ប្រយ័ត្ន! រ.កស៊ីចូលហ៊ុនគ្នា ប៉ះចំមនុស្ស៨ប្រភេទនេះ អាចខាតឡុងចុង ហើយបាត់មិត្តភាពទៀត
Kan DaraJUNE 29 2024669 views

ការរកស៊ីចូលហ៊ុនគ្នា គឺជាប្រធានបទដ៏ក្តៅគគុកមួយ និងបានក្លាយទៅជាបញ្ហាចោទសម្រាប់អ្នករកស៊ីនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងភាពវិជ្ជមាន វាក៏មានរឿងរ៉ាវនៅពេលក្រោយខ្នងជាច្រើនផ្សេងទៀត បញ្ហាចម្រូងចម្រះ ជាពិសេសនៅពេលដែលអ្នកជ្រើសដៃគូខុស។ ខាងក្រោមនេះ គឺជាមនុស្ស៨ប្រភេទ បើអ្នកចូលហ៊ុនរកស៊ីជាមួយអាច អស់ទាំងលុយ បាត់ទាំងមិត្តភាព៖

/. ក្រឡេកក្រឡុច៖ ភាពស្មោះត្រង់ និងការ​ជឿ​ទុក​ចិត្តគ្នា​​ទៅ​​​វិញ​ទៅ​មក​ គឺ​ជា​ចំណុច​​ដំបូង​បង្អស់​​ ដែល​ដៃ​គូ​រក​ស៊ី​ត្រូវតែមាន និងយល់ច្បាស់ពីគ្នា​។​ ប្រសិនបើដៃគូអាជីវកម្មរបស់អ្នកជាមនុស្សមិនទៀងត្រង់ និយាយបាតដៃខ្នងដៃ ម្តងបែបនេះម្តងបែបនោះ ពួកគេជាប្រភេទមនុស្សដែលអ្នកមិនគួរសេពគប់រកស៊ីជាមួយឡើយ។

/. មនុស្សនិយមផ្លូវកាត់៖ មនុស្សចូលចិត្តលេងផ្លូវកាត់ ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់​ ងាយចាញ់បោកគេ និងងាយបោកគេដូចគ្នា។ ​ប្រភេទពួកគេ មិនដែលគិតរឿងគុណធម៌អ្វីទេ សំខាន់ឲ្យតែចំណេញច្រើន ធ្វើអ្វីបានទាំងអស់​។ រាល់ជំនួញទាំងឡាយ បើនិយមផ្លូវកាត់ មិនអាចឈរជើងបានយូរឡើយ មិនយូរមិនឆាប់គង់រលំមិនខាន។

/. មនុស្សគ្មានជំនាញ៖ បើទោះបីជាអ្នកមូលមតិជាមួយដៃគូចង់ចាប់ផ្តើមអាជីវកម្មមួយឈរលើវិស័យអ្វីក៏ដោយ អ្នកត្រូវប្រាកដថាទាំងអ្នកនិងដៃគូ មានចំណេះជំនាញទៅលើអ្វីដែលអ្នកគ្រោងនឹងធ្វើ ឬកំពុងតែធ្វើ។ អ្នកមិនគួរជ្រើសរើសដៃគូចូលហ៊ុនគ្នារកស៊ីដោយសម្លឹងមើលតែលុយមួយជ្រុងនោះទេ ព្រោះនៅពេលដែលជួបបញ្ហាអ្វីមួយពួកគេមិនអាចជួយអ្នក និងអាជីវកម្មបានឡើយ។ លុយពិតជាសំខាន់ វាប្រៀបដូចជាចរន្តឈាម ប៉ុន្តែជំនាញគឺសំខាន់ជាងលុយទៅទៀត ប្រៀបដូចបេះដូងនិងខួរក្បាលនៅក្នុងអាជីវកម្មអ៊ីចឹង។

/. មនុស្សរកស៊ីគិតតែប្រាក់ចំណេញ៖ ប្រាក់ចំណេញអ្នកណាក៏ចង់បានដែរ តែបើចង់បានពេកវាប្រែក្លាយទៅជារឿងមិនល្អ។ មនុស្សប្រភេទទីបួននេះ អ្នកមិនគួរចូលហ៊ុនរកស៊ីជាមួយទេ ព្រោះពួកគេមើលឃើញតែផលប្រយោជន៍ លាភសក្ការៈ និងចង់បានប្រាក់ចំណេញភ្លាមៗតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីការលំបាក បញ្ហានៅពីក្រោយអាជីវកម្ម ហើយថែមទាំងបន្ថែមបន្ទុកឲ្យអ្នកកាន់តែស្មុគស្មាញថែមទៀត។ 

/. មនុស្សខ្លាចមុខខ្លាចក្រោយជ្រុល៖ ជាធម្មតាមិនថាការរកស៊ី ឬធ្វើអាជីវកម្មអ្វីនោះទេ វាតែងតែត្រូវប្រឈមជាមួយហានិភ័យ​ ដោយខុសគ្នាត្រង់ខ្ពស់ឬទាប តិចឬច្រើនតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចូលហ៊ុនរកស៊ីជាមួយប្រភេទមនុស្សទីប្រាំនេះ ភ័យខ្លាចច្រើន មិនហ៊ានប្រឈមជាមួយហានិភ័យ អ្នកនឹងសុញគំនិត គិតមិនចេញ អាជីវកម្មមិនទៅមុខ អាចធ្លាក់ក្នុងភាពបរាជ័យព្រោះគ្មានអ្វីថ្មី ធ្វើរឿងងាយៗ ដដែលៗ។

/. មនុស្សគ្មានចក្ខុវិស័យវែងឆ្ងាយ៖ មិនថាអ្នកធ្វើអ្វីនោះទេ វាទាមទារឲ្យអ្នកសម្លឹងមើលទៅអនាគត ចុះទម្រាំតែការធ្វើអាជីវកម្មមួយច្បាស់ណាស់ វាត្រូវការចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយ។ មនុស្សប្រភេទទីប្រាំមួយនេះ ពួកគេមើលតែក្នុងរយៈពេលខ្លី មិនបានធ្វើការគិតត្រិះរិះពិចារណាឲ្យបានស៊ីជម្រៅ និងមិនបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនាថ្ងៃអនាគតនោះឡើយ។ ដូច្នេះវាពិបាកណាស់ក្នុងការចូលហ៊ុនរកស៊ីជាមួយក្រុមមនុស្សប្រភេទនេះ ព្រោះអាជីវកម្មមិនងាយរីកចម្រើនទេ ហើយអត្រានៃការបរាជ័យខ្ពស់បំផុតព្រោះតែពុំមានភាពច្បាស់លាស់ចំពោះផ្លូវដែលត្រូវទៅដែលជាកម្លាំងចលករដ៏ខ្លាំងមួយសម្រាប់រុញច្រានអាជីវកម្មឲ្យដើរទៅមុខនោះទេ។

/. មនុស្សកំពុងមានបញ្ហាហិរញ្ញវត្ថុ៖ ត្រូវសិក្សាឲ្យបានលម្អិត មុនពេលដែលអ្នកសម្រេចចិត្តចាប់ដៃគូចូលហ៊ុនគ្នារកស៊ីជាមួយនរណាម្នាក់ ឬក្រុមមនុស្សណាមួយ។ ក្រៅពីមើលលើមនុស្សប្រាំមួយប្រភេទដែលបានរៀបរាប់ខាងលើ អ្នកត្រូវមើលលើមនុស្សមួយប្រភេទទៀត គឺប្រភេទមនុស្សដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ។ ពួកគេអាចបង្កភាពចម្រូងចម្រះ មានបញ្ហាជាបន្តបន្ទាប់ ជាពិសេសបញ្ហាផ្នែកហិរញ្ញវត្ថុនេះតែម្តង។

/. មនុស្សខ្វះការតស៊ូ៖ ប្រភេទមនុស្សនិយាយ ១០ តែធ្វើបានតែ១ ​មិនចេះតស៊ូនឹង​ការងារលំបាក ហើយបានត្រឹមតែប៉ប៉ាច់ប៉ប៉ោចតែប៉ុណ្ណឹង។​ នៅពេលចាប់ផ្ដើមអាជីវកម្មហើយជួបបញ្ហា ពួកគេ​ក៏ផ្ដើមរអ៊ូរទាំ គ្មានភាពអំណត់  ​ព្រោះតែប្រភេទពួកគេ ជាប្រភេទអួត រមែងមើលស្រាលបញ្ហា ​ប៉ុន្តែពេលជួបបញ្ហា​មិនចេះដោះស្រាយនោះទេ។ បើជួបក្រុមមនុស្សនេះ កុំខាតពេលជួញដូរជាមួយឲ្យសោះ។

យ៉ាងណាមិញ មុនសេពគប់នរណាម្នាក់ធ្វើជំនួញរួមគ្នា អ្នកគួរគប្បីមើលលើចំណុចទាំង៨ខាងលើនេះឲ្យល្អិតល្អន់សិន បើពុំនោះទេប្រយ័ត្នអស់ទាំងលុយ ហើយបាត់ទាំងមិត្តភាពដែលខំកសាងរាប់ឆ្នាំទៀត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia