ភ្នំពេញ កម្ពុជា ៖ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី បានទទួលការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ ពី Global Credit Rating (GCR) ដែលជាស្ថាប័នវាយតម្លៃស្ថានភាពហិរញ្ញវត្ថុដ៏ល្បីល្បាញជុំវិញពិភពលោក។ ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ខ្នាតអន្តរជាតិរបស់ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ត្រូវបានដំឡើងពី B ទៅ B+ រីឯការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ខ្នាតថ្នាក់ជាតិត្រូវបានដំឡើងពី AA(KH) ទៅ AA+(KH)។
ការដំឡើងចំណាត់ថ្នាក់នេះ គឺជាលទ្ធផលនៃការធ្វើឱ្យប្រសើរឡើងនូវមូលធននីយកម្ម និងលំហូរសាច់ប្រាក់ ដែលបានដើរតួរពង្រឹងជំហរហិរញ្ញវត្ថុរបស់ ហ្វតតេ យ៉ាងរឹងមាំក្នុងទីផ្សារ។ លើសពីនេះ ការដំឡើងចំណាត់ថ្នាក់របស់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក៏ត្រូវបានសន្មត់ថាជាគុណសម្បត្តិសម្រាប់ប្រកួតប្រជែង ការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយការប្រុងប្រយ័ត្ន និងទម្រង់ហិរញ្ញវត្ថុរឹងមាំរបស់ពួកគេទាំងមូល។
វិញ្ញាបនបត្របញ្ញាក់ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ ពី Global Credit Rating (GCR)
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងជាច្រើនប្រភេទបំពេញតាមតម្រូវការអាជីវកម្ម និងបុគ្គល ដោយមានគោលដៅចម្បងក្នុងការការពារអតិថិជន ពីហានិភ័យរបស់ភាពមិនច្បាស់លាស់ និងហានិភ័យដែលអាចកើតមានឡើងនៅក្នុងពិភពលោករបស់យើង។ ផលិតផលធានារ៉ាប់រងរបស់ ក្រុមហ៊ុនហ្វតតេ ដែលមានទាំងការការពារសម្រាប់អាជីវកម្ម និងបុគ្គល ដូចជា៖ ធានារ៉ាប់រងអគ្គីភ័យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនជាក្រុម ការធានារ៉ាប់រងទៅលើគេហដ្ឋាន និងអចលនទ្រព្យ ធានារ៉ាប់រងនាវាសមុទ្រ និងទំនិញ ការសាងសង់ អាកាសចរណ៍ យានយន្ត សុខភាព និងធានារ៉ាប់រងលើការទទួលខុសត្រូវទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាផលិតផលធានារ៉ាប់រងផ្សេងៗជាច្រើនទៀត។
បច្ចុប្បន្ន ហ្វតតេ នៅតែបន្តភាពឈានមុខគេនៅក្នុងទីផ្សារធានារ៉ាប់រងទូទៅក្នុងប្រទេសកម្ពុជា ដោយសារកំណើនយ៉ាងឆាប់រហ័សនៃបុព្វលាភធានារ៉ាប់រងសរុប និងការធ្វើពិពិធកម្មដ៏ល្អនៅគ្រប់ខ្សែអាជីវកម្មផ្សេងៗគ្នា។ ការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុនេះ គឺជាសក្ខីភាពមួយសបញ្ជាក់ពីយុទ្ធសាស្រ្តអនុវត្តផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងជាប់លាប់ បូកផ្សំការអនុវត្តការធានារ៉ាប់រងប្រកបដោយការទទួលខុសត្រូវ និងកាន់កាប់ចំណែកទីផ្សារនាំមុខគេ។
លោក ពិន និរន្ត នាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុ មានប្រសាសន៍ថា "យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលបានការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុនេះពី GCR ព្រោះវាឆ្លុះបញ្ចាំងពីការថយចុះនៃកម្រិតហានិភ័យផ្នែកហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុ របស់ ហ្វតតេ។ លើសពីនេះ សមិទ្ធិផលមួយនេះ បង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តអតិថិជនលើអាជីវកម្មយើងទាំងមូល បូកផ្សំនឹង ការប្តេជ្ញាចិត្តចំពោះបទពិសោធន៍របស់អតិថិជន ហ្វតតេ។ គួបផ្សំនឹងពានរង្វាន់ផ្សេងៗដែលយើងទទួលបានថ្មីៗ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង សុទ្ធតែជាកត្តាសំខាន់ៗដែលចូលរួមពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀត ដើម្បីជួយឱ្យក្រុមហ៊ុន ហ្វតតេ ទទួលបានលក្ខខណ្ឌហិរញ្ញប្បទានកាន់តែប្រសើរឡើង ដើម្បីគាំទ្រនូវនិរន្តភាពនៃអាជីវកម្មយើងក្នុងរយៈពេលវែង។"
លោក ពិន និរន្ត នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ហ្វតតេគ្រុប
ក្រៅពីមោទកភាពនៃការទទួលបាននូវការទទួលស្អាល់ពី ស្ថាប័នវាយតម្លៃ Global Credit Rating ហើយនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ក៏ទើបតែទទួលបានពានរង្វាន់ជាក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ2023 (Inclusive Business Award) ក្នុងកម្មវិធីកិច្ចប្រជុំ អាជីវកម្មបរិយាប័ន្នអាស៊ានលើកទី6 ដែលធ្វើឡើងនៅកោះបាលី នៃប្រទេស ឥណ្ឌូនេស៊ី កាលពីចុង ខែសីហាកន្លងទៅ។ លើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” ដែរនេះរាប់ជាពានរង្វាន់លើកទីបី សម្រាប់ហ្វតតេ។ ទាំងនេះសុទ្ធតែជាសមិទ្ធិផលដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់ហ្វតតេ សម្រាប់ការទទួលស្គាល់ទាំងក្នុងប្រទេស កម្ពុជា និងក្នុងតំបន់ដែលពួកគេប្រតិបត្តិការ។
លោក ពិន និរន្ត បានបន្ថែមទៀត៖ “ជាមួយនឹងការដំឡើងនូវចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ ហ្វតតេ ជឿជាក់ថា យើងនឹងត្រៀមខ្លួនសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ជានិច្ច និងជោគជ័យនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហ្វតតេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រពីសំណាក់អតិថិជន និងដៃគូទាំងអស់របស់យើង។”
អំពី ហ្វតតេ
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្ម មួយ ក្នុងពេលតែមួយ ។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ1999, ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកប ដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវា ធានារ៉ាប់រងទូទៅ និងសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុង ប្រទេសកម្ពុជា និងធានារ៉ាប់រង ទូទៅក្នុងប្រទេសឡាវ ។ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត ។
ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់នូវរាល់ស្នាដៃបុគ្គលិក របស់យើង និងផ្តល់ឱកាសដល់បុគ្គលិក គ្រប់ៗអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និង ក្រៅស្ថាប័ន ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com