សព្វថ្ងៃនេះមានមនុស្សជាច្រើនណាស់ដែលកំពុងរស់នៅជាមួយនឹងស្ថានភាពជីវិតខិតខំប្រឹងធ្វើការពីព្រលឹមកប់ព្រលប់តែមិនឃើញសល់អ្វីជាដុំកំភួនទាល់តែសោះ។ ប្រសិនបើលោកអ្នកកំពុងរស់នៅក្នុងស្ថានភាពជីវិតបែបនេះ Business Cambodia សូមណែនាំនូវទិចនិចសំខាន់៥ជំហាន អាចជួយកសាងជីវភាពធូរធារ ទោះមិនមានកប់ពពកក៏លែងពិបាករឿងលុយកាក់ដែរ។
១. រកការងារធ្វើបង្កើតជំនាញ៖ ដំបូងត្រូវស្វែងរកការងារប្រាកដប្រជាមួយដែលអាចភ្ជាប់ជាមួយជំនាញនិងគោលដៅជីវិត។ ការងារល្អគឺជាការងារដែលអាចឱ្យអ្នកបំពេញកាតព្វកិច្ចជូនស្ថាប័នបណ្ដើរ ព្រមទាំងឈានទៅរកគោលដៅក្នុងពេលតែមួយបណ្ដើរមិនមែនរស់រំពឹងលើប្រាក់ខែតែមួយមុខឡើយ។
មានការងារច្បាស់លាស់ហើយព្យាយាមបំពេញតួនាទីឱ្យល្អ ព្រមទាំងចាប់ឱកាសពង្រឹងចំណេះជំនាញឱ្យមុតស្រួចពីមួយថ្ងៃទៅមួយថ្ងៃ។ មានការងារស្របជាមួយគោលដៅនឹងជួយឱ្យអ្នកមានក្ដីសុខ ជីវិតក៏មានផែនការច្បាស់ល្អ មិនមានពេលស្រ្តេស ហើយរីកចម្រើនលឿន ព្រមទាំងឆាប់មានជំនាញច្បាស់លាស់។ តាមរយៈការមានជំនាញច្បាស់លាស់ អ្នកអាចវិវត្តន៍ខ្លួនចេញពីបុគ្គលិកធម្មតាក្លាយទៅជាបុគ្គលិកដែលមានស្ដង់ដារ ហើយក៏អាចចាប់ឱកាសធ្វើអ្វីផ្សេងដោយប្រើជំនាញទាំងនោះ ដើម្បីបង្កើនចំណូលផ្គត់ផ្គង់ជីវភាពបានផងដែរ។
២. ដកសន្សំ៖ រឿងសំខាន់បំផុតដែលអ្នកជំនាញតែងតែណែនាំគឺ មិនថាអ្នកមានចំណូលតិចឬច្រើនឡើយ ដាច់ខាតត្រូវតែដកសន្សំទុកជាប្រចាំឱ្យបានយ៉ាងហោចណាស់១០% ទៅ២០%។ ច្បាស់ណាស់អ្នកដែលរកលុយមកមិនដែលសល់ភាគច្រើនគឺជា មនុស្សដែលរកបានមកប៉ុន្មានចាយប៉ុណ្ណឹងមិនគិតគូរច្រើន មិនខ្វល់ពីការចំណាយ ឬការសន្សំអ្វីឡើយ។ ដូច្នេះដើម្បីឱ្យសល់ដាច់ខាតអ្នកត្រូវតែសន្សំ ប៉ុន្តែប្រសិនបើអ្នកកំពុងមានបំណុល ត្រូវផ្តោតលើការដោះបំណុលឱ្យអស់ជាមុនសិន។
៣. អភិវឌ្ឍន៍ខ្លួន៖ រស់នៅជាមនុស្សគឺមិនអាចឈប់អភិវឌ្ឍន៍ខ្លួនបានឡើយ ព្រោះថាពេលវេលាតែងតែដើរទៅមុខ អ្នកមិនអាចប្រើចំណេះដឹងម្សិលមិញយកទុកប្រើឆ្នាំក្រោយបានទេ។ ដូច្នេះហើយអ្នកគួរបែងចែកកញ្ចប់លុយមួយចំនួនទុកសម្រាប់រៀនអ្វីថ្មីៗ ហើយពាក់ព័ន្ធនឹងការពង្រឹងជំនាញ ឬចាប់ជំនាញថ្មីដែលពាក់ព័ន្ធនឹងគោលដៅរបស់អ្នក។ ឧទាហរណ៍ថាអ្នកចង់ក្លាយជាអ្នកជំនាញផ្នែកលក់ អ្វីដែលអ្នកត្រូវធ្វើជួបអ្នកជំនាញលក់ ឬចូលរួមវគ្គសិក្សាដែលនិយាយពីការលក់ជាដើម។
៤. ស្វែងយល់ពីការវិនិយោគ៖ កុំរស់ពឹងតែលើប្រាក់ចំណូលសកម្ម តែត្រូវចេះបង្កើតចំណូលអកម្មទុកឱ្យខ្លួនឯង ទើបអ្នកមិនហត់ធ្វើការប្រើកម្លាំងអស់មួយជីវិត។ ចំណូលអកម្មអាចរកបានតាមរយៈការវិនិយោគ ហើយអ្នកជំនាញលើកទឹកចិត្តឱ្យធ្វើការស្វែងយល់ឱ្យច្បាស់ និងចំណាយលុយតែលើអ្វីដែលយើងចេះច្បាស់ប៉ុណ្ណោះ។
ទន្ទឹមនឹងនោះអ្នកក៏គួរតែវិនិយោគសម្រាប់ការចំណេញរយៈពេលវែង ជាជាងចង់បានចំណេញភ្លាមៗ។ ជាក់ស្ដែងបិតាហិរញ្ញវត្ថុ Warren Buffett ក៏បានលើកឡើងដែរថា ការវិនិយោគដែលផ្ដោតលើរយៈពេលវែង ផ្ដល់ផលល្អនិងមហាសាលជាជាងការវិនិយោគរយៈពេលខ្លី។ អ្នកត្រូវដឹងថាអ្វីដែលចំណេញលឿនហានិភ័យក៏វាខ្ពស់តាមហ្នឹងដែរ។
៥. រក្សាគ្រាប់ពូជវិនិយោគ៖ បន្ទាប់ពីវិនិយោគបានផល អ្វីដែលអ្នកត្រូវធ្វើបន្ទាប់ទៀតគឺកុំយកលុយនោះទៅចាយទាំងអស់។ ផ្ទុយទៅវិញអ្នកគួរតែដកប្រាក់ចំណេញយ៉ាងហោចណាស់៥០% យកទុកធ្វើជាគ្រាប់ពូជវិនិយោគបន្តទៀត ដើម្បីបង្កើនទ្រព្យ។ មានមនុស្សមិនតិចទេដែលមានបានធូរធារហើយធ្លាក់ខ្លួនក្រវិញ ព្រោះតែការចាយវាយមិនចេះប្រមាណខ្លួនឬមិនចេះគិតគូរ ដូច្នេះដើម្បីគេចផុតពីបញ្ហានេះសូមកុំភ្លេចរក្សាគ្រាប់ពូជឱ្យសោះ មិនថាអ្នកធូរធារប៉ុនណាឡើយ៕