ឱ្យតែខ្លាំង ដឹងតែខ្លោច! មកដឹងសញ្ញាធំ៤ ប្រាប់ថាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចេញ រកស៊ីនៅឡើយទេ
នារី AUTOJULY 21 2024491 views

មែនទែនទៅការចាប់ផ្តើមអាជីវកម្មមិនពិបាកទេ ប្រសិនបើអ្នកដឹងពីរបៀបធ្វើវា ប៉ុន្តែផ្ទុយទៅវិញ វាក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ ប្រសិនបើអ្នកស្ទើរតែគ្មានចំណេះ និងបទពិសោធន៍ទាល់តែសោះក្នុងវិស័យដែលអ្នកចង់ធ្វើ។ ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកសញ្ញាធំៗចំនួន ៤ ដែលបង្ហាញថាអ្នកមិនទាន់អាចរកស៊ីបាននៅឡើយ។ ទាំងនេះ​រួម​មាន៖

១. កុំទាន់ចេញរកស៊ីប្រសិនបើអ្នកមិនមានលុយ៖ ជាការពិតណាស់ សូមកុំទាន់ចេញរកស៊ីឱ្យសោះប្រសិនបើអ្នកពំុមានលុយ ព្រោះថាការធ្វើអាជីវកម្មត្រូវការលុយរហូតដូចការត្រូវការអុកស៊ីសែនដើម្បីដកដង្ហើមអញ្ចឹងដែរ។ ដូច្នេះសូមកំុទាន់ចេញរកស៊ី ព្រោះទម្រាំតែអាជីវកម្មមួយអាចដើរទៅមុខបាន វាមិនមែនបើកមួយសប្តាហ៍ ពីរសប្តាហ៍បានផលនោះទេ ពោលយ៉ាងហោចណាស់ក៏កន្លះឆ្នាំអីដែរ ម្ល៉ោះហើយវាទាមទារឲ្យអ្នកមានលុយត្រៀមទុកពេលខាតអំឡុងពេលដំបូង​ៗ

ត្រឡប់មកវិញប្រសិនបើពេលនេះ អ្នកមិនទាន់មានលុយទេ អ្នកអាចទៅធ្វើការឱ្យគេសិនដើម្បីបង្កើតចំណូល ព្រោះការរកស៊ីវាត្រូវការស៊ីពេលយូរ ជាពិសេសវាត្រូវការលុយដើម្បីរីកលូតលាស់ទៅមុខ។

២. មិនមានជំនាញក្នុងវិស័យដែលខ្លួនកំពុងធ្វើ៖ មែនទែនទៅដើម្បីអាចរកលុយបានក្នុងវិស័យណាមួយក៏ដោយ វាត្រូវការឱ្យអ្នកយល់ច្បាស់ពីវិស័យនោះ បើអ្នកមិនទាន់យល់ពីវិស័យនោះទេ ដំបូងអ្នកត្រូវរៀនពីវិស័យនោះសិន។ ឧទាហណ៍ថាអ្នកចង់បើកភោជនីយដ្ឋានមួយ តើវាជារឿងល្អដែរទេប្រសិនបើអ្នកសាកទៅធ្វើការក្នុងភោជនីយដ្ឋានជាមុនសិន? ដើម្បីដឹងថាតើគេធ្វើការរបៀបម៉េច? ទទួលភ្ញៀវរបៀបម៉េច ហើយត្រូវត្រៀមអ្វីខ្លះជាដើម។

៣. គ្មានអង់ទីគ័រការពារភាពឈឺចាប់៖ ត្រង់ចំណុចនេះ យើងចង់មានន័យទៅលើភាពអត់ធន់នៃចិត្ត ដែលអាចទ្រាំទ្រនឹងភាពឈឺចាប់បានក្នុងរយៈពេលវែង ព្រោះថាលើលោកនេះគ្មានសហគ្រិនណាដែលចាប់ផ្តើមមិនមានភាពឈឺចាប់នោះទេ ហើយភាគច្រើនសិតសឹងតែតស៊ូដាច់យប់ បើមិនមែនវិលមុខដោយសារបញ្ហាលុយកាក ក៏ជាបញ្ហាបុគ្គលិក បើមិនមែនបុគ្គលិកក៏ត្រូវស្វែងរករបៀបលក់ថ្មីៗ ឬក៏ជាបញ្ហាផ្សេងជាច្រើនទៀតដែរ។

ដូច្នេះហើយអ្នកត្រូវសួរខ្លួនឯងថា តើអ្នកមានចិត្តរឹងមាំដើម្បីការងារភាពឈឺចាប់ទាំងអស់នេះហើយឬនៅ តើអ្នកត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាហើយឬនៅ? បើនៅវាមានន័យថាអ្នកពំុទាន់អាចចេញរកស៊ីបានទេ។

៤. មិនទាន់ចេះលក់៖ មិនខ្វល់ថាអ្នកកំពុងតែរកស៊ីអ្វីនោះទេ បើអ្នកចង់បានអតិថិជនអ្នកត្រូវចេះលក់ បើអ្នកចង់មានអ្នកដាក់ទុនជាមួយអ្នក អ្នកត្រូវចេះលក់ ហើយបើអ្នកចង់បានអ្នកផ្គត់ផ្គង់អ្នកក៏ត្រូវតែចេះលក់ ហើយបើអ្នកពំុមានសម្ថភាពដើម្បីលក់ឱ្យមនុស្សគ្រប់គ្នានិងគ្រប់កាលៈទេសៈនោះទេ និងមិនមានផ្នត់គំនិត មិនមានជំនាញលក់នោះទេ អ្នកពំុសាកសមជាសហគ្រិនឡើយ។

ហេតុផលនោះគឺ មិនថាអ្នកកំពុងលក់អ្វី ផលិតផលបែបណានោះទេ ចាំបាច់់ត្រូវតែមានសម្ថភាពលក់ជាដាច់ខាត ហើយដើម្បីអាចមានជំនាញនេះបានវាតម្រូវអ្នករៀនសង្កេត​ រៀនស្តាប់ រៀនធ្វើ និងនៅក្បែរអ្នកដែលមានជំនាញលក់ឱ្យបានច្រើន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia