ក្រុមហ៊ុន អ៊ីហ្ស៊ីខម ជំរុញដំណើរអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា សំដៅជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្លោដក្នុងអាជីវកម្ម និងជាក្រុមហ៊ុនដំបូងគេដែលបាននាំយកបច្ចេកវិទ្យា FTTR ជានវានុវត្តន៍នៃបច្ចេកវិទ្យាឌីជីថលថ្មីសម្រាប់គេហដ្ឋាន
Daneth MechJUNE 5 2023

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៖ ថ្ងៃនេះ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន អ៊ីហ្ស៊ីខម បានបើកទំព័រកិច្ចសហការថ្មីមួយទៀតហើយដែលជាការពង្រឹងភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរអោយកាន់តែរឹងមាំ តាមរយៈកម្មវិធីសម្ពោធដាក់អោយដំណើរការបច្ចេកវិទ្យា Fiber to the Room (FTTR) និងដំណោះស្រាយពិសេសៗដ៏ទៃទៀត។

ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ដែលផ្តោតលើការផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយល្អផ្តាច់គេសម្រាប់អតិថិជន ក្រុមហ៊ុន អ៊ីហ្ស៊ីខម លើកកម្ពស់សមត្ថភាពរបស់ខ្លួនថែមមួយ កម្រិតទៀត ជាមួយនឹងការទ្រទ្រង់ជំនាញបច្ចេកទេសពីសំណាក់ក្រុមហ៊ុន Huawei ដែលមានបទពិសោធន៍ជាងសាមសិបឆ្នាំក្នុងវិស័យបច្ចេកវិទ្យា។ កម្មវិធីសម្ពោធភាពជាដៃគូនេះ បានប្រពឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោក David Liuzheng នាយកជាន់ខ្ពស់ក្រុមហ៊ុន Huawei Cloud និងលោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន អ៊ីហ្ស៊ីខម និងមានការចូលរួមយ៉ាងអធិកអធមពីសំណាក់ អតិថិជនទាំងចាស់និងថ្មីប្រមាណ ៧០រូប ដែលស្ថិតក្នុងតំណែងថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ទូទៅផងដែរ។

 Photo 2023 06 05 17 44 41Photo 2023 06 05 17 44 38 (3)

ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្ហាញពីវឌ្ឍនភាពដ៏អស្ចារ្យរបស់បច្ចេកវិទ្យាក្លោដ (Cloud Platform) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលមានចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់នវានុវត្តន៍ថ្មីៗ និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកម្ពុជា។

 Photo 2023 06 05 17 44 40

លោក យ៉ាវ សុវណ្ណ (Sovann YAO) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Huawei បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហការនេះ និងបានមានប្រសាសន៍ថា “ក្រុមហ៊ុន Huawei មានក្តីរំភើបរីករាយយ៉ាងខ្លាំងដែលបានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន អ៊ីហ្ស៊ីខម។ មិនខុសពីក្រុមហ៊ុន អ៊ីហ្ស៊ីខមទេ យើងពេញចិត្តនឹងសហការជាមួយក្រុមហ៊ុនដែលមានគោលដៅពង្រឹងដៃគូពាក់ព័ន្ធ និងព្យាយាមបម្រើអតិថិជន ក៏ដូចជាបំពេញតម្រូវការរបស់អតិជនអោយបានកាន់តែល្អជាងមុន។ ពាក្យស្លោកសម្រាប់ភាពជាដៃគូរបស់យើងគឺ “Huawei ទៅមុខរួមគ្នា រីកចំរើនជាមួយគ្នា ប្រសើរឡើងព្រមគ្នា ជាមួយនឹង អ៊ីហ្ស៊ីខម”។ តាមរយៈភាពជាដៃគូនេះ យើងអាចជួយអោយអតិថិជនរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ទទួលបានសេវាកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាជា មួយនឹងបច្ចេកវិទ្យាឆ្លាតវៃ។ ខ្ញុំពិតជាទន្ទឹងរង់ចាំទៅដល់ការអបអរជាច្រើនបន្ថែមទៀតរវាងក្រុមហ៊ុន អ៊ីហ្ស៊ីខម និងក្រុមហ៊ុន Huawei ដើម្បីនាំយកនូវគុណតម្លៃ និងដំណោះស្រាយគួរអោយរំភើបជូនអតិថិជននៅក្នុង វិស័យនេះ។”

 Photo 2023 06 05 17 44 44

Photo 2023 06 05 17 44 38

នៅក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាគណនាលើប្រព័ន្ធក្លោដ (Cloud Computing) គឺជាបច្ចេកវិទ្យាដែលលេចធ្លោ និងមានសមត្ថភាពខ្ពស់ ដែលកំពុងផ្តល់អត្ថប្រយោជន៍ មិនអាចកាត់ថ្លៃបាន សម្រាប់អាជីវកម្មគ្រប់វិស័យដែលចង់បានភាពជោគជ័យក្នុងការប្រកួតប្រជែងលើ ទីផ្សារសកល។ ក្រុមហ៊ុន Huawei Cloud ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានការជឿទុកចិត្ត មានសុវត្ថិភាពខ្ពស់ ងាយស្រួលពង្រីកវិសាលភាពតាមតម្រូវការ និងមានផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយជាច្រើនមុខ ដែលអនុញ្ញាតអោយសហគ្រាស ទីភ្នាក់ងាររដ្ឋាភិបាល និងសូម្បីអ្នកប្រើប្រាស់ជាលក្ខណៈបុគ្គល សម្តែងចេញនូវសក្តានុពលពេញលេញរបស់ខ្លួន។

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei Cloud បានបើកដំណើរការសេវាកម្មបច្ចេកវិទ្យាក្លោដ​ចំនួន ២៤៨ ផ្សេងគ្នា មាន API សរុបច្រើនជាង ៧ម៉ឺន៨ពាន់ API មានដៃគូសហការជាង ៤ម៉ឺន១ពាន់នាក់ មានអ្នកសរសេរកូដកុំព្យូទ័រប្រមាណ ៤លាននាក់ ជុំវិញពិភពលោក និងបានបង្កើតកម្មវិធីជាង ១ម៉ឺន ដែលអាចទាញយកបានតាម KooGallery ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Huawei Cloud ក៏បាននិងកំពុងបណ្តុះទេពកោសល្យធនធានមនុស្សក្នុងប្រទេសកម្ពុជា តាមរយៈការសហការជាមួយសមាគមក្រុមហ៊ុនបង្កើតថ្មី (start-up) ក្នុងវិស័យបច្ចេកវិទ្យា ដែលមានគោលដៅកសាងសមត្ថភាពសម្រាប់យុវជនមានទេពកោសល្យក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ ៥០០នាក់។ ក្រុមហ៊ុន Huawei Cloud កំពុងធ្វើការរួមគ្នាជាមួយនឹងដៃគូនានារបស់ខ្លួន ដើម្បីរួមចំណែកក្នុងដំណើរឌីជីថលនីយកម្មរបស់សហគ្រាសនៅកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសប្បនិម្មិត្ត (AI) បច្ចេកវិទ្យាប្លុកឆេន (Blockchain) ទិន្នន័យយក្ស (Big Data) និង 5G ជាដើម។ យើងកំពុងបណ្តុះធនធានមនុស្សនៅកម្ពុជា ដូចជា អ្នកជំនាញបង្កើតកម្មវិធី អ្នកជំនាញខាងទិន្នន័យ អ្នកជំនាញខាងសរសេរកូដ (algorithm) និងអ្នកជំនាញខាងបង្កើតម៉ូដែល ជាដើម។

 Photo 2023 06 05 17 44 43

Photo 2023 06 05 17 44 42

តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន អ៊ីហ្ស៊ីខម ក្រុមហ៊ុន Huawei Cloud អាចនាំយកបច្ចេកវិទ្យាសេវាកម្ម និងចំណេះជំនាញបច្ចេកទេស ដែលជួយគាំទ្រដល់វិស័យជាច្រើនក្នុងប្រទេសកម្ពុជា រួមមានដូចជា វិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) វិស័យពាណិជ្ជកម្ម វិស័យសាធារណៈ វិស័យដឹកជញ្ជូន វិស័យកម្មន្តសាល និងវិស័យអប់រំ ជាដើម ដើម្បីលើកស្ទួយប្រទេសកម្ពុជាអោយកាន់តែជឿនលឿនក្នុង បច្ចេកវិទ្យាឌីជីថល។

ក្នុងកម្មវិធីសម្ពោធដ៏ឱឡារិកនេះ ក៏មានការអញ្ជើញវាគ្មិនពិសេសៗពិភាក្សាជុំវិញប្រធានបទ “ការជំរុញដំណើរអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា” ផងដែរ។ ក្នុងអំឡុងកិច្ចពិភាក្សា វាគ្មិនកិត្តិយសបានរៀបរាប់ និងណែនាំដំណោះស្រាយសម្រាប់បញ្ហាប្រឈមក្នុងអាជីវកម្ម ដែលថ្នាក់ដឹកនាំ ក្រុមហ៊ុនជាច្រើនឧស្សាហ៍ជួបប្រទះ។ បញ្ហាភាគច្រើនគឺអាចដោះស្រាយបានដោយប្រើបច្ចេកវិទ្យាសមស្រប។ តាមរយៈសេវាកម្ម Huawei Cloud អតិថិជនអាចតភ្ជាប់ VPC ឆ្លងតំបន់ គ្រប់គ្រងស៊ឺវឺក្លោដទាំងអស់ ដោយប្រើកម្មវិធីតែមួយ ស្វែងរកនិងដោះស្រាយបញ្ហាសន្តិសុខបណ្តាញយ៉ាងងាយស្រួល និងឆាប់រហ័សតាមរយៈ HSS Console (សេវាការពារសន្តិសុខបណ្តាញ)។ លើសពីនេះទៀត ក្រុមហ៊ុនអាជីវកម្ម ដែលត្រូវការពង្រីកការតភ្ជាប់ អាចប្រើប្រាស់បច្ចេកវិទ្យា FTTR ថ្មី គឺកាន់តែខ្លាំង និងអនុញ្ញាតអោយ មានការតភ្ជាប់រវាងឧបករណ៍ ចំនួនដល់ទៅ ៣០០គ្រឿង ក្នុងពេលដំណាលគ្នា ដែលជាចំនួនកើនឡើងទ្វេ ដងធៀបនឹងបច្ចេកវិទ្យាជំនាន់ចាស់។

ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន អ៊ីហ្ស៊ីខម ប្តេជ្ញាអភិវឌ្ឍខ្លួនអោយក្លាយ ជាក្រុមហ៊ុន ផ្គត់ផ្គង់សេវាឈានមុខគេ ដែលដើរតួជាកាតាលីករជំរុញនវានុវត្តន៍ឌីជីថលនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។

 Photo 2023 06 05 17 44 39

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន អ៊ីហ្ស៊ីខម បានមានប្រសាសន៍សង្កត់ធ្ងន់ថា “ក្រុមហ៊ុន Huawei Cloud ក៏ជាតំណាងអោយវឌ្ឍនភាពសំខាន់មួយក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថលរបស់ប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងបច្ចេកវិទ្យា ទំនើបចុងក្រោយរបស់ខ្លួន ក្រុមហ៊ុន Huawei Cloud នឹងរួមចំណែកទ្រទ្រង់ដល់ការផ្ទុកទិន្នន័យ គណនាទិន្នន័យ និងវិភាគទិន្នន័យប្រកបដោយគុណភាពខ្ពស់ ដែលអនុញ្ញាតអោយសហគ្រាសនៅកម្ពុជា ទាញយកផលប្រយោជន៍ពីសក្តានុពលរបស់ “ទិន្នន័យយក្ស” (Big Data) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញនវានុវត្តន៍ និងឧត្តមភាពប្រតិបត្តិការកាន់តែអស្ចារ្យ។”លោកស្រីបានបន្តទៀតថា “លើសពីនេះ យើងបន្តផ្តោតលើការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនអតិថិជន ដែលធ្វើអោយអតិថិជនជាច្រើនមាន ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់សេវាកម្មរបស់យើង។”

Photo 2023 06 05 17 44 35

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia