រាជរដ្ឋាភិបាលសម្រេចដំឡើងប្រាក់បំណាច់មុខងារ ចំនួន ៤ ម៉ឺនរៀល ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងឆ្នាំ២០២៥។ នេះយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលត្រូវបានដកស្រង់ដោយក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ដូចនេះ ឆ្នាំ ២០២៥ ខាងមុខនេះ បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ នឹងមានស្ថានភាពកើនឡើងដូចខាងក្រោម ៖
បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវបានដំឡើងដល់ប្រមាណ ១ ៣៩៦ ៩៥០ រៀល
បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវបានដំឡើងដល់ប្រមាណ ១ ៤៩៦ ៩៥០ រៀល
បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងដល់ប្រមាណ ១ ៤៨៣ ៩២៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ);
បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងដល់ប្រមាណ ១ ៣៤៦ ៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៤០៥ ០២៧ រៀល។
ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា នឹងត្រូវបានដំឡើងដល់ចំនួន ៧៩០ ០០០ រៀល ។
ទន្ទឹមនេះ សម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះដែរ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន ១០០ ប៊ីលានរៀល សម្រាប់ការបន្តដំឡើងប្រាក់សោធន ជូននិវត្តជន និង ជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាដំឡើងប្រាក់បំណាច់មុខងារ ចំនួន ៤ ម៉ឺនរៀល ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ផងដែរ៕