ប្រយ័.ត្នស្តាយ១០ឆ្នាំក្រោយ! រឿងជីវិត៥យ៉ាង នឹងធ្វើឱ្យមនុស្សសោកស្តាយ បើមិនបានយកចិត្តទុកដាក់
Ping Chou EngJULY 1 20241.6 K views

ជីវិតគឺជាជម្រើសបន្តបន្ទាប់ ម្តងហើយម្តងទៀត ឱ្យយើងរើស ហើយការសម្រេចចិត្តដែលយើងធ្វើនៅថ្ងៃនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតរបស់យើង។ យ៉ាងណាមិញខាងក្រោមនេះគឺជារឿងជីវិតទាំង៥យ៉ាង ដែលអាចធ្វើឱ្យមនុស្សសម្រេចចិត្តធ្វើហើយស្តាយក្រោយ នៅ១០ឆ្នាំខាងមុខ ប្រសិនបើគេធ្វេសប្រហែសមិនបានផ្តោតសំខាន់ទៅលើ។

. ចំណាយពេលក្នុងទំនាក់ទំនងពុល៖ ទំនាក់ទំនងគឺជាវត្ថុដ៏ល្អមួយនៅក្នុងបទពិសោធនទ៍ជីវិតរបស់មនុស្ស ប៉ុន្តែមិនមែនទំនាក់ទំនងទាំងអស់សុទ្ធតែល្អនោះទេ  មានទំនាក់ទំនងខ្លះធ្វើឱ្យយើងខ្វល់ខ្វាយចិត្ត ឈឺក្បាលគិតច្រើន។ ដូច្នេះប្រសិនបើអ្នកដឹងថាខ្លួនឯងកំពុងស្ថិតនៅក្នុង ​ទំនាក់ទំនង​ពុល វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​កំណត់​ព្រំដែន និង​ដឹង​ថា​ពេល​ណា​ត្រូវរក្សាគន្លាតឬដើរចេញតែម្តង មិនថាជាទំនាក់ទំនង​ដៃគូ​ស្នេហា មិត្តភ័ក្តិ ឬ​សមាជិក​គ្រួសារណាមួយនោះទេ ដើម្បីជៀសវាង១០ឆ្នាំខាងមុខអាចធ្វើឱ្យយើងសោកស្តាយថាហេតុអ្វីខ្លួនត្រូវបណ្តោយខ្លួនឯង ឱ្យចំណាយពេលវេលាខុស។  

. មិនខ្វល់អំពីទំនាក់ទំនងសំខាន់៖ ទំនាក់ទំនងល្អគឺជាផ្នែកសំខាន់មួយនៃជីវិតដើម្បីទទួលបានជីវិតរីករាយ ប៉ុន្តែវាក៏ជារឿងងាយធ្វេសប្រហែសផងដែរ ក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹក ប្រសិនបើមនុស្សមិនខ្វល់ខ្វាយអំពីទំនាក់ទំនងសំខាន់ ដូចជាការធ្វេសប្រហែស មិនឱ្យតម្លៃចំពោះទំនាក់ទំនងគ្រួសារ មិត្តភក្តិនិងដៃគូល្អ។ ដើម្បីជៀសវាងការសោកស្ដាយនេះនៅរយៈពេល៥ទៅ១០ឆ្នាំក្រោយ  សូមប្រើពេលវេលាប្រកបដោយគុណភាពជាមួយមនុស្សជាទីស្រលាញ់ និងបង្ហាញពីការដឹងគុណរបស់ទៅកាន់ពួកគេ។

. ប្រកាន់ខ្ជាប់ការរអ៊ូច្រើន៖ ការខឹងសម្បារ ប្រកាន់និងការអាក់អន់ចិត្តច្រើនអាចជាធាតុពុលសម្រាប់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើង ដូចជាការចំណាយពេលបន្ទោសរឿងមិនសមប្រកបណាមួយនៅក្នុងជីវិត​ច្រើន នឹងអាចធ្វើឱ្យមនុស្សស្តាយក្រោយ ដែលមិនបានចំណាយពេលលើអ្វីដែលអាចធ្វើបានល្អ ជាជាងអង្គុយសោកស្តាយលើភាពបរាជ័យណាមួយ។ ដើម្បីជៀសវាងការសោកស្ដាយនេះ សូមអនុវត្តការអភ័យទោស និងអនុញ្ញាតឱ្យរឿងដែលមិនអាចកែប្រែបានកន្លងហួសទៅចុះ ហើយ​ឈាន​ទៅ​មុខបន្ត។

. តែងរង់ចាំឱកាសល្អ៖ ជារឿយៗយើងប្រហែលជាខ្ជះខ្ជាយពេលវេលារបស់យើងក្នុងការរង់ចាំផ្លូវឬឱកាសដ៏ល្អមួយបង្ហាញឡើង ទើបចាប់ផ្តើមធ្វើអ្វីមួយ។ ប៉ុន្តែនេះអាចជាការយល់ខុសមួយ ព្រោះឱកាសដ៏ល្អគឺកើតឡើងដោយការធ្វើដំណើរទៅរក មិនមែនរង់ចាំឱ្យវាមកដល់នោះទេ។​ ដូច្នេះដើម្បីជៀសវាងការសោកស្តាយពេលវេលា ចូររំលឹកខ្លួនឯងថា ការនឿយហត់ពីការខំប្រឹងប្រែង និងការសិក្សាបន្តិចបន្តួច វាប្រសើរជាងការដែលមិនបានធ្វើអ្វីសោះ។

. មិនហ៊ានប្រឈមមុខនឹងការលំបាក៖ មនុស្សជាច្រើនក្រឡេកមើលជីវិតរបស់ពួកគេវិញដោយការសោកស្ដាយ អំពីរឿងដែលខ្លួនមិនហ៊ានធ្វើនឹងមិនហ៊ានសាកល្បង ព្រោះខ្លាចការលំបាក ខ្លាចការបដិសេធនិងភាពបរាជ័យ។ ដូច្នេះដើម្បីជៀសវាងការសោកស្ដាយនេះ សូមទទួលយកការផ្លាស់ប្តូរ ហើយសាកល្បងខ្លួនឯងឱ្យធ្វើ អ្វីដែលថ្មី រួចទទួលយកហានិភ័យដែលបានគណនា ហើយកុំខ្លាចបរាជ័យ ព្រោះភាពជោគជ័យក៏អាចកើតឡើងពីការលំបាកដែរ។

ជាការពិតណាស់ជម្រើសដែលយើងធ្វើនិងយកចិត្តទុកដាក់នៅថ្ងៃនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់យើងក្នុងរយៈពេលដប់ឆ្នាំ ឬលើសពីនេះ។ ប៉ុន្តែតាមរយៈការធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅថ្ងៃនេះ យើងអាចជៀសវាងរឿងសោកស្ដាយជាច្រើន ហើយអាចរស់នៅក្នុងជីវិតដែលយើងមានមោទនភាព មិនត្រឹមតែក្នុងរយៈពេលដប់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មួយជីវិត៕

អត្ថបទដោយ៖ ​ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia