កម្ពុជាកំពុងមានផែនការក្នុងការពង្រីកស្ថានីយសាកថ្មឡានអគ្គិសនី ដើម្បីជម្រុញឲ្យពលរដ្ឋនាំគ្នាប្រើប្រាស់ឡានអគ្គិសនីឲ្យបានច្រើន ខណៈបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីតំឡើងស្ថានីយសាកថ្មនេះ។ ជាក់ស្ដែងថ្មីៗនេះក្រសួងសាធារណៈការ បានសិក្សាក្នុងការសាងសង់ស្ថានីយថ្មីមួយទៀតនៅក្នុងខេត្ដសៀមរាប បន្ទាប់ពីបានសាងសង់នៅរាជធានីភ្នំពេញ និងខេត្ដព្រះសីហនុរួចមក។
ការលើកឡើងពីគម្រោងសាងសង់ស្ថានីយសាកថ្មឡានអគ្គិសនីថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងពីធីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយក្រសួងបរិស្ថាន និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងទាំងពីរ និងភាគីពាក់ព័ន្ធ ផងដែរ។
សូមជម្រាបផងដែរថា កន្លងមកក្រសួងបានសាងសង់ស្ថានីយ៍សាកថ្មឡានអគ្គិសនីនេះ នៅតាំងមួយចំនួនរួចមកហើយដោយក្នុងនោះនៅខេត្ដព្រះសីហនុ មានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល ( FURI Times Square Mall ) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ និងនៅភ្នំពេញមាននៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ១ កន្លែង និង ១ កន្លែងទៀត នៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទដោយ: ណើរ ជីណា