បន្ទាប់ពីចុះហត្ថលេខាលើការគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) រួចនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាអាចនឹងមានផ្លូវល្បឿនលឿនខែ្សរទី៤ បន្ទាប់ទៀតដោយតភ្ជាប់ពីភ្នំពេញទៅតាមបណ្ដាលខេត្តនានាជុំវិញព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា “ បើមាន៣ អាចនឹងមាន៤ហើយ ចឹងខ្ញុំបិទភ្នែកស្រមៃ( ផ្លូវល្បឿនលឿនទី៤) ថាអាចពីភ្នំពេញ ទៅក្រចេះ ទៅស្រុកស្នួល ទៅមណ្ឌលគីរី ទៅសែនមនោរម្យ ចេញទៅកោះញ៉ែក ទៅបាន់ឡុង ហើយត្រឡប់មកស្ទឹងត្រែង ទៅអូរពងមាន់ រួចទៅព្រះវិហារដោយ តមកសៀមរាប រួចត្រឡប់មកភ្នំពេញវិញ”។
ក្នុងនោះដែរឯកឧត្តមបានបន្ថែមថា “គម្រោងរបស់យើងគឺមានផែនការចឹងមែន គឺថាជុំទូទាំងប្រទេសយើង ដោយសារផ្លូវជាតិលេខ៥ ក៏មាន៤គន្លងហើយដែរ។ ចឹងថ្ងៃក្រោយជុំវិញប្រទេសយើង យើងធ្វើដំណើរតាមផ្លូវល្បឿនលឿន របស់យើង”៕
អត្ថបទដោយ៖ ឌឿក ស្រីនុត