មេធំ Big Apple នៅខ្មែរ បង្ហើបពីមន្តស្នេហ៍ ៣ អាចទាញភ្ញៀវឱ្យតម្រង់ជួរទិញនិងអាចពង្រីកហាងរហូតដល់៩សាខា
ធី ស្រីល័ក្ខAUGUST 29 2023189 views

អ្នកស្រី អម សុភី បច្ចុប្បន្នគឺជា នាយកប្រតិបត្តិរបស់ហាង Big Apple ចំណែក អ្នកស្រី យូយូ មាន ក៏ជាប្រធានផ្នែកទីផ្សាររបស់ Big Apple ផងដែរ​ ដោយអ្នកទាំង២ បានចាប់ដៃនាំប្រេនដ៏ល្បីមួយនេះពីប្រទេសម៉ាឡេស៊ីដើម្បីមកបើកនៅខ្មែររហូតអាចពង្រីកដល់ទៅ៩សាខា និងអាចទាញអតិថិជនបានយ៉ាងច្រើនផងដែរ។

ជាក់ស្តែងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រីអម សុភី ដែលជានាយកប្រតិបត្តិរបស់ហាង Big Apple បានបង្ហើបពីសាវតារបស់ខ្លួនថា “ខ្ញុំគឺជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Norton ដែលរៀនជំនាញខាងគ្រប់គ្រងពាណិជ្ជកម្ម” ក្រោយពីរៀនចប់អ្នកស្រីក៏បានរៀបការជាមួយស្វាមីហើយក៏បានទៅរស់នៅប្រទេសបារាំង រស់នៅទីនោះបានមួយរយៈអ្នកស្រីព្រមទាំងស្វាមីក៏បានពិភាក្សាគ្នាដើម្បីមករស់នៅប្រទេសកម្ពុជាវិញ ហើយពេលមកខ្មែរវិញអ្នកនាងព្រមទាំងបងថ្លៃស្រីគឺ អ្នកស្រី យូយូ មាន ក៏បានបបួលគ្នាទៅដើរលេងនៅប្រទេសម៉ាឡេស៊ី។

នាយកប្រតិបត្តិរបស់ហាង Big Apple បាននិយាយបន្តថា នៅពេលដែលទៅដើរលេងប្រទេសម៉ាឡេស៊ី អ្នកស្រីនឹងបងថ្លៃក៏បានចូលហាងមួយកន្លែងនៅទីនោះដើម្បីទិញនំដូណាត់របស់ Big Apple មកញាំ ក្រោយពីសាកញាំហើយគឺអ្នកស្រីនឹងបងថ្លៃពិតជាពេញចិត្តនឹងរសជាតិនំនេះខ្លាំងណាស់ហើយក៏មានក្តីស្រមៃមួយថាថ្ងៃណាមួយនឹងនាំនំដ៏ឆ្ញាញ់មួយនេះមកបើកនៅខ្មែរ ដើម្បីឱ្យប្រជាជនខ្មែរបានសាក។ ទៀតសោតផងដែរនោះ អំឡុងពេលដែលនៅប្រទេសម៉ាឡេស៊ី អ្នកស្រីនឹងបងថ្លៃក៏បានទៅចរចារជាមួយម្ចាស់ប្រេន Big Apple នៅទីនេះដើម្បីទិញសិទ្ធិមកបើកនៅខ្មែររហូតបានសម្រេច ដូច្នេះអ្នកស្រី សុភី ព្រមជាមួយបងថ្លៃគឺអ្នកស្រី យូយូ មាន ក៏បានដាក់ទុនរកស៊ីចូលគ្នាមកបើកហាង Big Apple នៅកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០១៥។

អ្នកស្រី អម សុភី ព្រមទាំង អ្នកស្រី យូយូ មាន ដែលជាមេធំរបស់ Big Apple នៅខ្មែរ ក៏បានបង្ហើបថា នាពេលបច្ចុប្បន្នហាង Big Apple មានសរុបចំនួន ៩ទីតាំងហើយ ដោយ ៧ទីតាំងជាសាខាដើម ចំណែក ២សាខាទៀត ជាហ្រ្វេនឆាយ។ នៅក្នុងនោះដែរ ស្រ្តីខ្លាំងទាំង២ រូបនេះ ក៏បានបង្ហើបពីមន្តស្នេហ៍ ៣ ដែលធ្វើឱ្យប្រេន Big Apple អាចទាញភ្ញៀវឱ្យគាំទ្រយ៉ាងច្រើនកុះករ ជាង៨ឆ្នាំមកនេះ៖

១. ភាពច្នៃប្រឌិតរបស់នំដូណាត់

មេធំ Big Apple នៅខ្មែរ បានលើកឡើងថា ទម្រាំតែធ្វើនំដូណាត់នេះបានមួយៗ គឺឆ្លងកាត់ដំណាក់កាលច្រើនណាស់ ពេលខ្លះគ្រាន់តែនំដូណាត់១យើងត្រូវការពេលរហូតដល់ទៅ២ម៉ោង ហើយការដែលចំណាយពេលធ្វើនំប្រើពេលវេលាច្រើនបែបនេះ ដោយសារតែចង់ឱ្យនំចេញមកគឺពិសេសហើយអស្ចារ្យបំផុត។

ហើយចំពោះការឌីហ្សាញម៉ូដនំដូណាត់គ្រប់សាខាទាំង ៩ របស់ Big Apple គឺត្រូវតែចេញម៉ូដមកដូចគ្នា បើសិនជាសាខាណាធ្វើខុសម៉ូដតែបន្តិចក៏ត្រូវតែធ្វើសារជាថ្មីដែរ ហើយការធ្វើបែបនេះគឺចង់ឱ្យអតិថិជនមានអារម្មណ៍ថា ប្រសិនជាគាត់ចង់សាកភ្លក់នំដូណាត់គឺគាត់អាចទៅគ្រប់សាខាទាំងអស់របស់ Big Apple ពីព្រោះមិនថារសជាតិ ឬក៏ម៉ូដនំទេពោលគឺដូចគ្នា ១០០% ដូច្នេះអតិថិជនគឺទិញដោយមានទំនុកចិត្តពីព្រោះម្ចាស់ហាងធ្វើដោយក្តីស្រលាញ់ ធ្វើដោយការយកចិត្តទុកដាក់ខ្ពស់មិនឱ្យអតិថិជនខកបំណងឡើយ។

២. គុណភាព

មែនទែនទៅ ចំពោះអាជីវកម្មនីមួយៗគុណភាពពិតជាសំខាន់ខ្លាំងណាស់ ប្រសិនជាម្ចាស់អាជីវកម្មផ្តោតសំខាន់ទៅលើគុណភាពជាចម្បងនោះប្រាកដជាទាញអតិថិជនបានដូចព្យុះ តួយ៉ាងដូចជា Big Apple អញ្ចឹង បើនិយាយអំពីនំដូណាត់វិញគឺធ្វើលក់មួយថ្ងៃសម្រាប់មួយថ្ងៃ ហើយបើមានថ្ងៃណាលក់សល់គឺពុំយកមកលក់ម្តងទៀតឡើយ មិនតែប៉ុណ្ណោះនំដូណាត់របស់ហាង Big Apple គឺមានរហូតដល់ទៅ ៣៣ រសជាតិ ដែលមានជម្រើសច្រើនបំផុតសម្រាប់អតិថិជនក្នុងការជ្រើសរើសផ្សេងៗគ្នា ក្រៅពីមានរសជាតិច្រើន សូម្បីតែនំក៏ធ្វើថ្មីៗរាល់ថ្ងៃទៀត ចំណុចនេះហើយដែលអាចទាញអតិថិជនឱ្យមកទិញម្តងហើយត្រឡប់មកទិញម្តងទៀត។

៣. ប្រូម៉ូសិនរសជាតិប្លែកៗ

បើនិយាយទៅដល់ការប្រូម៉ូសិនរបស់ហាង Big Apple វិញគឺមានភាពប្លែកៗគ្នាជារៀងរាល់ខែ ថែមទាំប្រូម៉ូសិនរស់ប្លែកៗទៀតផង ដោយសារការប្រូម៉ូសិនដែលធ្វើឱ្យអតិថិជនមិនចេះធុញទ្រាន់ ហើយស្របគ្នាជាមួយនឹងនំដូណាត់ធ្វើការឌីហ្សាញស្អាតៗ នឹងការវិចខ្ចប់មានភាពទាក់ទាញថែមទៀតនោះ បានធ្វើឱ្យហាង Big Apple ឱ្យតែមានការប្រូម៉ូសិនម្តងៗមានអតិថិជនកម្មង់ធ្វើឱ្យមិនចង់ទាន់ ហើយបើនិយាយទៅដល់ការសម្ពោធសាខាថ្មីៗវិញ គឺ Big Apple តែងតែមានកម្មវិធីចែកកាដូរទៅដល់អតិថិជនដែលមកហាងផ្ទាល់ផងដែរ ចំណុចទាំងនេះហើយបានធ្វើឱ្យហាងនំដូណាត់មួយនេះស្រូបបានទាំងភ្ញៀវជាមនុស្សចាស់ ទាំងយុវវ័យថែមទៀតផង។

សូមបញ្ជាក់ថា Big Apples Donuts &Coffee គឺជាម៉ាកនំដូណាត់ដ៏ល្បីល្បាញ មានប្រភពដើមមកពីប្រទេសម៉ាឡេស៊ី និងត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Star Food Enterprise Co., Ltd នៅក្នុងដែរ Big Apple Donuts & Coffee តែងតែផ្តល់ជូនអតិថិជននូវជម្រើសនំដូណាត់ល្អៗជាច្រើនរសជាតិ រួមជាមួយកាហ្វេ តែ ភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទទៀតផងដែរ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia