Faisal Masud ប្រើមេរៀនមាស៣ ពី Amazon និង Google អាចគ្រប់គ្រងក្រុមហ៊ុនតម្លៃ ១.៥ពាន់លាន$
Kan DaraMAY 17 2022278 views

លោក Faisal Masud គឺជាបុរសម្នាក់ចំណាយពេលជាង ២០ឆ្នាំធ្វើការក្នុងក្រុមហ៊ុនខ្នាតយក្សដូចជា Amazon, Google, eBay និង Staples ជាដើម។ បច្ចុប្បន្នក្នុងនាមជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Fabric ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ២០២០ លោក Faisal Masud កំពុងអនុវត្តមេរៀនដែលខ្លួនបានសន្សំទុកចម្រាញ់ចេញជាច្បាប់មាសធំៗ៣ ជួយឲ្យអតីតបុគ្គលិកឆ្នើមរូបនេះទទួលបានភាពជោគជ័យខ្លាំង។ លោក Masud ប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNBC Make It ថា៖ «តាមរយៈវប្បធម៌ការងារ យើងបានកសាងក្រុមហ៊ុនដែលជាប្រភេទកូនកាត់នៃក្រុមហ៊ុនទាំងអស់ដែលខ្ញុំធ្លាប់បានធ្វើការជាមួយ»។ «យើងអាចយកផ្នែកដ៏ល្អបំផុតចេញពីកន្លែងដែលខ្ញុំធ្លាប់មានបទពិសោធន៍ ហើយអនុវត្តវានៅទីនេះ»។

ច្បាប់ទី១/. ទំនួលខុសត្រូវ និងភាពជាម្ចាស់៖ លោក Masud បានរៀនពីរបៀបនៃវប្បធម៌ការងារអាចជះឥទ្ធិពលដល់ខ្សែបន្ទាត់ខាងក្រោមរបស់ក្រុមហ៊ុន ពីAmazon ជាកន្លែងដែលលោកបានចំណាយពេលជិតមួយទសវត្សរ៍នៅទីនោះ។ ក្នុងមុខតំណែងថ្មី លោក Masud បានផ្សព្វផ្សាយអំពី «ភាពជាម្ចាស់» ដែលជាគោលការណ៍មួយក្នុងចំណោមភាពជាអ្នកដឹកនាំដ៏ល្បីចំនួន១៤ របស់លោក Jeff Bezosគឺ៖ ការមានបុគ្គលិកមួយក្រុម ឬអ្នកដឹកនាំក្រុមតែមួយ ដឹងពីតួនាទីនិងដែនកំណត់នៃទំនួលខុសត្រូវរបស់ខ្លួន នឹងបង្កើតឲ្យមានគំនិត ឬគម្រោងអាចដំណើរការទៅមុខលឿន ឬធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ Masud បានលើកឡើងថា លោក​ធ្លាប់​ធ្វើ​ការ​ក្នុង​បរិស្ថាន​ដោយ​គ្មាន​ម្ចាស់​កម្មសិទ្ធ ហើយ​អ្វីៗរញ៉េរញ៉ៃណាស់។

ច្បាប់ទី២/. ការយល់ចិត្តបុគ្គលិក៖ បន្ទាប់ពី Masud ចាកចេញពី Amazon លោកបានចំណាយពេលជាច្រើនឆ្នាំនៅក្រុមហ៊ុន Google និង eBay ហើយគោលការថ្មីបន្ថែមដែលលោកបានរៀននោះគឺ «ការយល់ចិត្តបុគ្គលិក»។ លោក Masud ដែលជានាយកជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៅ eBay រហូតមកដល់ឆ្នាំ ២០១២ បាននិយាយថា៖ «ការយល់ចិត្តខ្លាំងចំពោះបុគ្គលិករបស់អ្នកក៏មានសារៈសំខាន់ផងដែរ ពីព្រោះនោះជាអ្វីដែល Google ធ្វើបានយ៉ាងល្អ ហើយ eBay ក៏ដូចគ្នាដែរ»។ «ការធានាបាននូវការយល់ចិត្តគ្នា និងការស្តាប់ដោយយកចិត្តទុកដាក់ក្នុងក្រុមហ៊ុនទាំងមូល ទីបំផុតនឹងនាំទៅរកលទ្ធផលចុងក្រោយកាន់តែប្រសើរ ជាពិសេសថ្នាក់ដឹកនាំទៅកាន់បុគ្គលិកថ្នាក់ក្រោម»។

ច្បាប់ទី៣/. ការគិតរយៈពេលវែង៖ ធ្វើការជាមួយស្ថាបនិកអាជីវកម្មដែលមានកេរ្តិ៍ឈ្មោះល្បីដូចជាលោកBezos និងលោក Sergey Brin ក៏បានបង្រៀន Masud ពីតម្លៃនៃការគិតរយៈពេលវែង ហើយបន្តផ្តោតលើតែផ្នែកស្នូលដែលក្រុមហ៊ុនរបស់អ្នកពូកែ។

លោក Masud និយាយ​ថា​៖ «​ស្ថាបនិក​ទាំងនេះ​តែងតែ​សម្លឹងមើល​រយៈពេល​វែង​បំផុត​។ មុនពេលឆ្លើយយល់ព្រមលើអ្វីមួយ ពួកគេតែងតែសម្លឹងមើលថា តើអ្វីជាគោលដៅចុងក្រោយនៃកន្លែងដែលក្រុមហ៊ុនត្រូវទៅ? ហើយបន្ទាប់មកស្វែងរកវិធីដើម្បីជៀសវាងការរំខាននៅតាមផ្លូវឆ្ពោះទៅរកគោលដៅនោះ»។

រយៈពេលពីរឆ្នាំ ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Fabric ដែលមានតម្លៃលើទីផ្សារ ១.៥ពាន់លានដុល្លារ លោក Faisal Masud បានថ្លែងយ៉ាងដូច្នេះថា៖ មេរៀនដែលលោកបានរៀននៅកន្លែងធ្វើការពីមុន បានរៀបចំដំណើរជីវិតលោកយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងការក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដែលទទួលបានភាពជោគជ័យនិងមានឥទ្ធិពលម្នាក់។ ដូច្នេះតាមរយៈបទពិសោធន៍របស់លោក Faisal Masud ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ច្បាប់មាសទាំងបីខាងលើអាចជាគតិបន្ថែមសម្រាប់អភិវឌ្ឍមុខរបរ អាជីវកម្ម ឬក្រុមហ៊ុនរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ ដោយឡែកបើពេលនេះអ្នកគឺជាបុគ្គលិក សូមកុំភ្លេចអភិវឌ្ឍខ្លួន រួមទាំងរៀនសូត្រពីកន្លែងការងាររបស់អ្នកដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ឱកាសថ្មីៗដែលនឹងមកដល់នាពេលខាងមុខ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia