មានបញ្ហាបំណុលហើយខ្លាចខូច CBC អ្នកជំនាញប្រាប់រឿង៣អ្នកគួរធ្វើដើម្បីកុំឲ្យមានអារម្មណ៍តានតឹង
Toeuy HongNOVEMBER 28 2024505 views

បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងរស់នៅជាមួយបញ្ហាបំណុលហើយក៏មានការព្រួយបារម្ភខ្លាចខូចឈ្មោះក្នុងប្រព័ន្ធCBC ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការខ្ចីលុយនាពេលអនាគត។ ទាក់ទងនឹងបញ្ហាបំណុលនេះដែរ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចែករំលែករឿង៣ដែលគួរធ្វើដើម្បីចៀសវាងអារម្មណ៍តានតឹងព្រោះបញ្ហាបំណុល។

 

១. គួរស្វែងយល់ពីទ្រឹស្តីហេតុ និងផលអោយបានច្បាស់៖

ត្រូវដឹងថាបំណុលជាអាវុធមុខពីរ។ បើប្រើត្រូវគឺនាំមកនូវភាពចំរុងចំរើន បើប្រើខុសនាំមកនូវការខាតបង់ និងអាចក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុុដ៏ធ្ងន់ធ្ងរផងដែរ។ ឬកត្តាខាងក្រៅដូចជាបញ្ហាសេដ្ឋកិច្ចសកលក៏អាចនាំមកនូវការខាតបង់ដែរ។ ហេតុដែលនាំអោយខាតបង់បែបណានោះគឺត្រូវទទួលស្គាល់ និងទទួលយក បើមកពីកត្តានៃការប្រើប្រាស់បំណុលមិនបានត្រឹមត្រូវ គួររៀនសូត្រពីបទពិសោធន៍មិនល្អ និងកែប្រែវា។ បើមកពីកត្តាខាងក្រៅ ត្រូវទទួលស្គាល់ថាអ្វីៗក៏មិនទៀងទាត់ដែរ យើងគ្មានសមត្ថភាពអាចបញ្ជារឬកែប្រែកត្តាខាងក្រៅបាននោះទេ។

 

២. គួរទទួលយកនូវបញ្ហាដែលកើតឡើង៖

បន្ថែមលើការទទួលស្គាល់ និងទទួលយកថាជាកំហុសឆ្គងរបស់ខ្លួនដែលមិនបានប្រើប្រាស់បំណុលអោយបានត្រឹមត្រូវ ឬជាកត្តាខាងក្រៅដែលមិនអាចកែប្រែបាន ក៏គួរបើកចិត្តអោយទូលាយហើយយល់ពីរូបភាពរួមនៃជីវិតបើទោះជាខូចឈ្មោះក្នុងប្រពន្ធ័កត់ត្រាCBC មិនអាចខ្ចីបុលបាន ឬលំបាកក្នុងការខ្ចីបុលបាននាពេលអនាគត។ ត្រូវយល់ថាវាជារឿងធម្មតា ជីវិតកើតមកទទេ ទៅវិញក៏ទទេ ហេតុអ្វីត្រូវខ្វល់ខ្វាយរឿងការលំបាកខ្ចីបុល ឬខ្ចីបុលមិនបាននោះ? មានដើមទុន ឬធនធានប៉ុណ្ណាគឺច្នៃដើមទុន ឬធនធានប៉ុណ្នឹងដើម្បីបន្តបង្កើតភាពចំរុងចំរើនតទៅទៀតតាមលទ្ធភាពទៅ។ បើទោះជាមិនមានបញ្ហាខូចឈ្នោះក្នុងប្រពន្ធ័CBC ក៏គង់តែដល់អាយុមួយដែលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឈប់អោយខ្ចីដែរ។

 

៣. ចៀសវាងដាច់ខាតក្នុងការខ្ចីបុលបំណុលដែលមានការប្រាក់ខ្ពស់ខ្លាំងពីប្រភពក្រៅផ្លូវការដើម្បីទៅសងបំណុលផ្លូវការដែលមានការប្រាក់ទាបដែលអាចជាមូលហតុនាំមកនូវបំណុលវ័ណ្ឌក៖

គឺគប្បីព្យាយាមសហការដោះស្រាយជាមួយគ្រឹះស្ថានផ្លូវការអោយអស់ពីលទ្ធភាព។ ប្រសិនបើអ្នកមានការយល់ច្បាស់ពីចំណុចទី១ និងចំណុចទី២ខាងលើ នោះអ្នកប្រាកដជាអាចចៀសវាងបាននូវបញ្ហានៃការខ្ចីបុលពីប្រភពក្រៅផ្លូវការដែលមានការប្រាក់ខ្ពស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia