លោក Davidson បរាជ័យក្នុងមហាវិទ្យាល័យ ងាកមកធ្វើរឿងមួយនេះ អាចរកប្រាក់ ១,៦ពាន់លា.ន$ ក្នុងវ័យ២៨ឆ្នាំ
Kan DaraJULY 26 2024910 views

លោក Francis Davidson គឺជាស្ថាបនិកនៃក្រុមហ៊ុនបដិសណ្ឋាកិច្ច Sonder Corp ដែលគ្រប់គ្រងការជួល សណ្ឋាគារ ផ្ទះល្វែង ក្នុងរយៈពេលខ្លី ខណៈបច្ចុប្បន្នមានជាង ៩០០០ល្វែង នៅទូទាំង១០ប្រទេសជុំវិញពិភពលោក រួមមានដូចជា អាមេរិកខាងជើង អឺរ៉ុប និងឌូបៃជាដើម រួមទាំងមានតម្លៃលើទីផ្សាររហូតដល់ទៅ ១,៦ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Stock Analysis នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

 

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលអតីតកាលបន្តិចនៅពេលដែលលោក Francis Davidson មានអាយុ ១៩ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១២ លោកគឺជានិស្សិតដែលទើបបញ្ចប់ការសិក្សាឆ្នាំទីមួយ នៅឯសាកលវិទ្យាល័យ McGill ប្រទេសកាណាដា។ ថ្ងៃឈប់សម្រាកបញ្ចប់ឆ្នាំនារដូវក្តៅក៏បានមកដល់ មិត្តភក្តិស្នាក់នៅរួមផ្ទះល្វែងដែលមានបីបន្ទប់ក៏បានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ទុកឲ្យ Francis Davidson ស្នាក់នៅម្នាក់ឯង។

 

ដោយឃើញមានបន្ទប់នៅសេសសល់ គ្រានោះលោកក៏កើតមានគំនិតមួយ ចង់ជួលបន្ទប់នោះឲ្យទៅភ្ញៀវទេសចរណ៍ និងអ្នកដែលចង់ស្នាក់នៅក្នុងរយៈពេលខ្លី ដោយដាក់ការជួលបន្ទប់នេះនៅលើបណ្តាញអ៊ីនធឺណេត ហើយភ្ញៀវអាចធ្វើការកក់តាមរយៈអនឡាញបាន។

 

គំនិតមួយនេះបានធ្វើឲ្យ Francis Davidson ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយវាក៏ជាពេលវេលាមួយដែលក្រុមហ៊ុនបដិសណ្ឋាកិច្ច Sonder Corp បានចាប់បដិសន្ធិឡើងផងដែរ។ ការសម្រេចចិត្តបង្កើតក្រុមហ៊ុននេះបានធ្វើឲ្យម្តាយរបស់លោក មិនសូវជាពេញចិត្តនិងគាំទ្រលោកប៉ុន្មាននោះទេ ព្រោះវាផ្ទុយនឹងឆន្ទៈរបស់គាត់ដោយគាត់សង្ឃឹមថាលោក Francis Davidson និងបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យយ៉ាងជោគជ័យ តែជាលទ្ធផល លោកបានធ្វើរឿងដែលបង្កជាផលប៉ះពាល់រហូតដល់ផ្អាក់ការសិក្សាទៅវិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ Make It។

 

តែទោះជាយ៉ាងណាក៏ដោយ លោកបានធ្វើការយ៉ាងសកម្ម និងរៀបចំយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែរីកធំ។ ជាដំបូងលោកបានធ្វើការជាមួយនិស្សិតដែលស្នាក់នៅផ្ទះល្វែងក្បែៗគ្នា ពេលដែលពួកគេឈប់ស្នាក់នៅក្នុងរយៈពេលណាមួយ ពួកគេអាចប្រាប់ទៅកាន់លោក ហើយលោកនឹងរៀបចំទទួលភ្ញៀវឲ្យស្នាក់នៅ ដោយចែកភាគលាភខ្លះទៅកាន់និស្សិតទាំងនោះ។ លោកបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់រហូតអាចពង្រីកខ្លួនទៅដល់ការជួលផ្ទះល្វែង និងសណ្ឋាគារដោយចុះបញ្ជើត្រឹមត្រូវមានទីតាំងនៅកណ្តាលទីក្រុងថែមទៀតផង។

 

ក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នាពេលកន្លងទៅនេះ លោក Francis Davidson បានថ្លែងថា៖ «ខ្ញុំអាចរកប្រាក់បានចំនួនជាង ១៤,០០០ដុល្លារ ខណៈពេលដែលខ្ញុំចំណាយប្រហែល ៥,០០០ដុល្លារ ក្នុងការជួលសរុបសម្រាប់អាផាតមិនក្នុងរដូវក្តៅ»។ លោកបានបន្តទៀតថា៖ «ខ្ញុំមិនដឹងថា ខ្ញុំចង់ក្លាយជាសហគ្រិននោះទេនៅពេលខ្ញុំចាប់ផ្តើមជួលអាផាតមិននៅមហាវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំបានធ្វើរឿងដ៏ភ្ញាក់ផ្អើលសម្រាប់ខ្លួនឯង»។ លោកក៏សង្ឃឹមផងដែរថា លោកនឹងអាចវិលត្រឡប់ទៅបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យវិញនាពេលឆាប់ៗខាងមុខនេះ។

 

គួរជម្រាបថា បច្ចុប្បន្ន Sonder Corp អាចពង្រីកខ្លួនមានតម្លៃលើទីផ្សារ ១,៦ពាន់លានដុល្លារ មានអតិថិជនសរុប ១លាននាក់ និងរកចំណូលប្រចាំឆ្នាំបានជាមធ្យម ៦០៣លានដុល្លារ បន្ទាប់ពីរៃអង្គាសប្រាក់បានសរុបជាង ៥៥០លានដុល្លារ ពីក្រុមហ៊ុនមូលធនបណ្តាក់ទុន រួមទាំងវិនិយោគិនជាច្រើនរូប ដូចជាអតីតកីឡាករបាល់បោះ Alex Rodriguez និងមូលនិធិគាំទ្រដោយ Jeff Bezos និង Elon Musk៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia