ចង់រកស៊ីចូលហ៊ុនគ្នា គួរដឹង! តស់មកស្គាល់មនុស្ស ៥ប្រភេទនេះ អត្រាហានិភ័.យខ្ពស់ មិនគួររកស៊ីជាមួយ
THATSORNA NOVJUNE 27 2024531 views

ការរកស៊ីគឺជារឿងមួយដែលល្អ ប៉ុន្តែវានឹងប្រែជាអាក្រក់ ប្រសិនបើអ្នករកស៊ីជាមួយមនុស្សខុស។ បើសិនជាអ្នកមិនទាន់មានជំនាញក្នុងការមើលមនុស្សទេ អ្នកមិនគួរសម្រេចចិត្តយកលុយសន្សំ ឬប្រថុយខ្ចីលុយពីធនាគារមករកស៊ី ឬវិនិយោគជាមួយមនុស្សទាំង ៥ប្រភេទខាងក្រោមនេះនោះទេ ព្រោះវានឹងធ្វើឱ្យដើមទុនរបស់អ្នកស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ ប្រឈមនឹងការបាត់បង់ ហើយអាចនឹងរុញអ្នកឱ្យធ្លាក់ក្នុងរណ្ដៅបំណុលវ័ណ្ឌកទៀតផង។

១. មនុស្សគ្មានផែនការអាជីវកម្មច្បាស់លាស់

សូមកុំរកស៊ីជាមួយអ្នកណាម្នាក់ ដោយសារតែអ្នកចូលចិត្តគាត់ ឬប្រើអារម្មណ៍មួយឆាវៗមករកស៊ីឱ្យសោះ ប៉ុន្តែអ្នកត្រូវរកស៊ីជាមួយមនុស្សដែលមានផែនការរកស៊ីច្បាស់លាស់ទើបជាជម្រើសល្អ។ ការរកស៊ីសម័យបច្ចុប្បន្ន មានការប្រកួតប្រជែងខ្ពស់ណាស់ ប្រសិនបើរកស៊ីដោយមិនបានគិតវិភាគស៊ីជម្រៅ គ្មានផែនការសម្រាប់ធ្វើ គ្មានផែនការបង្ការហានិភ័យ គ្មានយុទ្ធសាស្ត្រលក់ យុទ្ធសាស្ត្រគ្រប់គ្រង យុទ្ធសាស្ត្រធ្វើទីផ្សារទេ កុំទាន់ប្រថុយរកស៊ីជាមួយបុគ្គលម្នាក់នោះឱ្យសោះ។ ប្រសិនបើរកស៊ីតាមអារម្មណ៍ ដើមទុនអ្នកងាយនឹងបាត់បង់ ហើយមិត្តភាពអាចនឹងប្រែជាសត្រូវនឹងគ្នា មើលមុខលែងចំក៏ថាបាន។

២. មនុស្សគ្មានជំនាញ និងគ្មានបេះដូងជាមួយអាជីវកម្ម

កុំរកស៊ីជាមួយមនុស្សដែលគ្មានជំនាញច្បាស់លាស់លើអាជីវកម្មដែលគ្រោងនឹងធ្វើនោះ ព្រោះមនុស្សដែលគ្មានជំនាញរកស៊ី ពិបាករកស៊ីឱ្យចំណេញណាស់។ មួយវិញទៀត មនុស្សដែលមានតែទ្រឹស្ដីលើជំនួញនោះ ក៏មិនទាន់គួរឱ្យទុកចិត្តនោះដែរ ព្រោះចំណេះខុសពីជំនាញ ហើយជំនាញច្បាស់ វាកើតចេញពីបទពិសោធន៍ធ្លាប់អនុវត្តច្រើនផងដែរ។ មួយវិញទៀត ប្រសិនបើបុគ្គលម្នាក់នោះមានជំនាញដែរ តែគាត់គ្មានបេះដូងជាមួយអាជីវកម្មនោះ ក៏អាចនឹងងាយឱ្យគាត់បោះបង់ ហើយចុងក្រោយបរាជ័យផងដែរ។

៣. មនុស្សកំពុងមានបញ្ហាហិរញ្ញវត្ថុ

រកស៊ីជាមួយមនុស្សមានបញ្ហាហិរញ្ញវត្ថុ គឺមានហានិភ័យខ្ពស់ ប្រៀបដូចជាអ្នកជិះទូកដល់ពាក់កណ្ដាលទន្លេ ហើយគេសុំពុះទូកជាពីរ ដើម្បីជិះត្រឡប់បកមកច្រាំងវិញអ៊ីចឹងដែរ គឺប្រឈមនឹងលិចទូកស្លា.ប់ទាំងអស់គ្នា។ និយាយឱ្យងាយយល់ ពេលរកស៊ីជាមួយគ្នាបានមួយរយៈពេលខ្លី គេអាចនឹងសុំដកទុនឈប់រកស៊ី ព្រោះបញ្ហានេះ បញ្ហានោះ ចុងក្រោយបន្ទុកទាំងអស់នឹងធ្លាក់មកលើអ្នកវិញ នាំបញ្ហារាប់រយជំពូកឱ្យអ្នកត្រូវដោះស្រាយ។

៤. មនុស្សគ្មានភាពស្មោះត្រង់

មនុស្សមានជំនាញ មានបទពិសោធន៍ មានដើមទុនច្រើនយ៉ាងណាក៏ដោយ បើសិនមនុស្សម្នាក់នោះចូលចិត្តខ្សែលើ ចូលចិត្តកេងចំណេង ឬជាមនុស្សក្រឡេចក្រឡុចគ្មានភាពស្មោះត្រង់ទេ អ្នកមិនគួរប្រថុយរកស៊ីជាមួយនោះទេ ព្រោះចុងក្រោយ អ្នកអាចនឹងក្លាយជាចំណីដែលគេធ្វើស៊ីក៏ថាបាន។

៥. មនុស្សគិតនិងធ្វើអ្វីងាយៗពេក

មនុស្សដែលចូលចិត្តគិតអ្វីវិជ្ជមានជ្រុល រកស៊ីគិតតែផលចំណេញ មើលរំលងចំពោះបញ្ហានានាអាចកើតឡើង រកស៊ីដោយគ្មានកុងត្រា កិច្ចសន្យា និងបំពេញផ្លូវច្បាប់ឱ្យច្បាស់លាស់ទេ គឺអាចនឹងធ្វើឱ្យបញ្ហាកើតឡើងបានគ្រប់ពេល។ រកស៊ីច្បាស់យ៉ាងណា ពូកែយ៉ាងណា កុំភ្លេចផ្ដោតលើការត្រៀមខ្លួនដោះស្រាយបញ្ហាផង និងត្រូវបំពេញផ្លូវច្បាប់ជាមួយគ្នាឱ្យច្បាស់លាស់ ទើបអាចជួយឱ្យការរកស៊ីជាមួយគ្នាបានយូរអង្វែង​ ជៀសផុតពីការឈ្លោះប្រកែកបែកបាក់គ្នានាពេលអនាគត។

ជារួមមានប្រភេទមនុស្សជាច្រើនទៀត ដែលអ្នកគួរប្រយ័ត្ន ប្រសិនបើអ្នកចង់រកស៊ីជាមួយ ព្រោះប្រសិនបើអ្នករើសមនុស្សរកស៊ីជាមួយខុសហើយ សូមឈប់រំពឹងថាការរកស៊ីជោគជ័យទៅ ព្រោះរើសមនុស្សខុសតាំងពីដំបូងហើយ អ្នកប្រឈមនឹងការដោះស្រាយរាប់រយជំពូក រហូតដល់អាជីវកម្មបែកបាក់ ក្ស័យធន ប្រសិនបើអ្នកមិនទាន់ជាមនុស្សរឹងមាំទេនោះ។ ជាទស្សនៈ ឬបទពិសោធន៍អ្នកវិញ តើអ្នកគិតថាមនុស្សប្រភេទណាខ្លះដែលអ្នកមិនគួររកស៊ីជាមួយ?

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia