ត្រូវប៉ាន់អ្នកចូលចិត្តញ៉ាំផ្លែឈើ ព្រោះនៅពេលឆាប់ៗខាងមុខនេះនឹងមានចំការផ្លែឈើមួយកន្លែងស្ថិតនៅខេត្តព្រះវិហារ នឹងរៀបចំប៊ូហ្វេផ្លែឈើមួយ ដោយបើកទទួលភ្ញៀវចូលទស្សនា និងញ៉ាំផ្លែឈើក្នុងចំការ បេះពីដើមផ្ទាល់ៗដោយសេរី ដោយចំណាយក្នុងម្នាក់ត្រឹមតែ ១២,០០០រៀលតែប៉ុណ្ណោះ។
ថ្លែងប្រាប់ក្រុមការងារចាបក្រហម ម្ចាស់ចំការ Fresh Farm - ចំការស្រស់ស្រាយ លោក ស្វាយ សុផល បានឱ្យដឹងថា ចំការរបស់លោកនឹងបើកទទួលឱ្យភ្ញៀវចូលទស្សនា និងញ៉ាំប៊ូហ្វេផ្លែឈើចាប់ពីថ្ងៃចន្ទ ទី១ ខែ ឧសភា ឆ្នាំ ២០២៣ នេះតទៅ ដោយក្នុងម្នាក់ត្រូវចំណាយអស់ ១២,០០០រៀលប៉ុណ្ណោះ ប៉ុន្តែអាចញ៉ាំផ្លែសាវម៉ាវ និងផ្លែឈើផ្សេងទៀត បានដោយសេរីក្នុងរយៈពេល ៣ម៉ោង។ហើយសម្រាប់អ្នកដែលចូលលេងចង់ទិញយកទៅផ្ទះក៏មានតម្លៃពិសេសជូនថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ចំការ Fresh Farm - ចំការស្រស់ស្រាយ ចាប់ផ្តើមបើកឱ្យភ្ញៀវចូលចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីតាំងក្នុងភូមិអូរក្លែងព័រ ខេត្តព្រះវិហារ។ហេតុដូច្នេះសម្រាប់បងប្អូនដែលបានទៅលេងនៅខេត្តព្រះវិហារអាចឈានចូលទៅញ៉ាំប៊ូហ្វេផ្លែឈើនៅចំការ Fresh Farm បានដែលមានទីតាំងស្ថិតនៅ ភូមិអូរក្លែងព័រ ជិះពីទីរួមខេត្តព្រះវិហារចម្ងាយប្រហែល 6គីឡូម៉ែត្រ បង្គោលគីឡូម៉ែត្រលេខ120 ហួសសាលាហ្មសែត។ហើយចំពោះបងប្អូនដែលមានបំណងចង់កម្ម៉ង់ផ្លែឈើពី ចំការ Fresh Farm - ចំការស្រស់ស្រាយ ក៏មានការដឹកជញ្ជូន២៥ខេត្តក្រុងបានផងដែរ ឬចង់ សាកសួរពីព័ត៌មានផ្សេងៗ អាចទំនាក់ទំនងទៅកាន់លេខ (017 83 33 78 / 086 698 666 ) ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង