្ធសាស្រ្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។ លើសពីនេះ ដោយមានការគាំទ្រដ៏មុះមុតរបស់មហាជន កម្ពុជា តេលា មានភាពរីកចម្រើនលូតលាស់ក្លាយជាងអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ធំជាងគេរបស់ប្រទេសកម្ពុជា ដោយបានចូលរួមចំណែក បង្កើតការងារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
២/. ក្រុមហ៊ុន សូគីម៉ិច គ្រប់គ្រងដោយអ្នកឧកញ៉ា សុខ គង់
ក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច (Sokimex Investment Group CO.,LTD.) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយអ្នកឧកញ៉ា សុខ គង់ មានការិយាល័យធំៗលើទឹកដីរាជធានីភ្នំពេញ។ នៅក្នុងដំណើរការនេះ ក្រុមហ៊ុន សូគីម៉ិច មិនត្រឹមតែបង្កើតបណ្តាញចែកចាយឥន្ធនៈដ៏រឹងមាំនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែបានវិនិយោគលើការសាងសង់កន្លែងស្តុកប្រេង ឃ្លាំង និង ស្ថានីយ៍ប្រេងឥន្ធនៈផងដែរ។
សព្វថ្ងៃ សូគីម៉ិច គឺជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេ ដែលមានជើងហោះហើរផ្ទាល់ខ្លួន មានសមត្ថភាពគ្រប់គ្រងនាវាដឹកប្រេងរហូតដល់ ៤៦,០០០តោន ស្ថានីយស្តុកប្រេងចំនួន ៥ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៤ និងប្រព័ន្ធដឹកជញ្ជូនប្រេងឥន្ធនៈដ៏ស្មុគស្មាញ ដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិ រួមទាំងបានកសាងខ្លួនក្លាយជាអ្នកលេងសាជីវកម្មឈានមុខគេមួយ ក្នុងការកសាងអនាគតសេដ្ឋកិច្ចរបស់កម្ពុជា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook