នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់អ្នកជំនួញ ៤ រួប ដោយធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកជំនួញទាំង ៤ រូបដែលទទួលបានគោរមងារអ្នកឧកញ៉ានេះរួមមាន៖
១. អ្នកឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជានាយកគ្រប់គ្រង និងមេធាវី នៃក្រុមហ៊ុន ក្រុមមេធាវី អេច.អឹម.អិល & ខន់សាល់ថិន (HML Law Group & Consultants) និងក្រុមហ៊ុន អេចអិមអិល សាត ខនសាល់ធីង (HML XAT Consulting CO., Ltd) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ និងពន្ធដារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។

២. អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd)។

៣. អ្នកឧកញ៉ា ធា គ្រេកអេង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន តាយ ធា កសិកម្ម ឯ.ក (Tay Thea Kasekam Co., Ltd) ដែលជាប្រភេទអាជីវកម្មនាំចេញ-នាំចូលផលិតផលកសិកម្ម ។

៤. អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក នៃស្ថាប័នអប់រំ អេជី (AG) ដែលជាគ្រឹះស្ថានអប់រំស្តង់ដារខ្ពស់ដ៏រឹងមាំមួយនៅកម្ពុជា បច្ចុប្បន្នមាន ១០ ទីតាំង/សាខា និងមានបុត្រសម្ព័ន្ធល្បីៗដូចជា៖ សាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គ្រេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង Global Student Cambodia៕



