អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីល្បាញ និងជាសេដ្ឋីជើងចាស់មួយរូបលោក Dave Ramsey បានលើកឡើងថា៖ «កុំទិញឡានថ្មីជិះឱ្យសោះ ដរាបណាអ្នកមិនទាន់កសាងទ្រព្យសម្បត្តិ ដល់ខ្ទង់១លានដុល្លារ»។
ការលើកឡើងរបស់អ្នកជំនាញរូបនេះគឺចង់មានន័យថា យើងប្រើជីវិតរស់នៅរាល់ថ្ងៃមិនចាំបាច់ខំដេញសេរីឡានថ្មីៗរហូតនោះទេ មានឡានអ្វីជិះឡានហ្នឹងសិនទៅ។ ជាក់ស្ដែងមានមនុស្សជាច្រើន ដែលយល់ច្រឡំថា ការទិញរបស់ថ្លៃៗទុកគឺជាការសន្សំទ្រព្យ។ តាមការពិតទៅមិនមែនគ្រប់របស់ថ្លៃៗទាំងអស់គឺជាទ្រព្យល្អនោះទេ របស់ខ្លះជាទ្រព្យដែលបាត់បង់តម្លៃគ្រប់ពេល ដូចជាឡានជាដើម។
ឡានជាទ្រព្យម្យ៉ាង ដែលកាន់តែប្រើកាន់តែបាត់បង់តម្លៃ ហើយបើអ្នកប្រើវាប្រចាំការរាល់ថ្ងៃ វាក៏នឹងធ្លាក់ថ្លៃខ្លាំងដូចគ្នា។ ឡានតម្លៃថ្លៃកប់ពពកដែលដាក់តាំងលក់នៅក្នុងហ្ការ៉ាស គ្រាន់តែអ្នកទិញ រួចបញ្ជាកង់ឡានឱ្យវិលចេញផុតពីហ្ការ៉ាសភ្លាម វានឹងធ្លាក់ថ្លៃក្លាយជាឡានមួយតឹកវិញភ្លាមតែម្ដង។ ដូច្នេះហើយទើបលោក Dave បញ្ជាក់ថា លុយដែលយើងខំរកមក វាមិនសមនឹងយកទៅចំណាយលើរបស់ទ្រព្យណា ដែលបាត់បង់តម្លៃគ្រប់ពេលបែបនេះនោះទេ។
សេដ្ឋីជើងចាស់រូបនេះបានគូសបញ្ជាក់ផងដែរថា បើអ្នកមិនទាន់មានលទ្ធភាពបង្កើតទ្រព្យសម្បត្តិឱ្យបាន១លានដុល្លារ ឬមិនទាន់មានជីវភាពល្អប្រសើរខ្លាំងទេ អ្នកគួរតែពិចារណាទិញឡានណាដែលមានតម្លៃសមល្មម និងមានគុណភាពសមស្រប អាចបំពេញតម្រូវការប្រើប្រាស់របស់អ្នកទៅគឺបានហើយ៕