កំពូលមហាសេដ្ឋី Elon Musk គ្រោងយកដី៣,៥០០ ហិកតាដើម្បីសង់ប្រមាណបុរី១០០ខ្នង ទុកជួលឱ្យបុគ្គលិករបស់ខ្លួនដែលកំពុងបម្រើការក្នុងក្រុមហ៊ុន Boring Co., Tesla និង SpaceX ដោយក្នុងមួយផ្ទះមានតម្លៃជួលប្រហែល ៨០០ដុល្លារ/មួយខែ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal កាលពីថ្មីៗកន្លងទៅនេះ។
យោងតាមប្រភពខាងលើបានឱ្យដឹងថា លោក Elon Musk និងក្រុមហ៊ុនរបស់គាត់គឺមានដី ៣,៥០០ ហិកតាក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលគ្រោងនឹងសាងសង់បុរីទុកឱ្យបុគ្គលរបស់គាត់ជួល សម្រាប់រស់នៅ និងធ្វើការ។
ដោយឡែកនៅក្នុងគម្រោងបុរីដែល Elon Musk ដាក់ឈ្មោះថា Snailbrook នេះ អ្នកជួលនឹងទទួលបាននូវអាងហែលទឹក១ កន្លែងលែងកីឡា សាលារៀន Montessori សម្រាប់ក្មេងៗ កន្លែងបោះឆ្នោត បន្ទប់គេង២ ទៅ៣ និងអត្ថប្រយោជន៍ទទួលបានជាច្រើនទៀត។
គូសបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះមានបុគ្គលិករបស់លោក Elon Musk ជាច្រើននាក់ហើយ ដែលបានកក់បុរីនេះ ដោយតម្លៃវិញគឺក្រោមទីផ្សារ ក្នុងសហរដ្ឋអាមេរិក ហើយមូលហេតុដែលលោកសាងសង់បុរីនេះឡើង ក៏ព្រោះតែនៅតំបន់នោះ មានបុគ្គលិកលោករស់នៅច្រើនជាងតំបន់រោងចក្រផ្សេងទៀត៕
អត្ថបទដោយ៖ ឌឿក ស្រីនុត