យោងទៅតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញឱ្យឃើញថា ចន្លោះពីឆ្នាំ២០២៣-២០៣៣ កម្ពុជាមានគម្រោងសាងសង់ផ្លូវល្បឿនលឿន ៩ខ្សែ ដោយត្រូវការទុនសរុប ៧១៧៣,៦៩លានដុល្លារ។
ក្នុងបញ្ជីគម្រោងដឹកជញ្ជូនអន្តរមធ្យោបាយដដែលនេះ ក៏បានបង្ហាញផងដែរថា គម្រោងផ្លូវល្បឿនលឿន៩ខ្សែនេះ បែងចែកជា២ដំណាក់កាល ដោយរយៈពេលខ្លី ឆ្នាំ២០២៣-២០២៧ គឺមានចំនួន៤ខ្សែ ត្រូវការទុន៤១៨៤,៨១លានដុល្លារ និងរយៈពេលវែងឆ្នាំ២០២៨-២០៣៣ នឹងមានផ្លូវល្បឿនលឿនចំនួន ៥ខ្សែបន្ថែម ដោយត្រូវការទុន ២៩៨៨,៨៨លានដុល្លារ។
គួរបញ្ជាក់ផងដែរថា ផែនការមេនេះ មានផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ដឹកជញ្ជូនតាមផ្លូវទន្លេ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ភស្តុភារកម្ម និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាមេរិក។
ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងភស្ដុភារកម្ម ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕