តើអ្នកជឿទេថាសេដ្ឋីអវកាស Elon Musk អាចបង្កើតរ៉ុក្កែតបានតាមរយៈការអានសៀវភៅ? ជាការពិតណាស់ បើទោះបីជាអ្នកមិនសូវជឿក៏ដោយ ប៉ុន្តែនេះជាអ្វីដែលលោកបានសារភាពពិតៗថា ខ្ញុំអាចបង្កើតរ៉ុក្កែតបាន ដោយសារតែការអានសៀវភៅ។ ត្រង់ចំណុចនេះលោកចង់សម្ដៅថា ការអានជាអ្វីដែលជួយឱ្យលោកមានគំនិតក្នុងការដោះស្រាយបញ្ហាលំបាកខ្លាំង អាចដឹងពីជំហានក្នុងការបង្កើតផលិតផលនានា ដែលសូម្បីតែការស្រាវជ្រាវពីការបង្កើតរ៉ុក្កែតនេះក៏ដោយ។
ធាតុផ្សំបន្ទាប់ដែលជាកាតាលីករជំរុញឱ្យលោកអាចបង្កើតរ៉ុក្កែតបានក្ដៅពីការអានសៀវភៅ គឺលោកបានប្រមូលមនុស្សពូកែៗ មានជំនាញខ្លាំងៗ ជាពិសេសផ្នែករ៉ុក្កែតឱ្យមកជួយលោកបន្ថែម ដែលជួយឱ្យលោកអាចរកឃើញផ្លូវកាន់តែលឿនរហ័ស។ តើអ្វីជាក្បួនអានសៀវភៅ និងរបៀបបង្កើតជំនួញអស្ចារ្យ?
សម្រាប់ការអានសៀវភៅ បើទោះបីជាលោកជាមនុស្សដែលរវល់ខ្លាំងស្ទើរតែគ្មានពេលគេងក៏ដោយ ប៉ុន្តែលោកក៏នៅតែឆ្លៀតក្នុងការអានសៀវភៅ ដើម្បីអាចស្រូបចំណេះដឹងនានាមកបញ្ចូលក្នុងខួរក្បាលផងដែរ។ ជាក់ស្ដែងលោកចូលចិត្តអានសៀវភៅដែលនិយាយអំពីជីវប្រវត្តិបុគ្គល និងវិទ្យាសាស្ត្រ ដែលជួយឱ្យលោកដឹងពីរបៀបគិតរបស់មនុស្សពូកែៗ ដឹងពីរឿងរ៉ាវដែលពួកគាត់ធ្លាប់ឆ្លងកាត់ បញ្ហាប្រឈមនិងដំណោះស្រាយដែលគាត់ធ្លាប់ប្រើជាដើម។
លោកបានសារភាពថា លោកអានទាំងប្រភេទសៀវភៅក្រដាស និងពេលខ្លះលោកអាននៅលើទូរស័ព្ទដៃ iPhone របស់លោកតែម្ដង បើទោះបីជាវាតូច ប៉ុន្តែលោកអាចអានវាបាន។ បន្ថែមពីនោះលោកចូលចិត្តអានដោយប្រើភាពស្រមើស្រមៃឱ្យចេញជារូបភាពផងដែរ ដែលការធ្វើបែបនេះ អាចជួយឱ្យលោកអាចរកឃើញដំណោះស្រាយ គំនិតច្នៃប្រឌិតនានា ដែលភ្នែកមិនអាចមើលឃើញបាន។ នេះហើយគឺគន្លឹះធំៗនៃការអានរបស់លោក។
ក្រឡែកមកមើលពីគន្លឹះក្នុងការបង្កើតជំនួញអស្ចារ្យរបស់លោកវិញ គឺលោកមានរូបមន្តសំខាន់ៗចំនួន ៥យ៉ាងរួមមាន៖
១. ខំធ្វើការឱ្យខ្លាំងៗជាទីបំផុត៖ មូលហេតុដែលធ្វើឱ្យក្រុមហ៊ុនភាគច្រើនរបស់ Elon Musk អាចបង្កើតបាននូវផលិតផលដ៏អស្ចារ្យគឺដោយសារតែលោកបានដាក់ចិត្តដាក់កាយក្នុងការបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្ទើរតែអាចនិយាយបានថា ពេលខ្លះលោកយកជីវិតមកប្ដូរជាមួយនឹងការងាររបស់លោកទៀតផង។
ជាក់ស្ដែងពេលលោកចាប់ផ្ដើមក្រុមហ៊ុនដំបូង លោកមានតែកុំព្យូទ័រតែមួយគ្រឿងគត់ ហើយលោកជាអ្នកសរសេរកូដជារៀងរាល់ថ្ងៃពេញៗម៉ោង ហើយសរសេរវា៧ថ្ងៃក្នុងមួយសប្ដាហ៍។ លោកបានបន្ថែមថា ប្រសិនបើមនុស្សធម្មតាធ្វើការត្រឹម ៥០ម៉ោងក្នុងមួយសប្ដាហ៍ អ្នកត្រូវធ្វើការ១០០ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីអាចបង្កើតនូវក្រុមហ៊ុនអស្ចារ្យបាន។
២. ប្រកាន់គោលការណ៍បង្កើតផលិតផលដ៏អស្ចារ្យ៖ នៅពេលដែលលោកចាប់ផ្ដើមក្រុមហ៊ុនណាមួយ លោកតែងតែប្រកាន់នូវគោលការណ៍មួយដាច់ខាតគឺត្រូវបង្កើតនូវផលិតផល ឬសេវាកម្មដែលអស្ចារ្យជាទីបំផុត។ ដើម្បីអាចបង្កើតនូវផលិតផលដ៏អស្ចារ្យបានអ្នកត្រូវដាក់ចិត្តដាក់កាយសិក្សាស្រាវជ្រាវ និងមើលពីបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយត្រូវរកឱ្យឃើញនូវចំណុចពិសេសអ្វីខ្លះដែលធ្វើឱ្យអតិថិជនសម្រេចចិត្តទិញផលិតផលអ្នក។
៣. ជួលមនុស្សពូកែៗឱ្យធ្វើការ៖ ជាការពិតណាស់ ក្រុមហ៊ុន ឬផលិតផលដ៏អស្ចារ្យប្រាកដជាត្រូវបានបង្កើតឡើងដោយក្រុមមនុស្សអស្ចារ្យដែរហើយ។ អាស្រ័យហេតុដូចនេះហើយបានជាក្រុមហ៊ុនរបស់អ្នកត្រូវតែមានចំណុចពិសេសណាមួយ ដើម្បីអាចទាក់ទាញមនុស្សពូកែៗឱ្យចូលមកក្នុងក្រុមហ៊ុនរបស់អ្នក។
៤. កុំស្ដាប់សំឡេងរំខាន និងចំណាយឱ្យចំណេញ៖ លោកបាននិយាយថាអ្នកត្រូវដឹងច្បាស់ពីគោលដៅរបស់ខ្លួនឯងឱ្យច្បាស់ ហើយកុំសូវស្ដាប់សំឡេងរំខានពីមជ្ឈដ្ឋានជុំវិញខ្លួនខ្លាំងពេក។ បន្ថែមពីនេះ នៅរាល់ពេលដែលអ្នកធ្វើការចំណាយធនធានណាមួយ អ្នកត្រូវប្រាកដថាវាអាចទទួលផលចំណេញមកវិញ។ ផលចំណេញក្នុងន័យនេះលោកសង្កត់ធ្ងន់ទៅលើការចំណាយហើយ វាអាចជួយធ្វើឱ្យផលិតផល ឬសេវាកម្មរបស់អ្នកកាន់តែអស្ចារ្យជាងមុនមួយកម្រិតទៀត។
ជាក់ស្ដែងសម្រាប់ក្រុមហ៊ុន Tesla របស់លោកមិនបានចំណាយពេលវេលាខ្ជះខ្ជាយទៅលើការផ្សព្វផ្សាយខ្លាំងពេកនោះទេ ប៉ុន្តែលោកបានយកធនធានទាំងនោះទៅចំណាយលើផ្នែកឌីហ្សាញ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យផលិតផល ឬសេវាកម្មរបស់គាត់កាន់តែអស្ចារ្យជាងមុនមួយកម្រិតទៀត។
៥. ហ៊ានប្រឈមហានិភ័យ៖ ជាទូទៅដើម្បីអាចទទួលបាននូវសមិទ្ធផលធំ អ្នកត្រូវហ៊ានប្រឈមមុខជាមួយនឹងហានិភ័យផ្សេងៗកាន់តែធំផងដែរ។ យ៉ាងណាមិញ សម្រាប់លោក Elon Musk បានលើកទឹកចិត្តឱ្យអ្នកហ៊ានប្រឈមមុខនឹងហានិភ័យតាំងពីវ័យក្មេងកាន់តែល្អ។ ជាក់ស្ដែងប្រសិនបើអ្នកចង់ចេញមកចាប់ផ្ដើមអាជីកម្មអ្នកអាចចាប់ផ្ដើមពីក្មេងព្រោះប្រសិនបើសំណាងមិនល្អ អាជីវកម្មរបស់អ្នកជួបភាពបរាជ័យអ្នកអាចខាតបង់តែម្នាក់ឯង មិនប៉ះពាល់ដល់គ្រួសារ ឬប្រពន្ធកូនអ្នកនោះទេ។ ជាចុងក្រោយ តើអ្នករៀនសូត្របានមេរៀនល្អៗអ្វីខ្លះពីសេដ្ឋីអវកាស Elon Musk?