ពីមួយជំនាន់ទៅមួយជំនាន់ចំនួនអ្នកចាប់អារម្មណ៍ចង់រកចេញស៊ីកាន់តែច្រើនឡើងៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅមានអ្នកលក់មួយចំនួនលក់ដឹងត្រឹមតែ មានគេទិញក៏លក់ទៅ អត់ក៏អត់ទៅ។ ទាំងនេះជាសញ្ញាអាសន្នមួយបើអ្នកនៅតែបន្តធ្វើវាអត់កែរ ដូច្នេះហើយថ្ងៃនេះអ្នកជំនាញមកបង្ហើបរបៀបចាក់គ្រឹះរឹងមាំ៣ អតិថិជនប្តូរចិត្តពីយើងមិនរួច។
១. តាំងខ្លួនជាអ្នកដោះស្រាយបញ្ហា៖ ត្រង់ចំនុចនេះ លោក ស៊ូ សាវឿន ដែលត្រូវបានគេស្គាល់ថាជា គ្រូបង្វឹកឆ្នើមផ្នែកលក់ មួយរូបបានលើកឡើងថា កំុតាំងខ្លួនជាអ្នកលក់ តែត្រូវតាំងខ្លួនជាអ្នករកដំដោះស្រាយជូនភ្ញៀវ។ ជាការពិតណាស់ភ្ញៀវប្រៀបបានជាអ្ន្មកជំងឺ ពួកគាត់មករកយើងមានន័យថាគាត់ត្រូវការអ្វីពីយើងមួយហើយ ឬឈឺកន្លែងណាមួយហើយ ដូច្នេះអ្នកត្រូវតាំងចិត្តស្តាប់គាត់ថាគាត់កំពុងមានជំងឺអ្វី ទើបងាយស្រួលក្នុងការផ្សំថ្នាំជូនគាត់ ហើយនៅពេលដែលអ្នកជំងឺហូបទៅត្រូវ នោះគាត់នឹងលែងទៅណាចោលអ្នកហើយ។
២.ដាច់ខាតមិនឈ្លោះជាមួយភ្ញៀវ៖ ក្នុងនាមជាអ្នកលក់ដែលពូកែរ ត្រូវចាំថា ឈ្លោះជាមួយភ្ញៀវគឺខាតទាំងភ្ញៀវខាតទាំងផលិតផល ហើយបើគិតរឿងសិលធម៌វិញមិនសូវល្អមើលឡើយ ពេលជួបភ្ញៀវពិបាកៗ ព្យាយាមធ្វើចិត្តត្រជាក់បំផុត ធ្វើការសម្រួលដោយសន្តិវិធី ចាត់ទុកភ្ញៀវជាជាស្តេច គ្រាន់តែពាក្យថាសុំទោសកុំខ្លាចក្នុងការនិយាយទៅកាន់ភ្ញៀវ។
មួយវិញទៀតនៅពេលដែលយើងព្យាយាមសម្រួលអស់ហើយពេលនេះ ថ្ងៃក្រោយគាត់នឹងនឹកឃើញយើងជាពុំខាន ដូច្នេះធ្វើជាអ្នកលក់ត្រូវរៀនអត់ធ្មត់ ហើយធ្វើចិត្តត្រជាក់ឱ្យបានច្រើនទើបអាចទាញអតិថិជនបាន ព្រោះអតិថិជនចិត្តខុសគ្នាទាំង១០០នាក់ ។
៣. ចរិកអ្នកលក់៖ ចរិកអ្នកលក់ពិតជាសំខាន់ ភ្ញៀវទិញឬមិនទិញអាស្រ័យលើចរិកអ្នកលក់ បើអ្នកលក់សំដីយ៉ាប់ មុខមិនឱ្យក្រោយមិនមើល មិនយូរទេអាជីវកម្មដួលឯង។ អ្នកត្រូវចាំថា មនុស្សម្នាក់ៗមិនចេះតែមានអារម្មណ៍សប្បាយចិត្តតែរហូតទេ ក៏មានថ្ងៃខ្លះសប្បាយ និងថ្ងៃខ្លះពិបាកចិត្ត ម៉ូម៉ៅដែរ ប៉ុន្តែជាអ្នកលក់មិនអាចជះអារម្មណ៍មិនល្អទៅកាន់ភ្ញៀវនោះទេ។ អ្នកលក់មានជម្រើសតែមួយគត់គឺ ញញឹមជានិច្ចមិនថាស្ថិតនៅក្នុងស្ថានការណ៍ណាក៏ដោយ ហើយចេះរាក់ទាក់ជាមួយអតិថិជន ព្រោះអតិថិជនយកលុយទៅទិញមិនមែនទៅសំុអ្នកទេ។